Friday, April 5, 2019

សម្បត្តិទាំង៤របស់មនុស្ស

១. រូបសម្បត្តិ
រូបសម្បត្តិ គឺជាសម្បត្តិដ៏អស្ចារ្យបំផុត។ រយៈពេល៩ខែ ១០ថ្ងៃក្នុងផ្ទៃមាតា គឺជាពេលវេលានៃការអភិវឌ្ឍរូបរាងកាយដើម្បីឱ្យមានកាយសម្បទាគ្រប់គ្រាន់ មុនឈានចាកផ្ទៃមករស់នៅក្នុងភពផែនដីនៃមនុស្សលោក។ ការអភិវឌ្ឍនេះគឺប្រព្រឹត្តទៅតាមលំនាំនៃធម្មជាតិ ក៏ប៉ុន្តែតម្រូវឱ្យមានការថែទាំសុខភាពទាំងមាតានិងកូនក្នុងផ្ទៃឱ្យបានល្អ នោះទើបទារកដែលប្រសូត្រមកពេញលក្ខណៈទាំងផ្លូវកាយ និងផ្លូវចិត្ត។
រូបសម្បត្តិគឺប្រព្រឹត្តទៅជាយថាផល ពោលគឺមិនអាចកុម្មង់តាមចិត្តចង់នោះឡើយ។ តម្រូវការចំនួនបី គឺតម្រូវការផ្លូវកាយ តម្រូវការផ្លូវចិត្ត និងតម្រូវការសង្គម ទាមទារឱ្យបំពេញដើម្បីឱ្យទារកមានការអភិវឌ្ឍបានល្អ។
កាយសម្បទាគ្រប់គ្រាន់ គឺជាអំណោយផលពីធម្មជាតិដ៏អស្ចារ្យ។ រូបរាងសង្ហារ ឬសម្រស់ស្រស់សោភា គឺជាគុណតម្លៃបន្ថែមរបស់បុគ្គល។

២. វិជ្ជាសម្បត្តិ

វិជ្ជា មានន័យថា សេចក្តីដឹងច្បាស់ ការចេះដឹង ចំណេះ។ ពាក្យចាស់បុរាណពោលថា៖ «វិជ្ជាចោរលួចមិនបាន»។ ចំណេះដឹងគឺទទួលបានទាំងក្នុងសាលា (ផ្លូវការ) និងនៅក្រៅសាលា (ក្រៅផ្លូវការ)។ មនុស្សគ្រប់រូបគឺតែងត្រូវការចំណេះវិជ្ជា ដើម្បីយកមកជាទុនសម្រាប់ចិញ្ចឹមជីវិត និងសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាក្នុងជីវិតរស់នៅ។ វិជ្ជាគឺទទួលបានពីការរៀនសូត្រ។ ការរៀនសូត្ររបស់មនុស្សយើង គឺមិនចេះហួសពេលនោះទេ។ ប៉ុន្តែត្រឹមការរៀនសូត្រគឺនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ គឺត្រូវការអនុវត្ត ដូចពាក្យចាស់ថា៖ «ប្រាជ្ញាបុណ្យផងកើតដោយប្រណិបត្តិ»។

ក្រៅពីមានមុខជំនាញអាជីព ដេីម្បីជោគជ័យគឺមនុស្សត្រូវមានជំនាញបន្ថែមគឺ: ជំនាញទំនាក់ទំនង(social skill)។
 
៣. ចរិយាសម្បត្តិ

ចរិយាសំដៅលើការប្រព្រឹត្ត។ ការនិយាយស្តី និងទង្វេីគឺឆ្លុះបញ្ចាំងពីចិត្ត។ អារម្មណ៍មនុស្សស្តែងចេញតាមរយ:ទឹកមុខ រលកសម្លេង។ ពាក្យខ្មែរ១ឃ្លាចែងថា: "ស្រីស្អាតនឹងចរិយា" មានន័យថា ការប្រព្រឹត្តរបស់មនុស្សស្រីជាគ្រឿងទាក់ទាញឱ្យមានការចាប់ចិត្តប្រតិព័ទ្ធស្នេហា។

ក្នុងជីវិតរស់នៅ មនុស្សម្នាក់មានតួនាទីផ្សេងៗ ដូចជា៖ ជាប្តីឬប្រពន្ធផង ជាឪពុកឬម្តាយផង ជាមន្រ្តីផង ជាកូនផង ជាចៅផង ជាចៅទួតផង ជាបងផង ជាប្អូនផង ជាពូឬមីងផង...។ ការស្គាល់ពីតួនាទីរបស់ខ្លួនច្បាស់ គឺជាកត្តាមិនអាចខ្វះបាន ហើយបំពេញតួនាទីនោះបានយ៉ាងខ្ជាប់ខ្ជួន នោះជាបច្ច័យនាំមកនូវសេចក្តីសុខចម្រើនក្នុងសង្គមរស់នៅ។

៤. ទ្រព្យសម្បត្តិ

ទ្រព្យសំដៅលើធនធាន វត្ថុ ដែលខ្លួនមានសម្រាប់តម្រូវការក្នុងជីវិតរស់នៅ។ ទ្រព្យសម្បត្តិដែលទទួលបានដោយផ្លូវសុច្ចរិតពីចំណេះវិជ្ជា ឬប្រាជ្ញារបស់ខ្លួន គឺជាទ្រព្យដ៏វិសេស។
ទ្រព្យសម្បត្តិគឺជួយសម្រួលដល់ជីវិតរស់នៅឱ្យរលូន។

សម្បត្តិទាំង៤ខាងលើនេះ គឺជួយលើកតម្លៃមនុស្ស។ មនុស្សយើងរស់នៅដោយមិនអាចខ្វះសម្បត្តិ មួយណានោះឡើយ។ សម្បត្តិបី គឺរូបសម្បត្តិ វិជ្ជាសម្បត្តិ និងចរិយាសម្បត្តិ គឺជាសម្បត្តិដែលជាប់នឹងខ្លួន។ ឯទ្រព្យសម្បត្តិគឺជាសម្បត្តិក្រៅខ្លួន។

ស៊ាង លាប
អ្នកចិត្តសាស្រ្ត

No comments:

Post a Comment