Monday, May 21, 2018

លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសគូស្នេហ៍ ឬគូស្រករ

ការមិនយល់ច្បាស់នៃតម្រូវការបេះដូង និងតម្រូវការខួរក្បាល គឺប្រឈមនឹងកង្វះក្តីសុខសុភមង្គលក្នុងគ្រួសារ។


ការជ្រើសរើសគូស្នេហ៍គឺផ្អែកលើមូលដ្ឋានចម្បង២គឺ ១. តម្រូវការខួរក្បាល ២. តម្រូវការបេះដូង។ ក្នុងសម័យកាលមុន ប្តីប្រពន្ធភាគច្រើនលើសលប់ គឺកើតចេញពីការរៀបចំទុកដាក់ពីឪពុកម្តាយ នៅក្នុងនោះ កូនកម្លោះក្រមុំខ្លះមិនដែលទាំងស្គាល់មុខគ្នាផង។ អាពាហ៍ពិពាហ៍បែបនេះ គឺជាការជ្រើសរើសគូស្នេហ៍ដោយប្រើតម្រូវការខួរក្បាល។ កាលពីសម័យមុន មានគូស្នេហ៍តិចតួចប៉ុណ្ណោះដែលជ្រើសរើសដោយប្រើបេះដូង ដែលគេហៅថាក្តីស្រលាញ់ចិត្តនឹងចិត្ត។ ឯសេចក្តីសុខរបស់មនុស្សយេីងគឺស្ថិតលេីបេះដូង។

សំគាល់:  អ្នកធំ               >>> អាងអំណាច
              អ្នកមាន       ​​​    >>> អាងទឹកលុយឬទ្រព្យ
              អ្នករៀនសូត្រ    >>> អាងចំណេះឬជំនាញ
ការអាងនេះជាគុណតម្លៃដែលបណ្តុះចរិតមនុស្សអោយឃ្លាតចាកឆ្ងាយពីតម្រូវការបេះដូង។

តើតម្រូវការខួរក្បាលមានអ្វីខ្លះ? តើតម្រូវការបេះដូងមានអ្វីខ្លះ?

១. តម្រូវការខួរក្បាល
ទិដ្ឋភាពនៃតម្រូវការខួរក្បាល គឺផ្តោតសំខាន់តែលើវិធីសម្រួលជីវិតរស់នៅឲ្យរលូន។ សម្រាប់តម្រូវការខួរក្បាល គឺបុរសនារីត្រូវការ៖
- រូបសម្បត្តិៈ សម្រស់យ៉ាងដូចម្តេច? ស្អាត... សង្ហារ...
- កម្រិតវប្បធម៌ៈ រៀនដល់ថ្នាក់ណា មានជំនាញវិជ្ជាជីវៈអ្វី?
- ការងារៈ ជាប្រភេទការងារល្អ? ប្រាក់ខែច្រើន?
- បុគ្គលិកលក្ខណៈ ស្លូត សុភាព រមទម្យ កាច...
- វង្សត្រកូលៈ ថ្លៃថ្នូរ? កិត្តិយស?
- កម្រិតជីវភាពៈ ជាគ្រួសារអ្នកមាន អ្នកមធ្យម?
- តួនាទីឬអំណាចៈ ឋានៈបូន្យស័ក្តិកម្រិតណា?
- វ័យៈ ក្មេង ចាស់...
- ភិនភាគៈ សម្បុរ? កំពស់?
- ។ល។ និង។ល។

២. តម្រូវការបេះដូង
តម្រូវការបេះដូងគឺមិនទាក់ទងនឹងលុយកាក់ ឬទ្រព្យសម្បត្តិ ឬរូបសម្បត្តិឡេីយ ពោលគឺបេះដូងត្រូវការក្តីស្រលាញ់ពិត។ អាហារ5យ៉ាងដែលផ្សំគ្នាធ្វេីអោយផុសអារម្មណ៍ស្រលាញ់គឺៈ

ទី១ ឲ្យតម្លៃៈ តម្លៃមានន័យថា ភាពសំខាន់ ភាពពិសេស។ ការឲ្យតម្លៃមានន័យថា កាយ វាចា និងចិត្តរបស់ខ្លួន ធ្វើអោយដៃគូទទួលអារម្មណ៍ថា គាត់សំខាន់ គាត់ពិសេស មិនអាចរស់នៅដោយមិនមានគាត់ឡើយ។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា ខ្លួនមានតម្លៃ។

ទី២ យល់ចិត្តឬយល់អារម្មណ៍ៈ យល់ចិត្តមានន័យថា ជាសមត្ថភាពនៃការយល់អារម្មណ៍ដៃគូរបស់ខ្លួន ជាការដាក់ខ្លួនយើងទៅក្នុងស្ថានភាពដៃគូ តាមទស្សនៈយល់ឃើញរបស់ដៃគូ តើដៃគូមានអារម្មណ៍ដូចម្តេច? ឧ. ពេលដៃគូមានអារម្មណ៍អស់កម្លាំងក្រោយពីធ្វើការងាររួច ការនិយាយទៅកាន់គាត់បែបយល់ចិត្តគឺ មើលទៅ ហាក់ដូចជាអស់កម្លាំងខ្លាំងថ្ងៃនេះ។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានអ្នកយល់ចិត្ត។

