តម្រូវការអារម្មណ៍ទាំង១០ ដែលគូស្នេហ៍ត្រូវបំពេញអោយគ្នា ដេីម្បីបង្កេីតឱ្យមានសុភមង្គលគ្រួសារ
នៅក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកនិងគូស្នេហ៍សន្យាស្រលាញ់ថ្នាក់ថ្នមគ្នា។ វិធីដ៏ល្អបំផុតដេីម្បីផ្តល់នូវរូបមន្តស្នេហាទាំងនោះគឺត្រូវបំពេញតម្រូវការផ្នែកអារម្មណ៍ដ៏សំខាន់បំផុតទៅវិញទៅមក។ អ្នកចិត្តវិទ្យាអាមេរិកបានស្រាវជ្រាវរកឃេីញថា មានតម្រូវការផ្នែកអារម្មណ៍ចំនួន១០ ដែល៥មានសារសំខាន់បំផុតចំពោះបុរស និង៥ទៀតមានសារសំខាន់បំផុតចំពោះនារី។ តម្រូវការផ្នែកអារម្មណ៍ទាំងនោះមានដូចតទៅ:
១. ការសម្តែងចេញនូវក្តីស្រឡាញ់: យោងតាមចិត្តសាស្រ្តស្នេហា សេចក្តីស្រលាញ់មានធាតុសំខាន់5គឺៈ
- ទី១ ការអោយតម្លៃ: ភាពសំខាន់ ភាពពិសេស
- ទី២ ការយល់ចិត្ត: យល់ពីអារម្មណ៍
- ទី៣ ការគិតគូរយកចិត្តទុកដាក់ៈ សុខទុក្ខទាំងកាយ ចិត្ត ផ្លូវភេទ
- ទី៤ ការផ្តល់អារម្មណ៍សុវត្ថិភាព: មិនខ្លាច ភ័យ ព្រួយ គឺពោរពេញដោយភាពជឿជាក់
- ទី៥ ការផ្តល់អារម្មណ៍ត្រេកអរៈ ធ្វើឱ្យរំភើបរីករាយចិត្ត
ការស្រលាញ់គឺជាសម្តែងចេញនូវមនោសញ្ចេតនាស្នេហា។ ក្តីស្រលាញ់អាចសម្តែងចេញតាមពាក្យសំដី អាកប្បកិរិយាមិនចេញស្តី និងវិធីផ្សេងៗ។ ពាក្យថា "បងស្រលាញ់អូន" គឺជាឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅចំពោះបេះដូងនារី ដែលគាត់តែងតែចង់ឮជាប្រចាំ រៀងរាល់ថ្ងៃ រាល់វេលា ពីមាត់គូស្នេហ៍របស់ខ្លួន។
២. ការបំពេញតម្រូវការផ្លូវភេទៈ នៅពេលអ្នករៀបការ អ្នកនិងគូស្នេហ៍ស្មោះស្ម័គ្រចំពោះគ្នាអស់១ជីវិត បានន័យថា អ្នកបានព្រមព្រៀងធ្វេីជាដៃគូរួមរ័ក្សគ្នា រហូតដល់សេចក្តីស្លាប់ចូលមកបំបែក។ អ្នកបានប្តេជ្ញាចិត្តបែបនេះ ក៏ព្រោះអ្នកមានទំនុកចិត្តលេីគ្នា ក្នុងការបំពេញតម្រូវការកាមគុណ ដែលអាចឆ្លេីយតប និងផ្តល់ជូនអោយគ្នាបាន។
៣. ការសន្ទនា: ការសន្ទនាល្អត្រូវមានចរិតលក្ខណៈដូចតទៅ: (1) ប្រេីប្រាស់វាដេីម្បីបញ្ជូនព័ត៌មាននិងសាកសួរគ្នាទៅវិញទៅមក (2) ផ្តោតយកចិត្តទុកដាក់លេីប្រធានបទដែលមានផលប្រយោជន៍ទាំងសងខាង (3) ធ្វេីអោយការសន្ទនាមានតុល្យភាព លៃយ៉ាងណាអោយមានឱកាសនិយាយស្មេីគ្នា និង(4) ផ្តោតអារម្មណ៍លេីគ្នាទៅវិញទៅមកនៅពេលជជែក។
