Friday, April 5, 2019

កម្លាំងចិត្តឬថាមពលផ្លូវចិត្ត

ថាមពលផ្លូវចិត្តឬកម្លាំងចិត្តមាន២ប្រភេទគឺៈ
១. ថាមពលផ្លូវចិត្តវិជ្ជមាន: កេីតចេញពីអារម្មណ៍វិជ្ជមានឬអារម្មណ៍សោមនស្ស។
២. ថាមពលផ្លូវចិត្តអវិជ្ជមាន: កេីតចេញពីអារម្មណ៍អវិជ្ជមានឬអារម្មណ៍ទោមនស្ស។

ក្នុងជីវិតរស់នៅ មនុស្សយេីងប្រឈមនឹងបទពិសោធន៍វិជ្ជមាននិងបទពិសោធន៍អវិជ្ជមាន។ បទពិសោធន៍ទាំងនោះមានឥទ្ធិពលលេីអារម្មណ៍បច្ចុប្បន្ន។ អារម្មណ៍ ការគិត និងអាកប្បកិរិយាគឺជាធាតុនៃផ្លូវចិត្ត។ ធាតុទាំងបីទទួលរងឥទ្ធិពលគ្នាទៅវិញទៅមក។ នៅពេលអារម្មណ៍វិជ្ជមាន ការគិតក៏វិជ្ជមាន ឯទង្វេីក៏វិជ្ជមាន។ នៅពេលអារម្មណ៍អវិជ្ជមាន ការគិតក៏អវិជ្ជមាន ឯទង្វេីក៏អវិជ្ជមាន។

បុគ្គលខ្លះជួបប្រទះបទពិសោធន៍ល្អ ដូចជាៈ ឱ្យតម្លៃ គាំទ្រ លេីកទឹកចិត្ត យល់ចិត្ត ទទួលយក គិតគូរ យកចិត្តទុកដាក់...។ បទពិសោធន៍ទាំងនេះធ្វេីឱ្យទទួលអារម្មណ៍សោមនស្សឬអារម្មណ៍ល្អ។ អារម្មណ៍សោមនស្សជាប្រភពថាមពលផ្លូវចិត្តវិជ្ជមាន។

បុគ្គលខ្លះជួបប្រទះបទពិសោធន៍មិនល្អ ដូចជាៈ ប្រមាថ មេីលងាយ តិះដៀល ជាន់ឈ្លី បោះបង់ចោល ធ្វេីបាប...។ បទពិសោធន៍ទាំងនេះធ្វេីឱ្យទទួលអារម្មណ៍ឈឺចាប់ ខកចិត្ត កំហឹង តូចចិត្ត អស់សង្ឃឹម គិតច្រេីន...។ អារម្មណ៍ទាំងនេះមានឥទ្ធិពល២គឺៈ បង្កេីនកម្លាំងចិត្ត និងបំផ្លាញកម្លាំងចិត្ត។ អារម្មណ៍ឈឺចាប់ កំហឹង អាចជាប្រភពថាមពលផ្លូវចិត្ត តែវាជាប្រភពថាមពលផ្លូវចិត្តអវិជ្ជមាន។

ជាការកត់សំគាល់ ទោះបីបុគ្គលដែលសម្រេចបានជោគជ័យក្នុងអាជីពឬការងារដោយថាមពលឬកម្លាំងចិត្តអវិជ្ជមាន បុគ្គលនោះកម្រទទួលបានក្តីសុខណាស់។ អ្វីគ្រប់យ៉ាងគឺមានតែសម្បកក្រៅ មានតែសោភ័ណភាពគ្រាន់តែលំអភ្នែកញាតិមិត្តប៉ុណ្ណោះ។ សេចក្តីសុខមនុស្សកេីតចេញពីអារម្មណ៍វិជ្ជមាន ដែលធ្វេីឱ្យមានថាមពលផ្លូវចិត្តវិជ្ជមាន ដ្បិតអីបេះដូងទទួលយកបានតែថាមពលផ្លូវចិត្តវិជ្ជមានជាអាហារប៉ុណ្ណោះ។

អាហារផ្លូវចិត្តដែលផ្តល់ថាមពលផ្លូវចិត្តវិជ្ជមានមាន៥គឺៈ
- អារម្មណ៍មានតម្លៃ (Feeling valued)
- អារម្មណ៍យល់ចិត្ត (Feeling empathic)
- អារម្មណ៍គិតគូរពីសុខទុក្ខ (Feeling cared)
- អារម្មណ៍សុវត្ថិភាព (Feeling safe or secured)
- អារម្មណ៍ត្រេកអរ (Feeling joyed)

លោក ស៊ាង លាប
អ្នកចិត្តសាស្រ្ត

No comments:

Post a Comment