Monday, May 21, 2018

ចង្កៀងអុចបំភ្លឺនៅផ្ទះណា គឺភ្លឺតែក្នុងផ្ទះនោះ

ជីវិតគ្រួសារគឺមិនខុសពីកសិករទេ ផលទទួលបានគឺពឹងផ្អែក លេី ចំណេះដឹងឬបច្ចេកទេស។ គ្រួសារខ្លះបង្ហាញទិដ្ឋភាពខាងក្រៅដ៏ល្អឯក គឺលំអភ្នែកសម្រាប់ញាតិ តែធាតុពិតគឺមិនមានសុខសុភមង្គលនោះឡេីយ។

ពាក្យនេះតាក់តែងដោយចាស់បុរាណខ្មែរ ហេីយត្រូវបានធ្លាប់ឮជាទូទៅ។
បុរសនារីខ្លះសុខចិត្តទ្រាំរួមរស់ជាមួយគ្នា បានជាកូនពូនជាចៅ តែដល់ពេលជជែកស៊ីជម្រៅទៅ ទេីបដឹងការពិតថា រូបគាត់មិនធ្លាប់ទទួលបានក្តីសុខឡេីយ។ អ្នកទាំងនោះបានរៀបរាប់ថា អ្នកផងតែងសរសេីរមិនដាច់ពីមាត់ថាខ្លួនជាមនុស្សសំណាង បានស្វាមីជាមនុស្សត្រឹមត្រូវ មិនចេះជក់-ផឹក ស្រី ល្បែង​ តេីអោយទៅរកមនុស្សល្អបែបនេះឯណាបាន។ ពេលអ្មកដទៃតែងលេីកសរសេីរនិងអបអរចំពោះសេចក្តីសុខដែលគ្រួសារខ្លួនទទួលបាន វាហាក់ចាក់ដោតក្នុងទ្រូងយ៉ាងជ្រៅ ពីព្រោះការពិតផ្ទុយស្រឡះ។ និយាយបណ្តេីរទឹកភ្នែកហូរបណ្តេីរ ត្បិតអីអារម្មណ៍ខកចិត្ត និងខ្វះក្តីសុខក្នុងចិត្តត្រូវបានបិទបាំងដោយពាក្យសរសេីររបស់អ្នកផង។ គាត់បង្ហាញអារម្មណ៍ពិតថា គាត់មិនដែលទទួលបាននូវអារម្មណ៍យ៉ាងមិចឡេីយ លេីសពីនេះទទួលបានតែពាក្យបន្ទោស។ គាត់ទទួលស្គាល់ពាក្យថា "ចង្កៀងអុចបំភ្លឺនៅផ្ទះណា គឺបំភ្លឺតែក្នុងផ្ទះនោះ"។

ពាក្យស្រឡាញ់ ពេលនិយាយគឺងាយណាស់ តែការអនុវត្តដោយកាយ-វាចា-ចិត្ត គឺពិតជាលំបាកបំផុត។ ការមិនយល់ពីចិត្តសាស្រ្តរបស់នារីក្នុងសេចក្តីស្នេហា ការមិនយល់ពីចិត្តសាស្រ្តរបស់បុរសក្នុងសេចក្តីស្នេហា និងមិនទាន់យល់ពីតម្រូវការអារម្មណ៍នៃគូស្នេហ៍ គឺជាហានិភ័យនៃការមិនចុះសម្រុងក្នុងគ្រួសារ បណ្តាលអោយគ្រួសារមិនទទួលបានក្តីសុខនិងសុភមង្គល។ ប្តីប្រពន្ធខ្លះពោលពាក្យថា "បងស្រលាញ់អូនណាស់" ឬ"អូនស្រលាញ់បងណាស់" តែការអនុវត្តគឺផ្ទុយស្រឡះ ពីព្រោះតែមិនទាន់យល់បានអំពីធាតុនៃក្តីស្រឡាញ់។

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

No comments:

Post a Comment