Monday, May 28, 2018

តេីស្នេហាធ្វេីអោយយុវវ័យមានបញ្ហាមែនឬទេ?

មនុស្សភាគច្រេីនខ្លាចស្នេហា ទាំងមិនទាន់យល់ថាស្នេហាជាអ្វី ហេីយគិតថាស្នេហាធ្វើឲ្យមានបញ្ហា។ ជាការពិត ស្នេហាគឺជាតម្រូវការផ្លូវចិត្តដ៏សំខាន់បំផុតមិនអាចខ្វះបាន ជាប្រភពផ្តល់កម្លាំងចិត្តមហាសាល។

ទាំងបុរសនិងនារី កាលណាចម្រើនវ័យដល់គ្រប់ការ ការអភិវឌ្ឍន៍ផ្នែកផ្លូវចិត្ត ជាពិសេសអារម្មណ៍ស្រលាញ់ឬស្នេហា នឹងត្រូវអភិវឌ្ឍដែរ។ កាលណាអារម្មណ៍ស្នេហាកើតមាន គ្រប់បុគ្គលរមែងត្រូវការវា យ៉ាងហោចណាស់ក៏មានក្នុងចិត្តដែរ។ ព្រោះតែសំពាធសង្គម បានដាក់គំនាមបុគ្គលអោយលាក់អារម្មណ៍ពិត ដែលបណ្តាលមកពីការថប់បារម្ភ ដូចជា ការភ័យខ្លាច និងការព្រួយបារម្ភ។ ពេលដែលបុគ្គលមិនទទួលបាននូវការស្រលាញ់ អារម្មណ៍តូចចិត្ត និងមិនអោយតម្លៃខ្លួននឹងប្រឈមឡើង ដែលអាចនាំឆ្ពោះទៅរកជំងឺធ្លាក់ទឹកចិត្តមិនខាន។ ស្នេហាគឺជាផ្នែក១នៃការជំរុញទឹកចិត្ត និងផ្តល់កម្លាំងចិត្ត ហើយវាជួយបំពេញតម្រូវការផ្លូវចិត្តផ្នែកសេចក្តីស្រលាញ់។ មាត់បុគ្គលខ្លះហារស្តីថា ខ្លួនមិនត្រូវការសេចក្តីស្នេហាឬក្តីស្រលាញ់ឡើយ ព្រោះនៅក្មេងឬនៅរៀន តែធាតុពិតក្នុងចិត្តក៏ចង់បានដែរ ពី ព្រោះវាគឺជាសុភាវគតិរបស់មនុស្ស បែបនេះគឺមិនខុសអីនឹងរឿងនិទានកញ្រ្ជោងនិងផ្លែទំពាំងបាយជូរ របស់កវីឡាហ្វុងតែនឡើយ។

ការទប់សង្កត់ចិត្ត ក៏ជាមូលហេតុនាំឲ្យបុគ្គលមានបញ្ហាផ្លូវចិត្តដែរ ពេលដែលក្នុងចិត្តត្រូវការសេចក្តីស្នេហា ហើយបែរជាខំទប់សង្កត់ ឯមាត់ព្យាយាមបដិសេធឲ្យល្អមើល ថ្ងៃក្រោយអាចប្រឈមនឹងការបន្ទោសខ្លួនឯង។ ពេលដែលបុគ្គលសម្លឹងមើលតែក្នុងផ្លូវអាក្រក់ អំពីសេចក្តីស្នេហានោះ គឺជាបញ្ហាសម្រាប់បុគ្គលនឹងហើយ។ បុគ្គលពេលដែលទទួលបាននូវការស្រលាញ់ ក្នុងចិត្តគឺវិជ្ជមានដូចជា ការឲ្យតម្លៃខ្លួនខ្ពស់ ការជឿជាក់លើខ្លួនឯង មានមោទនភាព និងជាពិសេសធ្វើឲ្យផ្លូវចិត្តកាន់តែរឹងមាំ។

ជាធម្មតា មនុស្សភាគច្រើនយល់ឃើញថា អាណិតធំជាងស្រលាញ់ តែការពិតវាមិនដូច្នោះទេ។ អាណិតក៏ពាក់ព័ន្ធនឹងអារម្មណ៍ ឯស្រលាញ់ក៏ពាក់ព័ន្ធនឹងអារម្មណ៍។ ចំណុចទាំង២មិនអាចប្រៀបធៀបកើតឡើយ ដ្បិតអីវាមានគោលដៅផ្សេងគ្នា។ អាណិតមានន័យថា យើងគិតពីគេ ឯការការស្រលាញ់ គឺយើងគិតពីខ្លួនឯង។ ពេលដែលទទួលយកមនុស្សម្នាក់ ព្រោះការអាណិត បុគ្គលដែលយើងទទួលនោះ នឹងក្លាយទៅជាអ្នកសុំទានស្នេហាហើយ ហើយអ្នកនឹងមានវិប្បដិសារីទៅថ្ងៃក្រោយ ពីព្រោះតម្រូវការផ្នែកអារម្មណ៍ដែលអ្នកចង់បាន គឺមិនត្រូវបានបំពេញនោះទេ ឬក៏បំពេញមិនគ្រប់គ្រាន់ ដូច្នេះការខកចិត្តនឹងកើតមានឡើងមិនខាន។

ស្នេហាពិតជាធំធេងមហិមាសម្រាប់ទាំងបុរសនិងស្រ្តី។ នៅពេលគ្រប់គ្រងវាបាន អារម្មណ៍រំភើបនិងរីករាយ ព្រមទាំងមានក្តីសុខគ្មានអ្វីប្រៀបបាន តែពេលគ្រប់គ្រងវាមិនបានវិញ ទុក្ខសោកសង្រែងក៏ធំមហិមាគ្មានអ្វីប្រៀបបានដូចគ្នា។ ស្រលាញ់ជាអារម្មណ៍ ដែលវាប្រែប្រួលគ្រប់វិនាទី។ មនុស្សយើងមានបញ្ហាស្នេហាក៏ព្រោះចង់អោយភាពប្រែប្រួលនៅនឹងស្ថិតស្ថេរទៅវិញ។ តាមពិត គ្រប់បុគ្គលដឹងពីសច្ចភាពនេះ តែព្យាយាមចាប់បង្ខំទោះបីដឹងថាវាមិនអាចឋិតឋេរក៏ដោយ ក៏ព្រោះតែអំណាចនៃសុភាវគតិ គឺសេចក្តីលោភ។
ផ្ទុយទៅវិញ មិនមែនបុគ្គលចូលដល់វ័យចេះស្រលាញ់ តែគ្មានស្នេហា ថាមិនចង់បានស្នេហានោះទេ។ តាមពិត គ្មានស្នេហាក៏ព្រោះតែខ្វះខាតជំនាញស្នេហា គួបផ្សំនឹងខ្វះជំនឿចិត្តលើខ្លួនឯង បណ្តាលមកពីកង្វះខាតការគាំទ្រផ្លូវចិត្ត ព្រោះតែកត្តាគ្រួសារនិងកត្តាសង្គមនិងវប្បធម៌។ ណាមួយស្នេហាក៏ធ្វើឲ្យបុគ្គលឈឺចាប់ផងដែរ គឺនៅពេលដែលស្នេហានោះបរាជ័យ ដែលអាចក្លាយជាទៅមានជំងឺស្នេហា (Love Trauma Syndrome) ដែលបញ្ហានេះហើយដែលដាក់កំហិតបុគ្គលខ្លះមិនទាន់ចង់អោយមានស្នេហានោះ៕

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233

No comments:

Post a Comment