ស្នេហាអាចកេីតមានឡេីងដោយមិនរេីសវ័យឬអាយុ ពណ៌សំបុរ ... អាចនឹកស្មានមិនដល់ និងខ្លួនយេីងមិនអាចបញ្ជាចិត្តស្រលាញ់បានឡេីយ។
ពេលបានជួបជជែកជាមួយម្នាក់ហ្នឹង ហាក់មានអារម្មណ៍សប្បាយរីករាយ និងរំភើបក្នុងចិត្ត ភ្លេចអស់ទុក្ខកង្វល់ ពេលបាននៅក្បែរ ឬបានប្រាស្រ័យទាក់ទងជាមួយម្នាក់ហ្នឹង អារម្មណ៍សុវត្ថិភាព បានកើតមានឡើង មាន ន័យថា លែងមានអារម្មណ៍ភ័យខ្លាច និងហាក់មានទីបង្អែកដ៏រឹងមាំ មានអារម្មណ៍ថា ទទួលបានការយល់ចិត្ត ទទួលបានភាពកក់ក្តៅ។ ពេលហ្នឹងហើយដែលខ្លួនត្រូវបានធ្លាក់ក្នុងអន្លង់ស្នេហ៍ ដែលជូនកាលថែមទាំងមិនដឹងខ្លួន មិនបានប៉ងប្រាថ្នា។បន្ទាប់ពីសារភាពស្នេហ៍ ហើយបានបង្កើតអនុស្សាវរិយ៍ស្នេហាផ្អែមល្អែមយ៉ាងច្រើនមក គោលដៅចុងក្រោយនៃស្នេហា គឺការសម្រេចចិត្តរៀបការ។ ភាគច្រើនលើសលប់នៃបុរសនារី តែងធ្លាប់ខកចិត្តឬខកបំណងក្នុងរឿងស្នេហា យ៉ាងហោចម្តងនៅមុនពេលរៀបការ។ យើងសង្កេតឃើញថា ទោះបីជាគូស្នេហ៍នីមួយៗស្រលាញ់គ្នាល្អូកល្អឺន ស្នេហាផ្អែមល្អែម តែមិនសូវមានគូស្នេហ៍ច្រើនដែលឈានដល់ជីវិតរៀបការនោះឡើយ មានន័យថា ថ្ងៃរៀបការបែរជាអ្នកផ្សេងទៅវិញដែលជាកូនកម្លោះ ឬកូនក្រមុំ។ ស្នេហានិងផ្លូវភេទគឺជាប់ទាក់ទងគ្នាជាខ្លាំង ប្រៀបដូចជាសុរានិងការស្រវឹង បេីផឹកស្រា គឺប្រឈមនឹងការស្រវឹង បេីខ្លាចស្រវឹង សូមកុំផឹកស្រា។ ម្យ៉ាងទៀត ក្នុងខួរក្បាលបុរស ស្រលាញ់និងផ្លូវភេទគឺលាយឡំគ្នា ហេីយផ្លូវភេទគឺជាអទិភាព សម្រាប់បុរស។ ឯនារីវិញ ក្រោយទទួលបានអារម្មណ៍ស្រលាញ់ផុសក្នុងចិត្ត អារម្មណ៍ផ្លូវភេទប្រៀបដូចអង្គរក្ស វាផុសដោយឯកឯង។ ហេតុនេះហេីយ ការរៀបការគឺគ្រាន់តែធ្វើឲ្យចំណងស្នេហ៍មានភាពស្របច្បាប់ បើមិនដូច្នេះទេ បញ្ហាប្រឈមផ្សេងៗអាចកើតមានឡើង ពោលគឺវាមិនខុសពីអ្នកបើកបរដែលគ្មានប័ណ្ណបើកបរចឹង គឺនគរបាលអាចចាប់ដាក់ទណ្ឌកម្មបានគ្រប់វេលា រាល់ពេលធ្វើចរាចរ។
គោលបំណងចម្បងនៃការស្រលាញ់ គឺបានរួមរស់ជាមួយគ្នា និងផ្តល់ឬបំពេញសេចក្តីសុខឲ្យគ្នា។ ដើម្បីបានរួមរស់ជាមួយគ្នាដោយស្របច្បាប់ គឺមានតែសម្រេចចិត្តរៀបការ។ មិនមានគូស្នេហ៍ ច្រើនទេ ដែលស្រលាញ់គ្នាខ្លាំងហើយឈានដល់ការជជែកគ្នាពីរឿងរៀបការនោះ ពីព្រោះតែភាពមិនច្បាស់លាស់ក្នុងចិត្តចំពោះភាគីណា១ក្នុងចំណោមភាគីទាំង២។ បែបនេះហើយ កំហកចិត្តដោយសារស្នេហាឃើញកើតមានច្រើន។ ការដោះសារ ឬរកលេសគឺជាជម្រើសដើម្បីយកមកបកស្រាយ ឬលុបលាងខ្លួនឯង ដើម្បីការពារខ្លួនឯងកុំឲ្យគេដៀលថា៖«មនុស្សបោកប្រាស់» ឬ«មនុស្សសាវ៉ា»។ បែបនេះ មានន័យថា សេចក្តីស្រលាញ់របស់គេចំពោះគូស្នេហ៍ បានកាន់តែធ្លាក់ចុះហើយ។
តើក្តីស្រលាញ់ពិតដែលអាចឈានក្លាយជាគូស្វាមីភរិយា មានលក្ខណៈដូចម្តេចទៅ?
