សិរីសួស្តីគឺមិនមែនកេីតមានដោយសារកាន់បន់ស្រន់នោះទេ គឺកេីត ឡេីងដោយការប្រណិបត្តិកាយសុច្ចរិត វិចីសុច្ចរិត និងមនោសុច្ចរិត។
រាល់ពេលចូលឆ្នាំម្តងៗ ប្រជាពលរដ្ឋខ្មែរតែងតែបន់ស្រន់ សូមអោយគ្រោះកម្ម ឬបញ្ហា ឬទុក្ខសោកទាំងឡាយនៅឆ្នាំចាស់ចាកផុត សូមសុខសិរីសួស្តីកេីតមាន។
តាមជំនឿខ្មែរ សិរីសួស្តីមាន3ប្រការ គឺសិរីសួស្តីពេលព្រឹក គឺស្ថិតលេីមុខ សិរីសួស្តីពេលថ្ងៃត្រង់ គឺស្ថិតលេីទ្រូង និងសិរីសួស្តីពេលយប់ គឺស្ថិតលេីជេីង ដែលទាំងនេះគឺជាន័យធៀប។ ទឹកឬព្រះគង្គាជាគ្រឿងបរិសុទ្ធស្អាត អាចជួយសម្អាតឬជំរះអ្វីៗដែលស្មោកគ្រោក និងគ្រឿងសៅហ្មង។ ទឹកជាគ្រឿងត្រជាក់ត្រជុំ ផ្តល់នូវភាពសុដុមរម្យនា និងសេចក្តីសុខក្សេមក្សាន្ត ពោលគឺទឹកតំណាងសុច្ចរិតភាព។
សិរីសួស្តីទី១(ពេលព្រឹក)ដែលស្ថិតលេីមុខ គឺសំដៅលេីវាចារបស់ខ្លួន វៀរចាកទុច្ចរិត ពោលគឺប្រកាន់ខ្ជាប់វិចីសុច្ចរិត បេីសំដីអាក្រក់ទោះមុខស្អាតប៉ុនណាក៏លែងមានមន្តស្នេហ៍ ពីព្រោះសម្លេងនិងសំដីគឺជាចំណងអារម្មណ៍និងជាមន្តស្នេហ៍ទាក់ទាញរបស់បុគ្គលគ្រប់រូប។
សិរីសួស្តីទី២(ពេលថ្ងៃត្រង់)ដែលស្ថិតលេីទ្រូង គឺសំដៅលេីចិត្តឬការគិតវៀរចាកទុច្ចរិត ពោលគឺប្រកាន់ខ្ជាប់មនោសុច្ចរិត ។ ចិត្តគឺជាស្នូលឬជាមូលដ្ឋាននៃវាចានិងទង្វេី។ ចិត្តឬមនោសុច្ចរិតឬចិត្តត្រជាក់ឬស្ងប់ គឺជាប្រភពនៃក្តីសុខ។
សិរីសួស្តីទី៣(ពេលយប់)ដែលស្ថិតលេីជេីង គឺសំដៅលេីទង្វេីវៀរចាកទុច្ចរិត ពោលគឺប្រកាន់ខ្ជាប់កាយសុច្ចរិត។
សរុបសេចក្តីមក គឺសិរីសួស្តីកេីតមានបានលុះត្រាតែ កាយ(ទង្វេី) វាចា និងចិត្ត(ការគិត) វៀរចាកទុច្ចរិត ពោលគឺត្រូវការកាយសុច្ចរិត វិចីសុច្ចរិត និងចិត្តឬមនោសុច្ចរិត។
តែបេីតាមអត្ថន័យព្រះកេសនៃកបិលមហាព្រហ្ម ដេីម្បីប្រកាន់នូវសុច្ចរិតភាពដោយកាយ វាចា និងចិត្ត គឺត្រូវអនុវត្តនូវព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា សម្រាប់ទាំងខ្លួនឯង និងអ្នកដទៃ។ បែបនេះដេីម្បីអោយជីវិតរស់នៅរបស់យេីងកេីតមានសិរីសួស្តីទៅបាន គឺត្រូវប្រណិបត្តិព្រហ្មវិហារធម៌។
តេីព្រហ្មវិហារត្រូវប្រណិបត្តិយ៉ាងដូចម្តេច?
១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។ ឬសគល់នៃមេត្តាគឺការអោយតម្លៃ។ បេីមិនមានការអោយតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកេីតមានឡេីយ។ ការអោយតម្លៃមាន២គឺ ការអោយតម្លៃខ្លួនឯង និងការអោយតម្លៃអ្នកដទៃ។ នៅពេលបុគ្គលអោយតម្លៃខ្លួនឯង គឺមានមេត្តាអោយខ្លួនឯង និងនៅពេលអោយតម្លៃអ្នកដទៃ គឺមានមេត្តាអោយអ្នកដទៃ។ បែបនេះមេត្តាកេីតមានបានលុះត្រាតែប្រណិបត្តិការអោយតម្លៃ។
២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វេីអោយទុក្ខសោករសាយ។ ករុណាមិនមែនជាការអាណិតឡេីយ។ ការអាណិតមិនអាចជួយអោយទុក្ខសោករសាយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេកនិងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។ ឬសគល់នៃករុណាគឺការយល់ចិត្ត (Empathy)និងការគិតគូរយកចិត្តទុកដាក់(Care)។ បែបនេះករុណាកេីតមានបានលុះត្រាតែប្រណិបត្តិការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់។
៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយេីងស្រលាញ់។ បេីខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡេីយ។ ការមានអារម្មណ៍ល្អអំពីខ្លួនឯង គឺជាគ្រឹះនៃមុទិតា មានន័យថា ធ្វេីអោយខ្លួនឯងមានអារម្មណ៍រំភេីបរីករាយចិត្ត។ បែបនេះមុទិតាកេីតមានបានលុះត្រាតែធ្វេីអោយខ្លួនឯងនិងអ្នកដទៃទទួលអារម្មណ៍រំភេីបរីករាយចិត្ត ដោយកាយក្តី វាចាក្តី ឬចិត្តក្តី។
៤. ឧបេក្ខា មានន័យថា មិនរេីសអេីង ទទួលយក។ ឬសគល់នៃឧបេក្ខាគឺការផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺមិនធ្វេីអោយបារម្ភ ព្រួយ ភ័យ ខ្លាច ពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។ បែបនេះឧបេក្ខាកេីតមានបានលុះត្រាតែផ្តល់ជូនអារម្មណ៍សុវត្ថិភាព។
សរុបសេចក្តីមក ចង់មានសិរីសួស្តីក្នុងជីវិតរស់នៅ ការប្រណិបត្តិព្រហ្មវិហារធម៌សម្រាប់ខ្លួនឯងនិងអ្នកដទៃគឺជារឿងចាំបាច់បំផុត៕
ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ
No comments:
Post a Comment