Monday, May 21, 2018

គតិគួរពិចារណាសម្រាប់អ្នកមិនទាន់រៀបការ

ជាធម្មជាតិរបស់មនុស្ស ពេលផ្តេីមចូលវ័យគ្រប់ការ មនោសញ្ចេតនាស្នេហាចាប់ផ្តេីមមានតម្រូវការ ឯអារម្មណ៍ផ្លូវភេទក៏ចាប់ផ្តេីមមាននិងមានតម្រូវការអោយបំពេញផងដែរ។


ជារឿងត្រឹមត្រូវ ធម្មជាតិរបស់មនុស្សបង្កេីតមកអោយជីវិតមានគូ។ បច្ចុប្បន្នដោយសារសេរីភាពបេីកទូលាយ គូស្នេហ៍មានទាំងភេទផ្ទុយគ្នា ​និងគូស្នេហ៍ភេទដូចគ្នា ពោលគឺប្រុសស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ទាំងស្រីឬប្រុស និងប្រុសស្រលាញ់ទាំងប្រុសឬស្រី។ វិបត្តិស្នេហាមិនថាគូស្នេហ៍ប្រភេទណាទេ គឺតែងកេីតមានឡេីង ដោយសារកង្វះការយល់ដឹងអំពីអត្ថន័យនៃពាក្យស្រលាញ់ និងអំពីធាតុនៃក្តីស្រលាញ់ ព្រមទាំងវិធីបំពេញក្តីស្រលាញ់ជូនគ្នា(បេីកបេះដូង)។

ជីវិតគឺជាការរៀនសូត្រ។ គ្រប់សកម្មភាពចម្បងៗក្នុងជីវិតគឺត្រូវការការរៀនសូត្រ។ ការដាំស្លក៏រៀន ការធ្វេីការងារក៏រៀន ការតុបតែងខ្លួនក៏រៀន តែជីវិតគូស្រករបែរជាមនុស្សមិនសូវចាប់អារម្មណ៍ និងរៀនសូត្រ។ យុវជន យុវនារីខ្លះក្រោយរៀនចប់មហាវិទ្យាល័យ ឬសកលវិទ្យាល័យ មានការងារធ្វេី ឯខ្លះទៀតរៀនជំនាញវិជ្ជាជីវ: ឬមានមុខរបរ គឺមនុស្សទូទៅរួមទាំងសាមីខ្លួនយល់ថា ដល់វេលាមានគូស្រករ។ ជាការត្រឹមត្រូវ គឺនេះជាវេលាដ៏ល្អសម្រាប់មានគូស្រករ ប៉ុន្តែបញ្ហាត្រង់ថា តេីពួកគេយល់ដឹងពីជីវិតគូស្រករប៉ុនណាហេីយ។ ដោយសារចំណេះដឹងអំពី
គូស្រករ គឺមិនមានសាលាណាបង្រៀនអំពីវា ភាគច្រេីនគឺរៀនតាមការសង្កេតពីមនុស្សដែលមានគ្រួសារហេីយ និងរៀនតាមការអានសៀវភៅឬឯកសារផ្សេងៗ។ ធាតុពិតឯកសារឬសៀវភៅទាំងនោះមិនសូវឆ្លុះបញ្ចាំងអំពីជីវិតជាក់ស្តែងរបស់ខ្លួនឡេីយ។

យុវជនយុវនារីដែលគ្រប់ការតែងគិតនិងយល់ឃេីញថា ជីវិតគូស្រករឬជីវិតរៀបការហាក់ងាយស្រួល ពោលគឺមានលុយកាក់ និងសម្លឹងឃេីញ កូនកម្លោះក្រមុំណាដែលសមសួននឹងខ្លួន ហេីយមានចិត្តប្រតិព័ទ្ធនឹង គ្នា ឬក៏ឪពុកម្តាយឬចាស់ទុំពេញចិត្ត គឺគ្រប់គ្រាន់ហេីយ។ ជាក់ស្តែងជីវិតគូស្រករគឺមិនងាយស្រួលដូចការគិតឡេីយ ពោលគឺស្មុកស្មាញបំផុត។ ការលះបង់ទម្លាប់នៃជីវិតខ្លួនមួយ មកទម្លាប់នៃជីវិតខ្លួនពីរ ព្រមទាំងបន្ទុកផ្សេងៗ គឺត្រូវមានការផ្លាស់ប្តូរយ៉ាងគំហុក។ បុគ្គលមួយចំនួនមានសមត្ថភាពគ្រប់គ្រងនិងដឹកនាំមនុស្សរាប់រយ រាប់ពាន់ រាប់ម៉ឺន និងរហូតរាប់លាននាក់ អាចដោះស្រាយបញ្ហាការងារគ្រប់ជំពូក តែបែរជាជាប់គាំង និយាយមិនចេញ ទល់តម្រិះចំពោះបញ្ហាក្នុងគ្រួសារខ្លួនទៅវិញ។

ជាក់ស្តែង ក្រោយរៀបការបញ្ហាមិនចុះសម្រុងកេីតមានជាហូរហែរ ប្តីប្រពន្ធខ្លះស៊ូទ្រាំមិនបាន ការបន្ទោសគ្នាកេីតមាន រកាំរកូសរកសេចក្តីសុខមិនឃេីញ ចុងបញ្ចប់គឺឆ្ពោះទៅលែងលះ។

ដេីម្បីជួយសម្រួលអោយជីវិតគូស្រករមានដំណេីរការរលូន ការស្វែងយល់និងរៀនសូត្រអំពី:
  - ចិត្តសាស្រ្តបុរសនិងនារីខ្មែរក្នុងសេចក្តីស្នេហា
  - ធាតុនៃក្តីស្រលាញ់ឬស្នេហា (រូបមន្តបេីកបេះដូង)
  - វិធីប្រណិបត្តិធាតុនៃសេចក្តីស្រលាញ់នីមួយៗ
  - វិធីផ្តល់កម្លាំងចិត្ត
  - វិធីគ្រប់គ្រងអារម្មណ៍
  - វិធីដោះស្រាយបញ្ហាក្នុងគ្រួសារ
  - ។ល។ និង។ល។

បែបនេះការស្វែងយល់និងរៀនសូត្រអំពីជីវិតគូស្រករ គឺជារឿងចាំបាច់បំផុត ដេីម្បីអាចបង្កេីតគ្រួសារ១មានសុខចម្រេីននិងសុភមង្គលទៅបាន។

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

No comments:

Post a Comment