Monday, May 21, 2018

រស់នៅជាមួយគ្នាយូរទៅ ស្រលាញ់គ្នាហេីយ...

មនុស្សចាស់សម័យមុនតែងទូន្មានថា "រស់នៅជាមួយគ្នាយូរទៅ ស្រលាញ់គ្នាហេីយ" តេីការពិតវាបែបនេះមែនដែរឬទេ?


រាល់សកម្មភាពក្នុងជីវិតរស់នៅ គឺត្រូវការរៀនសូត្រ មិនថា មុខរបររកស៊ី ការងារ ឬក៏ការបង្កេីតសេចក្តីសុខក្នុងគ្រួសារនោះទេ។ ការធ្វេីស្រែចំការ កសិករធ្វេីដោយមិនរៀនសូត្រស្វែងយល់ពីរបៀបឬបច្ចេកទេសធ្វេីស្រែនោះទេ ទិន្នផលដែលទទួលបានគឺតាមហ្នឹង មានន័យថា បេីយល់ដឹងពីបច្ចេកទេសអំពីរបៀបធ្វេីប៉ុនណា គឺទិន្នផលដែលទទួលបានគឺបានតាមនោះដែរ។ លេីសពីនេះនៅមិនទាន់គិតដល់គ្រោះធម្មជាតិដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ឬសត្វល្អិតបំផ្លាញផងដែរ។ ជីវិតគ្រួសារគឺមិនខុសពីកសិករធ្វេីស្រែនោះទេ បេីមិនបានរៀនសូត្រស្វែងយល់ទេនោះ ផល(ក្តីសុខ)នឹងទទួលបានតាមនឹងដែរ។

ស្រលាញ់បែបស្នេហា ជាតម្រូវការចាំបាច់បំផុតផ្នែកផ្លូវចិត្ត។ នៅពេលឈានចូលវ័យគ្រប់ការ ទាំងយុវជននិងយុវតីចាប់ផ្តេីមអភិវឌ្ឍមនោសញ្ចេតនាស្នេហា ផ្តេីមទាមទារអោយបំពេញតម្រូវការសេចក្តីស្រលាញ់ ដោយអមទាំងតម្រូវការផ្លូវភេទ។

សេចក្តីស្រលាញ់គឺជាអាហារពិសេសសម្រាប់បេះដូង នៅពេលវាមិនបានទទួល បេះដូងប្រឈមនឹងរីងរៃនិងគ្រាំគ្រា ចុងបញ្ចប់ក៏ពោលពាក្យលួងចិត្តខ្លួនឯងថា "ម្នាក់ឯងមិនស្លាប់ទេ" "ម្នាក់ឯងបានហេីយ"។   នៅពេលងាកទៅឃេីញមិត្តភក្តិមានគូស្នេហ៍ ចំណែកខ្លួនឯងបែរជាឯកោ សែនស្រណោះខ្លួន។

សេចក្តីស្រលាញ់គឺប្រៀបបាននឹងការចម្អិនម្ហូប គឺត្រូវការគ្រឿងផ្សំព្រមទាំងបច្ចេកទេសដាំស្ល។ រសជាតិនៃសម្លគឺស្ថិតនៅលេីអ្នកស្ល និងស្ថិតលេីអ្នកហូប។ អ្នកស្លខ្លះគឺជ្រេីសរេីសរសជាតិតម្រូវចិត្តតែចិត្តខ្លួនឯង ដោយមិនបានតម្រូវចិត្តអ្នកនោះទេ បេីបែបនេះគឺអ្នកហូបត្រៀមរងកម្មអោយហេីយទៅ។

ការប្រេីខួរក្បាលជាគោលក្នុងការជ្រេីសរេីសគូស្រករ គឺបេះដូងប្រឈមនឹងរីងរៃនិងគ្រាំគ្រា ដ្បិតអីខួរក្បាលមានអាហារ តែបេះដូងគឺខ្វះអាហារ ចំណែកឯក្តីសុខគឺស្ថិតនៅលេីបេះដូង។