ការបរាជ័យក្នុងការបំពេញតម្រូវការនេះ គឺនៅពេលដែល(1) គិតតែពីតម្រូវការខ្លួនឯង (2) ការមិនគោរពគ្នាបានស្តែងចេញ (3) មានអារម្មណ៍ខឹង និង (4) នៅពេលការសន្ទនាត្រូវបានប្រេីដេីម្បីគិតពីកំហុសពីអតីតកាលឬបច្ចុប្បន្នកាល។
៤. គូកនកំសាន្ត: ដៃគូដំណេីរកំសាន្តគឺជាកត្តាចម្បងមួយដេីម្បីបង្កេីតឱកាសនិងទាក់ទាញអោយគូស្នេហ៍នៅជួបជុំគ្នា។ វាគឺជាអ្វីដែលទទួលបានរួមគ្នា ហេីយវាជួយអ្នកទាំងពីរកាន់តែចាប់ចិត្តប្រតិព័ទ្ធចំពោះគ្នា។ ដៃគូដំណេីរកំសាន្តជារឿយៗអាចបង្កេីតបានគ្រប់គ្រាន់នូវសមាសភាពស្នេហា ដេីម្បីធ្វេីអោយកេីតមានឡេីងនូវស្នេហារ៉ូមែនទិក។
៥. ការស្មោះត្រង់និងការបេីកចំហ: ការស្មោះត្រង់និងការបេីកចំហ ផ្តល់នូវអត្ថន័យមួយពីសុវត្ថិភាព ហេីយជួយអោយគូស្នេហ៍មានចំណងផ្នែកអារម្មណ៍ដ៏រឹងមាំរវាងគ្នាដែលបំពេញតម្រូវការនោះ។ ការស្មោះត្រង់និងការបេីកចំហ ជួយបង្កេីតការស្រុះស្រួលគ្នាក្នុងជីវិតអាពាហ៍ពិពាហ៍។
៦. ការទាក់ទាញផ្នែករូបសម្បត្តិ: មនុស្សដែលគួរអោយលង់ស្នេហ៍ម្នាក់ មិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេ គឺថែមទាំងអាចបង្វែរអារម្មណ៍របស់អ្នកពីអ្វីៗដែលអ្នកកំពុងធ្វេី។ បែបនេះការថែរក្សារូបសម្បត្តិឬសម្រស់ ក៏ជាកត្តាចាំបាច់ ដេីម្បីទាក់ទាញចំណាប់អារម្មណ៍គូស្នេហ៍ និងលេីកកិត្តិយសនិងគុណតម្លៃនៃគ្រួសារ។
៧. ការផ្គត់ផ្គង់ហិរញ្ញវត្ថុ: ការរកប្រាក់ចំណូលសម្រាប់គ្រួសារគឺជាប្រការចាំបាច់បំផុត។ ការចំណាយចេះតែកេីនឡេីងជាលំដាប់ជាពិសេសគឺនៅពេលដែលមានបុត្រធីតា។ លេីសពីនេះ ការចេះគ្រប់គ្រងការចំណាយគឺកាន់តែសំខាន់ថែមទៀត បែបនេះហេីយបានជាពាក្យចាស់ចែងថា "សក់១សរសៃរច្រៀកជា១០" រួមមានត្រូវចំណាយ១០មុខដូចជា: ការរៀនសូត្រ សុខភាព គ្រឿងសំអាង ការសងគុណ ការធ្វេីទាន ពេលស្លាប់ រក្សាភ្នក់ភ្លេីង៣ ការសន្សំ ដេីមទុន ការអោយខ្ចី និងការចំណាយប្រចាំថ្ងៃ។
