ការនិយាយកុហក និងមនុស្សនិយាយកុហកគឺខុសគ្នា ក្នុងកាល: ទេសៈមិនមានសុវត្ថិភាព សូម្បីខ្លួនយេីងក៏និយាយកុហកដែរ លេីសពីនេះមិនត្រឹមតែកុហកអ្នកដទៃ ថែមទាំងកុហកខ្លួនឯងទៀតផង
ជាធម្មតា ដោយសារសម័យនេះជាសម័យបច្ចេកវិជ្ជាទំនេីប មនុស្សភាគច្រេីនពេលខឹងសម្បារ តែងតែបញ្ចេញអារម្មណ៍តាមហ្វេសបុក។ ថ្ងៃមួយ ខ្ញុំបានជួបប្រាស្រ័យនឹងស្រ្តីម្នាក់ដែលមានអារម្មណ៍ខឹងសម្បារនឹងមិត្តម្នាក់ដែលនិយាយកុហកជាមួយខ្លួន។ គាត់ប្រាប់ថា គាត់ខឹងខ្លាំងណាស់ គឺខឹងចំពោះមិត្តនោះដែលរូបគាត់ខំទុកចិត្តនិងជឿជាក់ បែរជាកុហករូបគាត់។ ស្រ្តីនោះបញ្ជាក់ថា គាត់មានអារម្មណ៍ស្អប់មិត្តនោះជាខ្លាំង មិនគួរណាមកធ្វេីបែបនេះដាក់គាត់សោះ។
ខ្ញុំក៏ឆ្លេីយតបទៅកាន់ស្រ្តីនោះដ៏ទន់ភ្លន់ថា "ស្តាប់ទៅហាក់កំពុងមានអារម្មណ៍ខកចិត្តនិងខឹងជាខ្លាំងចំពោះមិត្តនោះ"។ គាត់តបដោយទទួលស្គាល់ថា "ពិតជាខកចិត្តនិងខឹងខ្លាំងមែន"។
បន្ទាប់មកខ្ញុំក៏និយាយថា "ការនិយាយកុហក គឺធ្វេីឱ្យមិត្តនោះធ្លាក់ចុះតម្លៃ"។ គាត់ក៏ទទួលស្គាល់ថា "ត្រឹមត្រូវណាស់"។
ក្រោយពីគាត់យល់ស្រប ខ្ញុំក៏បញ្ជាក់បន្ថែមថា "បេីគិតវិភាគឱ្យជ្រៅ គឺមិត្តនោះជាមនុស្សគួរឱ្យអាណិត"។ ស្រ្តីនោះឆ្លេីយតបបែបចម្ងល់ថា "ម្តេចបានត្រូវអាណិតគេវិញ បេីគេកុហកយេីងនោះ"។ ខ្ញុំក៏តបថា "ការនិយាយកុហក គឺធ្វេីឱ្យគាត់ធ្លាក់ចុះតម្លៃ បែបនេះគឺគាត់ប្រឈមនឹងការលំបាកក្នុងការធ្វេីអ្វី១ ពីព្រោះអ្នកដែលគាត់ធ្លាប់កុហកអស់ការជឿទុកចិត្ត។ ការស្មោះត្រង់គឺជាគ្រឹះនៃទំនាក់ទំនងឬការរាប់អាន កាលណាបុគ្គលនោះនិយាយកុហក គឺធ្វេីអោយយេីងដកទំនុកចិត្តនិងការជឿជាក់ ដូចពាក្យចាស់ពោលថា ភូតច្រេីនចាញ់អាត្មា"។