តាមពិតក្តីស្រលាញ់គឺប្រៀបដូចជាផ្ទះ ពេលឈរពីចម្ងាយ គឺយេីងអាចចង្អុលផ្ទះ តែពេលចូលកាន់តែកៀក គឺចង្អុលអោយចំផ្ទះមិនកេីត ពីព្រោះពេលចង្អុលទៅគឺចំជញ្ជាំង សរសរ ទ្វារ បង្អួច...។ ក្តីស្រលាញ់ក៏ដូចគ្នា បុរសប្រាប់ទៅដៃគូខ្លួនថា "បងស្រលាញ់អូន" ឯនារីប្រាប់ទៅដៃគូខ្លួនថា "អូនស្រលាញ់បង"។ នៅពេលសាកសួរថា តេីអ្វីជាក្តីស្រលាញ់? តេីស្រលាញ់មានធាតុអ្វីខ្លះ? មនុស្សជាច្រេីនហាក់ពិបាកឆ្លេីយសំណួរទាំងនេះ។

ព្រះពុទ្ធមានពុទ្ធដីកាថា "សេចក្តីស្រលាញ់ពិតកេីតចេញពីការយល់គ្នា"។ យល់គ្នាកេីតមានបាន លុះត្រាតែធាតុទាំង៥នៃក្តីស្រលាញ់ត្រូវបានផ្តល់និងទទួល ដែលធាតុ៥នោះគឺ ១. ការអោយតម្លៃ ២. ការយល់ចិត្ត ៣. គិតគូរយកចិត្តទុកដាក់ ៤. ការផ្តល់អារម្មណ៍សុវត្ថិភាព និង៥. ការផ្តល់អារម្មណ៍រំភេីបរីករាយចិត្ត។ ធាតុទាំង៥នេះគឺអាចរៀនសូត្រនិងធ្វេីអោយប្រសេីរឡេីងបាន តែទាមទារធ្វេីអោយមានភាពបរិសុទ្ធពោលគឺកាយ វាចា និងចិត្តគឺតែ១ឬជាធ្លុង១។

បែបនេះ"ការរស់នៅជាមួយគ្នាយូរទៅ ស្រលាញ់គ្នាហេីយ" អាចកេីតមានឡេីងបាន លុះត្រាតែទាំងភាគីបុរសនិងនារីចង់ចេះតាមរយ:ការ រៀនសូត្រអំពីអត្ថន័យនៃពាក្យស្រលាញ់ អំពីធាតុនៃក្តីស្រលាញ់ និងអំពីរបៀបបំពេញធាតុនៃក្តីស្រលាញ់ ព្រមទាំងឧស្សាហ៍ឆ្លុះបញ្ចាំងអំពីដំណេីរប្រព្រឹត្តទៅនៃក្តីស្រលាញ់ ពីព្រោះស្រលាញ់ជាអារម្មណ៍ដែលផុសដោយឯកឯង នៅពេលធាតុនៃក្តីស្រលាញ់ត្រូវបានបំពេញគ្រប់គ្រាន់ ហេីយខ្លួនយេីងមិនអាចបញ្ជាអារម្មណ៍ស្រលាញ់បានឡេីយ។ ប៉ុន្តែវាក៏មិនអាចកេីតមានឡេីងដោយត្រឹមបន់ស្រន់ ឬដេករំពឹងទុកថា "យូរទៅ ស្រលាញ់គ្នាហេីយ"នោះឡេីយ។

សូម្បីបញ្ជាក់ថា ធាតុនៃក្តីស្រលាញ់ទាំង៥ មិនមែនធ្លាក់ពីលេីមេឃដោយឯកឯងឡេីង លុយមិនអាចទិញវាបានឡេីយ ពោលគឺវាកេីតមានឡេីងដោយសមត្ថភាពខ្លួនឯងផ្ទាល់ តាមរយ:កាយ វាចា និងចិត្តជាធ្លុង១៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

No comments:

Post a Comment