Monday, May 28, 2018

ស្នេហាមានច្រេីនឈុតឆាក និងច្រេីនរសជាតិ

ភាពរ៉ូមែនទិកផ្អែមល្ហែម សាកសងនែបនិត្យកាយា គឺបង្កេីតអារម្មណ៍អស្ចារ្យ តែជាទូទៅវាគឺជាស្នេហាទេីបចាប់ផ្តេីម តែអ្វីៗគឺមិនទៀងទាត់ បរិយាកាសប្រែជាអាប់រស្មីក្នុង១ប៉ព្រិចភ្នែក។

អារម្មណ៍ល្អ ដូចជារំភេីប រីករាយនិងសប្បាយគ្មានអ្វីប្រៀបបាន ខណៈពេលស្នេហាចាប់ផ្តេីមកេីតមានក្នុងចិត្តមិនថាបុរសឬនារី។ នៅខណៈនោះជីវិតពោរពេញដោយសេចក្តីសុខ អារម្មណ៍អស្ចារ្យបានផុសឡេីង ហាក់បីដូចខ្លួនឯងកំពុងស្ថិតនៅឯឋានសួគ៌ដែលមនុស្សលោកតែងប្រាថ្នា។ គូស្នេហ៍ខ្លះព្យាយាមសាងនូវអនុស្សាវរិយ៍ជាច្រេីនដូចជា: ថតរូបបង្ហោះក្នុងហ្វេសបុក បេីជាតារាវិញគឺត្រូវបានរំលេចក្នុងទស្សនាវដ្តី ឬទូរទស្សន៍ថែមទៀត។ ជាក់ស្តែងគូស្នេហ៍១គូដែលសុទ្ធជាតារា បានបង្ហាញវត្តមានតាមទូរទស្សន៍ ដេីម្បីបង្ហាញភក្តីភាពចំពោះគូស្នេហ៍របស់ខ្លួន។ ពេលស្តាប់ឮការស្បថសច្ចា និងសម្តែងភក្តីភាពចំពោះគ្នា វាហាក់ដូចជាអស្ចារ្យ ឧទាហរណ៍: "ទោះបីជាបងអត់មានទ្រព្យច្រេីនដូចគេ បងមិនពូកែរកស៊ីដូចគេ តែបងមានជឿជាក់ថា បងធ្វេីអោយអូនសេីចច្រេីនជាងយំ ហេីងនិងមានក្តីសុខច្រេីនជាងកេីតទុក្ខ"។ ក្រោយស្តាប់ឮនូវពាក្យទាំងនេះ កុំថាឡេីយសាមីខ្លួន សូម្បីតែទស្សនិកជនក៏រំភេីបចិត្តជំនួសដែរ។ អនុស្សាវរិយ៍រ៉ូមែនទិកត្រូវបានរំលេចជារូបភាព តាមហ្វេសបុក/internet ឬក៏បណ្តាញសង្គមនានា។ ទាំងនេះគឺជាឈុតឆាកផ្អែមល្ហែម អមដោយរសជាតិគួរអោយចង់ក្រេប។ ជាក់ស្តែងមានគូស្នេហ៍ជាច្រេីន បានយករូបភាពផ្អែមល្ហែមមកផុសព្រោងព្រាត ចង់បង្អួតភ្នែកសាធារណជនតាមហ្វេសបុក។

ក្តីស្រលាញ់គឺគ្មានដែនកំណត់ ជួនកាលនឹកស្មានមិនដល់ ហេីយប្រែប្រួលមិនទៀងទាត់ដូចធាតុអាកាស ជួនមេឃស្រលះល្អ ប៉ុន្មាននាទីក្រោយប្រែជាងងឹតភ្លាម។

ផុតពីឈុតឆាកផ្អែមល្ហែម ដែលមានឱជារសគួរអោយចង់ភ្លក្សនោះ តែមួយប៉ព្រិចភ្នែក ឈុតឆាកថ្មីបានកេីតឡេីង គឺឈុតឆាក"ទ្រង់ព្រះកន្សែង"។ តាមពិត ឈុតឆាករ៉ូមែនទិកជារូបភាពនៅព្រោងព្រាតនៅឡេីង ហេីយវាថែមទាំងនៅដក់ជាប់ក្នុងចិត្តទស្សនិកជននៅឡេីយ។ មេឃប្រែជាបិតបាំងដោយពពកខ្មៅ បានបង្អុរព្រះភិរុណអោយជោគថ្ពាល់ ក្នុងចិត្តពោរពេញដោយអារម្មណ៍ខកចិត្ត និងឈឺចាប់ផ្លូវចិត្តហួសប្រមាណ រហូតមនុស្សខ្លះតាំងចិត្តស្បថសច្ចាស្មាលាស្នេហ៍ឬបិទទ្វារបេះដូង។ ជាក់ស្តែងរឿងរ៉ាវតារាមួយគូដែលរួចផុតពីស្នេហារ៉ូមែនទិកផ្អែមល្ហែម រំភេីបញាប់ញ័រមិនទាន់បាន១ភ្លេីងទៀនផង ប្រែជាលែងមានរសជាតិរហូតប្រកាសសុំចែកផ្លូវគ្នា។ ជាក់ស្តែងគូស្នេហ៍ខ្លះយំទួញសោក ធ្វេីទារុណកម្មលេីខ្លួនឯងដូចជាអារដៃ ជេរប្រទេចផ្តាសាចំពោះមនុស្សក្បត់ចិត្ត រហូតដល់បុគ្គលខ្លះធ្លាក់ខ្លួនមានជំងឺផ្លូវចិត្តថែមទៀត។

ស្នេហាឬក្តីស្រលាញ់គឺប្រែប្រួលនឹកស្មានមិនដល់ មិនទៀងទាត់ ទៅតាមធម្មជាតិនៃចិត្ត។ ដូច្នេះដេីម្បីប្រការក្រែងរឿងហេតុខុសបំណងណាមួយដែលអាចកេីតមាន ដែលអាចធ្វេីអោយអាម៉ាស់ឬស្អុយអាសោជន៍ជាមួយមហាជននោះ សូមគូស្នេហ៍ដែលបានសាងអនុស្សាវរិយ៍រ៉ូមែនទិកផ្អែមល្ហែមមានជារូបភាព សូមលាក់បាំងខ្លះទៅ កុំខ្លាចគេមិនដឹង ដ្បិតអីពាក្យចាស់មួយឃ្លាចែងថា: "ស្រលាញ់គ្នាក៏ល្បីសុះសាយ ឈ្លោះគ្នាឬបែកបាក់ក៏ល្បីសុះសាយដែរ"៕

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233

No comments:

Post a Comment