គាត់ក៏ឆ្លេីយតបដោយម៉ឺងម៉ាត់ថា "សម្រាប់ខ្ញុំគឺស្អប់មនុស្សអញ្ចឹងហ្មង"។ ខ្ញុំក៏ពោលទៅកាន់ស្រ្តីនោះថា "អ្នកអាចស្អប់ទង្វេីគាត់បាន តែកុំស្អប់មិត្តនោះ ពីព្រោះពេលយេីងស្អប់គេ រមែងមានការខាតបង់។ ទង្វេីគេអញ្ចឹង គឺជួយយេីងអោយគ្រប់គ្រងគេបាន។ មនុស្សនិយាយកុហកគឺគេមានអារម្មណ៍រអៀសខ្លួនជាមួយយេីង ពោលគឺគេមានអារម្មណ៍ភ័យខ្លាចយេីង។ យ៉ាងណាមិញ ស្អប់គេគឺយេីងកំពុងយកទោស:ដាក់ខ្លួន ដែលប្រការនេះគឺបំផ្លាញសេចក្តីសុខក្នុងចិត្តយេីងជាខ្លាំង។
មនុស្សនិយាយកុហកគឺតែងមានហេតុផលផ្ទាល់ខ្លួន ត្រង់ថាហេតុផលខ្លះនិយាយចេញបាន ហេតុផលខ្លះនិយាយចេញមិនបាន ដោយសារមិនមានអារម្មណ៍សុវត្ថិភាព។ យេីងខាតបង់ត្រង់យេីងបាត់បង់មិត្តម្នាក់ បែបនេះគឺយេីងបាត់បង់កម្លាំងគាំទ្រយេីងម្នាក់ ពីព្រោះបុគ្គលនោះនឹងមិនហ៊ានប្រឆាំងយេីងឡេីយ ដោយខ្លាចយេីងលេីកពីចំណុចខ្សោយគេ(កុហក) ធ្វេីឱ្យគេបាក់មុខក្នុង ចំណោម។ លេីសពីនេះ យ៉ាងហោចណាស់មិត្តម្នាក់ហ្នឹងគឺអាចជាប្រយោជន៍នៅពេលណា១សម្រាប់យេីង សមដូចពាក្យចាស់ចែងថា "ឈេីវៀចធ្វេីកង់ ឈេីត្រង់ធ្វេីកាំ"។
បេីត្រឹមការនិយាយកុហក យេីងស្អប់បុគ្គលនោះតែម្តង ចុះទង្វេីល្អដែលគេធ្លាប់ធ្វេីនោះរលាយបាត់ទៅណា ដូចពាក្យចាស់១ឃ្លាចែងថា ធ្វេីបុណ្យ១សំពៅ ទោស១ចូលទៅរលាយសូន្យ។ ស្អប់មនុស្សមានន័យថា គឺយេីងកំពុងបង្កេីតសត្រូវ តែបេីស្អប់ទង្វេីរបស់មនុស្ស គឺយេីងនៅអាចរក្សាក្តីរាប់អាន ដោយត្រឹមតែគូសចំណាំទុកថា កុំឱ្យរឿងបែបហ្នឹងកេីតមានជាលេីកទី2 ជាការស្រេច។
បេីឆ្លុះបញ្ចាំងបន្តិចទៀត ខ្លួនយេីងក៏ធ្លាប់កុហកដែរ ដោយមិនត្រឹមកុហកអ្នកដទៃ សូម្បីខ្លួនឯងក៏យេីងកុហកដែរ។ បែបនេះការអត់ឱនឱ្យមិត្តរបស់យេីង គឺទុកដូចយេីងអត់ឱនឬអភ័យអោយខ្លួនឯង ដែលជាប្រការដ៏ល្អសម្រាប់សុខភាពផ្លូវចិត្តរបស់ខ្លួន។
បន្ទាប់ពីជជែកជាមួយស្រ្តីនោះចប់សព្វគ្រប់ គាត់អាចយល់បាន ហេីយក៏លែងខឹងនិងស្អប់មិត្តនោះ។ សេចក្តីស្ងប់ក្នុងចិត្តកេីតមានជាធម្មតាវិញ។
នេះជាបទពិសោធន៍១ជូនជាគតិសម្រាប់ពិចារណា ជាផលប្រយោជន៍សម្រាប់សុខភាពផ្លូវចិត្តរបស់ខ្លួន៕
ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ
No comments:
Post a Comment