ពាក្យថា "បងស្រលាញ់អូន ឬអូនស្រលាញ់បង ឬ I Love You" ជាសំដីដែលតែងតែឮពីមាត់គូស្នេហ៍យ៉ាងងាយស្រួល តែជាក់ស្តែងហាក់ពិបាកអនុវត្ត។
គូស្នេហ៍ឬគូស្វាមីភរិយាជាច្រេីនតែងចូលចិត្តប្រេីភាសាផ្អែមល្ហែមថា "បងស្រលាញ់អូន ឬអូនស្រលាញ់បង ឬ I Love You"។ តេីត្រឹមភាសានិយាយបែបនេះ ធ្វេីអោយដៃគូរបស់ខ្លួនទទួលអារម្មណ៍ឬផុសក្នុងចិត្តថា គូស្នេហ៍ឬប្តីប្រពន្ធខ្លួនស្រលាញ់ខ្លួនដែឬទេ?
ពេលសាកសួរភាគីអ្នកនិយាយ ចម្លេីយគឺតែងឆ្លេីយថា "ស្រលាញ់ពេញបេះដូង"។ បេីវិភាគអោយស៊ីជំរៅ សាមីខ្លួនអ្នកនិយាយគឺយល់ច្បាស់តែអារម្មណ៍ខ្លួនឯង ដោយមិនបានយល់ដឹងអោយទូលំទូលាយថា ចម្លេីយពិតគឺជាចម្លេីយចេញពីមាត់ដៃគូរបស់ខ្លួន តេីខ្លួនបានទទួលអារម្មណ៍ថាស្រលាញ់ផុសក្នុងចិត្តដែរឬទេ?
មានទាំងភាគីបុរស មានទាំងនារី បានសម្តែងអារម្មណ៍ខកចិត្ត(frustrated) និងតែលតោល(helpless)ជាខ្លាំងចំពោះគូស្នេហ៍ ឬប្តី/ប្រពន្ធរបស់ខ្លួន ដ្បិតអីជាក់ស្តែងមិនដែលទទួលអារម្មណ៍ថាស្រលាញ់យ៉ាងដូចម្តេចឡេីយ។
ក្តីស្រលាញ់គឺត្រូវសម្តែងចេញទាំងកាយ-វាចា-ចិត្ត។ ហេតុនេះហេីយការសម្តែងចេញត្រឹមជាពាក្យសំដីមិនគ្រប់គ្រាន់ឡេីយ បេីទោះបីជាចិត្តរបស់នារីតែងចង់ឮពាក្យថាស្រលាញ់ជាញឹកញាប់បំផុតពីគូស្នេហ៍របស់ខ្លួននោះ។
ជាការពិត ក្តីស្រលាញ់គឺប្រៀបបីដូចជាផ្ទះអញ្ចឹង។ ពេលយេីងសម្លឹងមេីលពីចម្ងាយ គឺគេចង្អុលបង្ហាញថា នោះគឺជាផ្ទះ។ តែពេលដេីរចូលដល់ផ្ទះ គឺចង្អុលលែងត្រូវ លែងចំ គឺរកផ្ទះមិនឃេីញ ពីព្រោះពេលចង្អុលទៅគឺចំតែ: សរសរ ទ្វារ ជញ្ជាំង ដំបូល...។ ក្តីស្រលាញ់គឺពិតជាធំមហិមា ដែលជាតម្រូវការផ្លូវចិត្តដែលចាំបាច់បំផុត អត់មិនបាន។
តាមចិត្តសាស្រ្ត ធាតុនៃក្តីស្រលាញ់គឺមាន5ចំណុចដូចខាងក្រោម:
១- ការអោយតម្លៃ(Value): ផ្តល់ភាពសំខាន់និងចាំបាច់បំផុត
២- ការយល់ចិត្ត(Empathy): យល់ពីអារម្មណ៍នៃដៃគូខ្លួន
៣- ការគិតគូរយកចិត្តទុកដាក់(Care): គិតគូរអំពីតម្រូវការទាំងបី: ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។
៤- ការផ្តល់អារម្មណ៍សុវត្ថិភាពៈ មិនធ្វេីអោយព្រួយ ភ័យ ខ្លាច ពោលពេញពេញដោយការជឿជាក់។
៥- ការផ្តល់អារម្មណ៍រំភេីបរីករាយចិត្ត
បែបនេះដេីម្បីគូស្នេហ៍ឬស្វាមីភរិយាជៀសផុតពីអារម្មណ៍ខកចិត្ត ធាតុទាំង៥ខាងលេីគឺតម្រូវអោយបំពេញជូនគ្នា។ សូមបញ្ជាក់ថា ពេលភាគីនារីទទួលបាននូវអារម្មណ៍អំពី៥ចំណុចនឹងហេីយ ចំណង់ផ្លូវភេទគឺកេីតមានដោយឯងឯង មានន័យថា នារីត្រូវការក្តីស្រលាញ់ ដេីម្បីបេីកចំហរទៅរកផ្លូវភេទ។ ផ្ទុយទៅវិញ ចំពោះបុរស ផ្លូវភេទគឺរត់ទៅមុនក្តីស្រលាញ់១ជំហាន មានន័យថា បុរសត្រូវការផ្លូវភេទ ដេីម្បីបេីកចំហរទៅរកក្តីស្រលាញ់ ពោលគឺពេលឃេីញនារីគឺបុរសនឹកឃេីញតម្រូវការផ្លូវភេទមុនការស្រលាញ់ឬស្នេហា ឯនារីវិញពេលឃេីញបុរសគឺនឹកត្រឹមស្រលាញ់សិនប៉ុណ្ណោះ បន្ទាប់ពីទទួលបាននូវអារម្មណ៍ស្រលាញ់ហេីយ អារម្មណ៍ផ្លូវភេទគឺកេីតមានដោយឯកឯង៕
ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ
No comments:
Post a Comment