Monday, May 21, 2018

គន្លឹះបេីកសោរបេះដូងនារី

យោងតាមចិត្តសាស្រ្ត កូនសោរបេីកបេះដូងមនុស្សស្រីស្ថិតក្នុងដៃមនុស្សប្រុស ឯកូនសោរបេីកបេះដូងមនុស្សប្រុស គឺស្ថិតក្នុងដៃមនុស្សស្រី បែបនេះការរៀនចេះចាក់សោរបេះដូងគឺជារឿងចាំបាច់សម្រាប់សេចក្តីសុខនិងសុភមង្គលគ្រួសារ។

ស្នេហាធ្វេីឱ្យមនុស្សមានអារម្មណ៍អស្ចារ្យ។ បុគ្គលខ្លះបង្ហាញការប្តេជ្ញាចិត្តថា នឹងខំដាក់ចិត្តស្រលាញ់ដៃគូរបស់ខ្លួន រីឯខ្លះទៀតនិយាយថា បងឬអូននឹងស្រលាញ់បេីកែប្រែឬផ្លាស់ប្តូរចំណុចអវិជ្ជមានឬកំហុសឆ្គង។ ពេលឮវាចាដូច្នេះ សាមីខ្លួនហាក់សែនត្រេកអរ និងសប្បាយចិត្តឥតឧបមា។

តេីការពិតវាអញ្ចឹងមែនដែរឬទេ?

ការពិត ស្នេហាគឺគ្មានលក្ខខណ្ឌ(Love has no condition)។ អារម្មណ៍ ស្រលាញ់គឺអស្ចារ្យណាស់ នឹក១​ ស្រលាញ់១ គឺសុទ្ធតែជាអារម្មណ៍ដែលមិនអាចបញ្ជាវាបានឡេីយ​​ ពោលគឺវាចង់ទៅឬមក ស្រេចលេីវា។ ការស្វែងយល់ ពីចិត្តសាស្រ្តនារីក្នុងសេចក្តីស្នេហាគឺជាប្រការចាំបាច់ដែលអាចជួយបុរស បេីកសោរបេះដូងរបស់នារីបាន។

មានគូស្វាមីភរិយាជាច្រេីនបានរស់នៅជាគ្នាដែលខ្លះរហូតដល់រាប់សិបឆ្នាំ តែហាក់ស្ថិតក្នុងភាពស្រពិចស្រពិល ដោយមិនដឹងច្បាស់ពីក្តីស្រលាញ់របស់ខ្លួនចំពោះដៃគូ ឯខ្លះទៀតសុខចិត្តស៊ូទ្រាំនិងខាំមាត់សង្កត់ចិត្តដោយមិនដែលស្គាល់អ្វីជាក្តីសុខនោះទេ។ សេចក្តីស្រលាញ់ដែលខ្វះការយល់ចិត្តគឺមិនមែនជាក្តីស្រលាញ់ពិតប្រាកដឡេីយ ឯសេចក្តីស្នេហាដែលមិនមានអារម្មណ៍សុវត្ថិភាពគឺជាគូស្នេហ៍ដែលមិនមានសុភមង្គលនោះដែរ។

ដូច្នេះដេីម្បីបេីកសោរបេះដូងនារីបាន គឺបុរសត្រូវបំពេញ5ចំណុចដូចខាងក្រោម:

ទី១ ឲ្យតម្លៃៈ
តម្លៃមានន័យថា ភាពសំខាន់ ភាពពិសេស។ ការឲ្យតម្លៃមានន័យថា កាយ វាចា និងចិត្តរបស់ខ្លួន ធ្វើអោយដៃគូទទួលអារម្មណ៍ថា គាត់សំខាន់ គាត់ពិសេស មិនអាចរស់នៅដោយមិនមានគាត់ឡើយ។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា ខ្លួនមានតម្លៃ។

ទី២ យល់ចិត្តឬយល់អារម្មណ៍ៈ 
យល់ចិត្តមានន័យថា ជាសមត្ថភាពនៃការយល់អារម្មណ៍ដៃគូរបស់ខ្លួន ជាការដាក់ខ្លួនយើងទៅក្នុងស្ថានភាពដៃគូ តាមទស្សនៈយល់ឃើញរបស់ដៃគូ តើដៃគូមានអារម្មណ៍ដូចម្តេច? ឧ. ពេលដៃគូមានអារម្មណ៍អស់កម្លាំងក្រោយពីធ្វើការងាររួច ការនិយាយទៅកាន់គាត់បែបយល់ចិត្តគឺ មើលទៅ ហាក់ដូចជាអស់កម្លាំងខ្លាំងថ្ងៃនេះ។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានអ្នកយល់ចិត្ត។

ទី៣ គិតគូរយកចិត្តទុកដាក់ៈ 
ការគិតគូរយកចិត្តទុកដាក់ មានន័យថា គិតគូរពីសុខទុក្ខផ្លូវកាយ សុខទុក្ខផ្លូវចិត្ត និងសុខទុក្ខផ្លូវភេទរបស់ដៃគូខ្លួន ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានអ្នកគិតគូរយកចិត្តទុកដាក់។

ទី៤ អារម្មណ៍សុវត្ថិភាពៈ 
អារម្មណ៍សុវត្ថិភាព មានន័យថា មិនធ្វើឲ្យដៃគូមានអារម្មណ៍ខ្លាច ភ័យ ព្រួយ បារម្ភ គឺធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា សុខស្ងប់ ពោរពេញដោយភាពជឿជាក់។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានសុវត្ថិភាព។

ទី៥ អារម្មណ៍ត្រេកអរ 
ក្នុងជីវិតមនុស្ស សុខនិងទុក្ខជាគូនឹងគ្នា ដូច្នេះត្រូវធ្វើឲ្យដៃគូទទួលអារម្មណ៍រំភើបរីករាយចិត្ត ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានក្តីរីករាយនិងរំភើបចិត្ត។

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

No comments:

Post a Comment