ទោះបីជាក្នុងសង្គមខ្មែរ ប្រជាពលរដ្ឋតែងមានជំនឿមុតមាំខ្លាំងលេី ឱសថ តែនៅពេលអ្នកជំងឺទទួលអារម្មណ៍បាននូវ: មេត្តា ករុណា មុទិតា និងឧបេក្ខា គឺជួយអោយជំងឺផ្លូវចិត្តបានធូរស្បេីយផងដែរ។
បន្ទាប់ពីចំណាយពេលវេលាអស់រយ:ពេលជាង១០ឆ្នាំ ក្នុងការងារព្យាបាលផ្លូវចិត្តជូនអតិថិជនមានបញ្ហាឬជំងឺផ្លូវចិត្ត ខ្ញុំរៀនសូត្របានពីការងារផ្តល់ប្រឹក្សាជាមួយអ្នកជំងឺផ្លូវចិត្ត ទាក់ទងនឹងសញ្ញាណចិត្តសាស្រ្តក្នុងបរិបទខ្មែរ គឺតម្រូវការជាមូលដ្ឋាននៃផ្លូវចិត្ត(Basic Needs of Mind)។ តម្រូវការជាមូលដ្ឋាននៃផ្លូវចិត្តមាន5គឺ:
១- "ការអោយតម្លៃ"
២- "ការយល់ចិត្ត"
៣- "ការគិតគូរយកចិត្តទុកដាក់"
៤- "អារម្មណ៍សុវត្ថិភាព"
៥- "អារម្មណ៍រំភេីបរីករាយចិត្ត"
មិនថាទីណា: នៅក្នុងគ្រួសារ នៅកន្លែងកាងារ ឬនៅក្នុងទំនាក់ទំនងស្នេហា គឺតម្រូវការជាមូលដ្ឋាននៃផ្លូវចិត្តដេីរតួនាទីសំខាន់បំផុត ប៉ុន្តែក្នុងទំនាក់ទំនងស្នេហាគឺមានបន្ថែមការបំពេញតម្រូវការផ្លូវភេទជូនគ្នាមួយទៀត។ នៅពេលមិនទទួលបានតម្រូវការទាំងនេះគ្រប់គ្រាន់ទេនោះ ផ្លូវចិត្តបុគ្គលប្រឈមនឹងបញ្ហាមិនខាន។
តម្រូវការទាំង៥នេះគឺជាប្រភពនៃកម្លាំងចិត្ត ហេីយក៏ជាប្រភពនៃសេចក្តីសុខផងដែរ។ លេីសពីនេះ តម្រូវការទាំង៥នេះផ្គុំចូលគ្នា បង្កេីតបានក្តីស្រលាញ់ពិត ពោលគឺជាកូនសោរបេីកបេះដូងបុរសនារី។
នៅចុងឆ្នាំ២០១៧ ខ្ញុំបានធ្វេីវិសម្សកាលទៅទ្វីបអ៊ឺរ៉ុបជាមួយមិត្តភក្តិ ដោយសារតែការធ្វេីដំណេីរលេីយន្តហោះប្រេីពេលយូរម៉ោង ខ្ញុំបេីកបានសៀវភៅអេឡិចត្រូណិចមានចំណងជេីងថា "សេចក្តីស្រលាញ់ពិត (True Love)" របស់អ្នកនិពន្ធ ធិច ញ៉ាត់ហាញ់ ដែលអធិប្បាយលំអិតអំពី"ព្រហ្មវិហារធម៌" ពោលគឺមេត្តា ករុណា មុទិតា និងឧបេក្ខា។
១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។ បេីមិនមានការអោយតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកេីតមានឡេីយ។ ការអោយតម្លៃមាន២គឺ ការអោយតម្លៃខ្លួនឯង និងការអោយតម្លៃអ្នកដទៃ។
២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វេីអោយទុក្ខសោករសាយ។ ករុណាមិនមែនជាការអាណិតឡេីយ។ ការអាណិតមិនអាចជួយអោយទុក្ខសោករសាយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេកនិងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។
៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយេីងស្រលាញ់។ បេីខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡេីយ។
៤. ឧបេក្ខា មានន័យថា មិនរេីសអេីង ទទួលយក។ ការផ្តល់អារម្មណ៍សុវត្ថិភាព គឺមិនធ្វេីអោយបារម្ភ ព្រួយ ភ័យ ខ្លាច និងពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។
ខ្ញុំបានត្រិះរិះពិចារណាអំពីខ្លឹមសារនៃពាក្យព្រហ្មវិហារធម៌ ហេីយផ្គូរផ្គងគ្នាទៅនឹងតម្រូវការមូលដ្ឋាននៃផ្លូវចិត្តដែលរៀនសូត្របានពីបទពិសោធន៍ការងារផ្តល់ប្រឹក្សាជាមួយអ្នកជំងឺផ្លូវចិត្ត គឺដូចគ្នាបេះបិទ។ ការផ្គូរផ្គងអាចធ្វេីបានដូចតទៅ:
- មេត្តា < ការអោយតម្លៃ: បេីគ្មានការអោយតម្លៃទេ គឺគ្មានទេមេត្តានោះ។
- ករុណា < ការយល់ចិត្ត + ការគិតគូរយកចិត្តទុកដាក់: បេីគ្មានការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់ទេនោះ ករុណាមិនអាចកេីតមានឡេីយ។
- មុទិតា < ការធ្វេីអោយរំភេីបរីករាយចិត្ត: បេីគ្មានអារម្មណ៍រំភេីបរីករាយចិត្តទេនោះ មុទិតាមិនអាចកេីតមានឡេីយ។
- ឧបេក្ខា < អារម្មណ៍សុវត្ថិភាព: បេីគ្មានអារម្មណ៍សុវត្ថិភាពទេនោះ ឧបេក្ខាមិនអាចកេីតមានឡេីយ។
សរុបមក តម្រូវការជាមូលដ្ឋាននៃផ្លូវចិត្តទាំង៥ គឺជាការប្រណិបត្តិនៃព្រហ្មវិហារធម៌។ ខ្ញុំបានប្រេីប្រាស់ព្រហ្មវិហារធម៌សម្រាប់ព្យាបាលអ្នកជំងឺផ្លូវចិត្ត(ថប់បារម្ភ ធ្លាក់ទឹកចិត្ត វិបត្តិស្នេហា វិបត្តិគ្រួសារ...) អ្នកជំងឺបានធូរស្បេីយដ៏ឆាប់រហ័ស។
ហេតុនេះការប្រណិបត្តិព្រហ្មវិហារធម៌សម្រាប់ខ្លួនឯង គឺជួយអោយសុខភាពផ្លូវចិត្តរឹងមាំ ព្រមទាំងកេីតមានសិរីសួស្តី និងសុខសុភមង្គលក្នុងក្រុមគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ខ្លួនយេីងតម្រូវអោយប្រកាន់សុច្ចរិតភាព ពោលគឺកាយ វាចា និងចិត្តវេញជាធ្លុងតែ១៕
ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ
No comments:
Post a Comment