ទី៣ គិតគូរយកចិត្តទុកដាក់ៈ មានន័យថា គិតគូរពីសុខទុក្ខផ្លូវកាយ សុខទុក្ខផ្លូវចិត្ត និងសុខទុក្ខផ្លូវភេទរបស់ដៃគូខ្លួន ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានអ្នកគិតគូរយកចិត្តទុកដាក់។

ទី៤ អារម្មណ៍សុវត្ថិភាពៈ មានន័យថា មិនធ្វើឲ្យដៃគូមានអារម្មណ៍ខ្លាច ភ័យ ព្រួយ បារម្ភ គឺធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា សុខស្ងប់ ពោរពេញដោយភាពជឿជាក់។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានសុវត្ថិភាព។

ទី៥ អារម្មណ៍រំភើបរីករាយចិត្តៈ ក្នុងជីវិតមនុស្ស សុខនិងទុក្ខជាគូនឹងគ្នា ដូច្នេះត្រូវធ្វើឲ្យដៃគូទទួលអារម្មណ៍រំភើបរីករាយចិត្ត ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានក្តីរីករាយនិងរំភើបចិត្ត។

ការឲ្យអទិភាពតែលើខួរក្បាល តែបេះដូងមិនបើកទទួល >>> បេះដូងខ្វះអាហារ  >>> បេះដូងរីងរៃ និងគ្រាំគ្រា  >>> មានអារម្មណ៍ស្រណោះខ្លួន និងវិប្បដិសារី  >>> ខ្វះក្តីសុខ  >>> ជីវិតអពមង្គល។

ការឲ្យអទិភាពតែលើបេះដូង តែខួរក្បាលមិនទទួល >>> ខួរក្បាលមិនបានបំពេញតម្រូវការ  >>> ជីវិតរស់នៅលំបាកវេទនា >>> មានអារម្មណ៍ស្រណោះខ្លួន និងវិប្បដិសារី  >>> ខ្វះក្តីសុខ  >>> ជីវិតអពមង្គល។

ការឲ្យអទិភាពទាំងខួរក្បាល និងបេះដូង (មហាប្រពៃ) >>> បេះដូងនិងខួរក្បាលបានបំពេញតម្រូវការ >>> បេះដូង និងខួរក្បាល មានសុខភាពល្អ  >>> មានអារម្មណ៍ពេញចិត្តនឹងជីវិតរបស់ខ្លួន និងជីវិតគ្រួសារ >>> ជីវិតមានក្តីសុខ  >>> ជីវិតសុភមង្គល។

ទោះជាយ៉ាងណាក៏ដោយ ដោយសារធម្មជាតិនៃចិត្តគឺផ្លាស់ប្តូរគ្រប់វិនាទី ការពិនិត្យមេីលអំពីគុណតម្លៃស្នូលទាំង៤របស់គូស្នេហ៍ ក៏ជារឿងចាំបាច់ផងដែរ ដេីម្បីជួយធានាអំពីស្ថិរភាពនៃស្នេហាអោយកាន់តែរឹងមាំគឺ:
  - មានការទទួលខុសត្រូវរក្សាចំណងស្នេហ៍
  - មានឆន្ទៈរក្សាចំណងស្នេហ៍
  - មានការប្តេជ្ញាចិត្តឬការតាំងចិត្តខ្ពស់រក្សាចំណងស្នេហ៍
  - មានសេចក្តីព្យាយាមរក្សាចំណងស្នេហ៍

បញ្ជាក់:

*** ការអាណិតមិនមានប្រយោជន៍អីដល់បេះដូងទេ ការអាណិតបានត្រឹមតែធ្វេីអោយមានអារម្មណ៍សង្វេក អាណោចអធម និងស្លុតចិត្តប៉ុណ្ណោះ ដែលធ្វេីអោយថាមពលផ្លូវចិត្តកាន់តែស្រុតចុះថែមទៀត។ ម្យ៉ាងមនុស្សដែលគេអាណិតគឺជាមនុស្សទន់ខ្សោយឬអន់ តែគេមិនដែលចង់បានមនុស្សទន់ខ្សោយយមកធ្វេីជាគូស្នេហ៍នោទេ។ លេីសពីនេះអ្នកអាណិតគេវិញ គឺថាមពលផ្លូវចិត្តស្រុតចុះ ហេីយទទួលអារម្មណ៍ខកចិត្តនិងវិប្បដិសារី។

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

No comments:

Post a Comment