ខ្ញុំជាសិស្ស/និស្សិត(វ័យរៀនសូត្រ) ខ្ញុំមិនត្រូវការស្នេហាទេ!!!
ខ្ញុំរង់ចាំរៀនចប់សិន និងមានការងារ ទេីបខ្ញុំគិតគូរពីស្នេហា!!!
ខ្ញុំតែងឮពាក្យសំដីបែបនេះចេញពីមាត់សិស្ស/និស្សិតមួយចំនួន តេីនេះជាសំដីពិតចេញពីចិត្តពិតប្រាកដរបស់ពួកគាត់មែនឬទេ?
ទាក់ទងនឹងចំណុចនេះ ខ្ញុំធ្លាប់អានរឿងនិទានមួយរបស់កវីឡាហ្វុងតែន ដែលជាអ្នកនិពន្ធជនជាតិបារាំងដ៏ល្បីល្បាញ គឺរឿង"កញ្ជ្រោងនិងផ្លែទំពាំងបាយជូរ"។ រឿងនិទាននេះដំណាលថា: មានសត្វកញ្ជ្រោងមួយ បានដេីរមកដល់ដេីមទំពាំងបាយជូរ ពេលក្រឡេកឃេីញផ្លែទំពាំងបាយជូរភ្លាម ចង់ស៊ីឡេីងស្រក់ទឹកមាត់។ ដ្បិតតែផ្លែទំពាំងបាយជូរនៅខ្ពស់ពេក សត្វកញ្ជ្រោងខំលោតហក់អស់ទំហឹង ក៏នៅតែបេះផ្លែទំពាំងបាយជូរមិនបាន ចុងបញ្ចប់ក៏ដេីរចេញធ្វេីឫកយ៉ាងឡូយ ហេីយពោលថា ផ្លែទំពាំងបាយជូរនេះ គ្មានរសជាតិឆ្ងាញ់ មិនគួរអោយចង់ស៊ីទេ។ រឿងនិទានអាចជាគតិជូនមិត្តត្រិះរិះពិចារណាបាន សម្រាប់ជាគន្លឹះរកចម្លេីយទៅនឹងចំណោទសួរខាងលេីបាន។
តេីអ្វីគឺជាអត្ថន័យពិតប្រាកដនៃឃ្លាខាងលេីទៅ?
តាមការវិភាគផ្នែកចិត្តសាស្រ្ត ឃ្លាខាងលេីនេះ គឺជាពាក្យសំដីរបស់បុគ្គលដែលពុំទាន់ស្គាល់រសជាតិស្នេហា ឬក៏ជាពាក្យសំដីរបស់បុគ្គលដែលរាងចាល/បាក់ស្បាតដោយសារស្នេហាខុសបំណង។ ជាលក្ខណៈធម្មជាតិ មនុស្សយេីងកាលណាឈានចូលវ័យគ្រប់ការហេីយ គឺផ្តេីមអភិវឌ្ឍអារម្មណ៍ស្រលាញ់/ស្នេហា។ ពេលនោះតម្រូវការនៃក្តីស្រលាញ់បែបស្នេហាក៏ត្រូវបានចាប់ផ្តេីមទាមទារដោយឯកឯង។
តាមបទពិសោធន៍ជាក់ស្តែងដែលបានជួបសម្ភាសន៍អ្នកដែលបានចេញវាចានូវពាក្យសំដីខាងលេី ចុងបញ្ចប់គឺពួកគាត់ទទួលស្គាល់ថា ពួកគាត់ក៏ត្រូវការស្នេហាដែរ ប៉ុន្តែការនិយាយបែបនេះគឺជាយន្តការការពារផ្លូវចិត្តខ្លួនឯង ពីព្រោះខ្លួនមិនទាន់មាននរណាចាប់អារម្មណ៍ឬមកសុំស្នេហ៍នៅឡេីយ ឬក៏មិនទាន់បានជួបបុរស/នារីក្នុងសុបិននៅឡេីយ។ លេីសពីនេះ កត្តាខ្វះខាតនូវជំនាញទាក់ទងស្នេហា(ញ៉ែ) និងខ្វះជំនឿចិត្តលេីខ្លួនឯងទាក់ទងនឹងស្នេហាផងនោះ ក៏សុខចិត្តបណ្តោយអោយបេះដូងទ្រាំនៅកំព្រារងារបែបនេះទៅ ដូចពាក្យចាស់ពោលថា: "ដេកផ្សំដួល រមួលផ្សំគ្រិច"។ ឯបុគ្គលខ្លះវិញ គឺព្រោះតែមេីលឃេីញបទពិសោធន៍ឈឺចាប់ផ្លូវចិត្តក្រោយទំនាក់ទំនងស្នេហាមានបញ្ហា សុខចិត្តសង្កត់ចិត្ត សង្កត់អារម្មណ៍ពិតខ្លួនឯង ដោយសម្តែងចេញអោយអ្នកដទៃដឹងថា ខ្លួនមិនត្រូវការស្នេហាស្នេហិតអីឡេីយ ដែលធាតុពិតក្នុងបេះដូង គឺត្រូវការតាំងពីយូរយារមកហេីយ។
មានបុគ្គលខ្លះបន្ទាប់ពីបេះដូងរងរបួសប្រេះស្រាំ ក៏សម្រេចចិត្តបិទទ្វារបេះដូង ដែលសភាពបែបនេះគឺត្រូវចាត់ជាជំងឺស្នេហា ដែលទាមទារការព្យាបាលដេីម្បីអោយបេីកទ្វារបេះដូងវិញ។
ដូច្នេះអារម្មណ៍ពិតរបស់ពួកគាត់គឺត្រូវការមានស្នេហាដូចអ្នកដទៃអញ្ចឹងដែរ ពោលគឺគ្រាន់តែពួកគាត់ព្យាយាមលាក់អារម្មណ៍ពិតប៉ុណ្ណោះ ដេីម្បីការពារផ្លូវចិត្តកុំអោយដុនដាបខ្លាំងពេក៕
ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233
No comments:
Post a Comment