Saturday, December 22, 2018

សេចក្តីស្នេហា ឬសេចក្តីស្រឡាញ់ជាអ្វី?

សេចក្តីស្រលាញ់គឺជាការដោះដូរតម្រូវការផ្នែកអារម្មណ៍។ វាគឺជាកិច្ចសន្យាអារម្មណ៍ តែមានលក្ខណៈផុយស្រួយ ដ្បិតអីអារម្មណ៍របស់មនុស្សផ្លាស់ប្តូរគ្រប់វិនាទី។ ស្នេហាប្រៀបដូចជាការដាំរុក្ខជាតិមួយដើមដែលទាមទារការថែទាំជាប់ជាប្រចាំ។ រុក្ខជាតិនៃក្តីស្រលាញ់នេះគឺងាយនឹងស្រពោន បើមានភាគីណាមួយបោះបង់ការថែទាំ សូម្បីតែការថែទាំដិតដល់ តែបរិយាកាសមិនល្អ ក៏នៅតែអាចបំផ្លាញរុក្ខជាតិនៃក្តីស្រលាញ់នេះផងដែរ។ ដូច្នេះវាត្រូវការការតាំងចិត្តខ្ពស់ សេចក្តីព្យាយាម និងមានឆន្ទ:ចង់អោយរុក្ខជាតិនៃក្តីស្រលាញ់លូតលាស់ល្អ ថែមទាំងបុគ្គលទាំងពីរមានលក្ខណៈប្រកបដោយសេចក្តីស្រលាញ់ពិត។ បើមិនដូច្នោះទេ គឺស្នេហ៍ប្រែជាទុក្ខហើយ។
ពាក្យកុនភាគចិន១ឃ្លាពោលថា «ទាល់តែផឹកស្រាស្រវឹង បានដឹងថាស្រានោះខ្លាំង ទាល់តែស្រលាញ់ខ្លាំង ទើបដឹងថាស្នេហានោះសំខាន់»។ ស្រលាញ់ជាអារម្មណ៍ដែលបានជាប់ជំពាក់ចិត្តលើនរណាម្នាក់។ ពេលខ្លះស្មានចិត្តខ្លួនឯងមិនត្រូវ ហេតុអ្វីស្រលាញ់គេ ពេលនៅឆ្ងាយពីគេ ហេតុអ្វីនឹកគេខ្លាំងម្លេះ? ទោះបីមាត់ខំប្រាប់ខ្លួនឯងថា កាត់ចិត្តពីគេ តែការពិតចិត្តនៅជាប់ជំពាក់ដដែល ទីបំផុតនៅតែនឹកគេដដែល។ នេះហើយគេហៅថាស្នេហា។ ស្នេហាគឺរកស្មានមិនត្រូវ ពីព្រោះវាទាក់ទងនឹងអារម្មណ៍៕

No comments:

Post a Comment