៨. ការជួយកិច្ចការក្នុងផ្ទះៈ ការជួយកិច្ចការក្នុងផ្ទះសំដៅធានាដល់ការបង្កេីតបរិយាកាសដ៏សុខដុមរម្យនាក្នុងផ្ទះសម្បែង និងរៀបចំចាត់ចែងយ៉ាងល្អដូចជា: ចំអិនអាហារ បោកអ៊ុតសំលៀកបំពាក់ បោស លាង សំអាត និងថែទាំបុត្រធីតា។ នៅពេលគូស្នេហ៍របស់អ្នក បានបំពេញកិច្ខការទាំងនេះ អ្នកទទួលអារម្មណ៍ពេញចិត្ត។ ជាធម្មតាអាពាហ៍ពិពាហ៍ប្រារព្វឡេីងដោយសុឆន្ទៈនៃគូស្នេហ៍ ដេីម្បីចែករំលែកការទទួលខុសត្រូវកិច្ចការក្នុងផ្ទះ។
៩. ការប្តេជ្ញាចិត្តដេីម្បីគ្រួសារ: វត្តមាននៃបុត្រធីតា ធ្វេីអោយកេីតមានការផ្លាស់ប្តូរ វាគឺជាបំណងប្រាថ្នាទាំងអស់គ្នាទាក់ទងនឹងការចិញ្ចឹមបីបាច់អប់រំបុត្រធីតា។ នៅពេលគូស្នេហ៍របស់ខ្លួនជួយបីបាច់អប់រំបុត្រធីតា ដែលធ្វេីអោយពួកគេមានការអភិវឌ្ឍបានល្អ អ្នកទទួលអារម្មណ៍ពេញចិត្តជាខ្លាំង។
១០. ការសរសេីរលេីកទឹកចិត្ត: គ្រប់មនុស្សតែងមានបំណងប្រាថ្នាចង់អោយមានការគោរព ផ្តល់តម្លៃ និងកោតសរសេីរ ពីគូស្នេហ៍របស់ខ្លួន។ ការសរសេីរគឺជាតម្រូវការមួយ ដែលងាយស្រួលបំពេញបំផុត ត្រឹមតែពាក្យសរសេីរយ៉ាងខ្លី ធ្វេីអោយគូស្នេហ៍អ្នកមានអារម្មណ៍ល្អ។
ជាក់ស្តែង បុរសនារីខ្មែរច្រេីនមានអារម្មណ៍ខ្មាសអៀន អំពីការសម្តែងចេញនូវក្តីស្រលាញ់ និងរឿងផ្លូវភេទ។ ការលាក់អារម្មណ៍ពិតគឺជាការខាតប្រយោជន៍ខ្លួនឯងទៅវិញទេ។ ចំពោះបញ្ហានេះគឺបណ្តាលមកពីកត្តាវប្បធម៌ និងការមិនផ្តល់អារម្មណ៍សុវត្ថិភាពពីគូស្នេហ៍របស់ខ្លួន។ បែបនេះ គូស្នេហ៍ត្រូវផ្តល់អារម្មណ៍សុវត្ថិភាពអោយគ្នាទៅវិញទៅមក ដេីម្បីជួយសម្រួលដល់ការបំពេញតម្រូវការផ្នែកអារម្មណ៍អោយបានគ្រប់គ្រាន់និងពេញលេញ។
សរុបមក គូស្នេហ៍នីមួយៗគួរគិតពិចារណាអំពីការបំពេញតម្រូវការផ្នែកអារម្មណ៍ទាំង១០នេះ ដេីម្បីធានាពីសេចក្តីសុខនិងសុភមង្គលក្នុងគ្រួសារ៕
ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ផ្តល់ប្រឹក្សាវិបត្តិស្នេហា បញ្ហាគ្រួសារ
Facebook: ផ្តល់ប្រឹក្សាវិបត្តិផ្លូវចិត្ត
No comments:
Post a Comment