យោងតាមចិត្តសាស្រ្តស្នេហា សេចក្តីស្រលាញ់ពិត មានធាតុ5ដូចតទៅ៖
១. ការអោយតម្លៃ
២. ការយល់ចិត្ត
៣. ការគិតគូរយកចិត្តទុកដាក់
៤. ការផ្តល់អារម្មណ៍សុវត្ថិភាព
៥. ការធ្វេីអោយរំភេីបរីករាយចិត្ត
ក្នុងរឿងទុំទាវ ពេលដែលទុំបានជួបនាងទាវ គឺទុំបានធ្លាក់ចូលក្នុងអន្លង់ស្នេហ៍ទាវទៅហើយ នេះគេហៅថា «ជួបភក្ត្រ ជំពាក់ស្នេហ៍»។ ជាមួយគ្នានេះដែរ ទុំក៏មានមន្តស្នេហ៍ពិសេសដែលអាចធ្វើឲ្យនាងទាវធ្លាក់ក្នុងអន្លង់ស្នេហ៍វិញដែរ ទោះបីជាក្នុងភាពជាសមណេក៏ដោយ។ ក្តីស្រលាញ់ពិតរបស់ទុំចំពោះ ទាវ ពិតជាមហាធំធេង ដែលគ្មានឧបសគ្គអ្វីអាចមករារាំងស្នេហារបស់ទុំបានឡើយ សូម្បីគ្រូហាមមិន ទាន់ឲ្យលាចាសិក្ខាបទក៏ដោយ ក៏ទុំសម្រេចចិត្តធ្វើដោយចិត្តឯង ដើម្បីសេចក្តីស្នេហាចំពោះទាវ។ក្នុងរឿងនាងបដាវារ ក៏ស្រដៀងគ្នាដែរ នាងបដាចារសុខចិត្តលះបង់ និងធ្វើពលីកម្មគ្រប់បែប យ៉ាងដើម្បីម្ចាស់ស្នេហ៍របស់ខ្លួន។ នាងសុខចិត្តប្រែក្លាយជីវិតនាងពីកូនអ្នកមាន មកធ្វើជាកូនអ្នកក្រ ដើម្បីបានមករួមរស់ជាមួយបុរសដែលខ្លួនស្រលាញ់។
នេះឆ្លុះបញ្ចាំងឲ្យឃើញថា ពេលមានអារម្មណ៍ស្រលាញ់ គឺបុរសឬនារីអាចធ្វើអ្វីគ្រប់យ៉ាង អាចលះបង់អ្វីគ្រប់យ៉ាង ដើម្បីស្នេហារបស់ខ្លួន តួយ៉ាងដូចទុំនិងទាវ ឬនាងបដាចារ។ គូស្នេហ៍ទាំង២បាន សម្រេចបំណង គឺរួមរស់ជា១គ្នាជាប្តីប្រពន្ធ តែស្នេហារបស់ពួកគេ គឺប្រឈមនឹងឧបសគ្គធំធេង ចុងបញ្ចប់គឺវិនាសព្រាត់ប្រាស់រហូតស្លាប់បាត់បងជីវិត។ តើបញ្ហានេះបណ្តាលមកពីអ្វី?
តាមកត្តាចិត្តសាស្រ្ត បុគ្គលគ្រប់គ្រងខ្លួនឯងបានតែពីរភាគ(២/៣) ឯមួយភាគ(១/៣) គឺអាស្រ័យ លើអ្នកដទៃ។ មានន័យថា តើអ្នកដទៃផ្តល់តម្លៃឲ្យខ្លួនយើងដែរឬទេ? បែបនេះ ការគៀងគរឲ្យមានការគាំទ្រពីមនុស្សជុំវិញខ្លួន និងអ្នកដទៃផ្សេងទៀត ក៏ជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីជួយធានាពី និរន្តរភាពនៃសេចក្តីស្នេហារបស់ខ្លួន។ ប៉ុន្តែមិនមែនមានន័យថា ទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួន ហើយ ស្នេហាប្រាកដជាមាននិរន្តរភាពនោះឡើយ ពីព្រោះស្រលាញ់ជាអារម្មណ៍ដែលផ្លាស់ប្តូរគ្រប់ វិនាទី ពោលគឺអាចមានភាគីណា១ក្នុងចំណោមគូស្នេហ៍ទាំង២ អាចអស់អារម្មណ៍ស្រលាញ់។ ដូច្នេះ ការរំពឹងទុក ឬការជឿជាក់ជ្រុលពេកចំពោះនិរន្តរភាពនៃស្នេហារបស់ខ្លួន គឺជាហានិភ័យខ្ពស់ប្រឈមនឹង ជំងឺស្នេហា(Love trauma syndromes)មិនបាន៕
ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ
Facebook: អ្នកជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ
No comments:
Post a Comment