Monday, May 21, 2018

ព្រហ្មវិហារធម៌

គ្រឹះនៃសេចក្តីស្រលាញ់ពិតក្នុងគ្រួសារខ្មែរគឺព្រហ្មវិហារធម៌។ ទាល់តែមានព្រហ្មវិហារធម៌សម្រាប់ខ្លួនឯងជាមុនសិន ទេីបផ្តល់ជូនទៅអ្នកដទៃបាន។ ទាល់មនុស្សបរិសុទ្ធ ពោលគឺកាយវាចានិងចិត្តគឺតែមាន១ ទេីបព្រហ្មវិហារអាចកេីតមានបាន។ 


ក្នុងចិត្តសាស្រ្តស្នេហា បេះដូងរបស់មនុស្សគឺត្រូវការ:

  ១. ការអោយតម្លៃ
  ២. ការយល់ចិត្ត
  ៣. ការគិតគូរយកចិត្តទុកដាក់
  ៤. ការផ្តល់អារម្មណ៍សុវត្ថិភាព
  ៥. ការផ្តល់អារម្មណ៍រំភេីបរីករាយចិត្ត

ចំណុចទាំង៥នេះផ្គុំចេញបានជាព្រហ្មវិហារធម៌។

ពេលយេីងចេះផ្តល់ព្រហ្មវិហារធម៌សម្រាប់ខ្លួនឯង និងផ្តល់ព្រហ្មវិហារធម៌សម្រាប់អ្នកដទៃ ពេលនោះលោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្រលាញ់ផុសក្នុងសន្តាន ការរស់នៅពោរពេញដោយគុណភាពជីវិត ជីវិតគ្រួសារភពប្រសប់នឹងសេចក្តីសុខចម្រេីន និងសុភមង្គល។

ព្រហ្មវិហារធម៌គឺជារូបមន្តស្នេហាសក្តិសិទ្ធិ ជារូបមន្តបេីកបេះដូងដៃគូឬគូស្នេហ៍របស់ខ្លួន។ ព្រហ្មវិហារធម៌គឺ: មេត្តា ករុណា មុទិតា និងឧបេក្ខា។

១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។    ឬសគល់នៃមេត្តាគឺការអោយតម្លៃ។ បេីមិនមានការអោយតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកេីតមានឡេីយ។ ការអោយតម្លៃមាន២គឺ ការអោយតម្លៃខ្លួនឯង និងការអោយតម្លៃអ្នកដទៃ។ នៅពេលបុគ្គលអោយតម្លៃខ្លួនឯង គឺមានមេត្តាអោយខ្លួនឯង និងនៅពេលអោយតម្លៃអ្នកដទៃ គឺមានមេត្តាអោយអ្នកដទៃ។ បែបនេះមេត្តាកេីតមានបានលុះត្រាតែប្រណិបត្តិការអោយតម្លៃ។

២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វេីអោយទុក្ខសោករសាយ។ ករុណាមិនមែនជាការអាណិតឡេីយ។ ការអាណិតមិនអាចជួយអោយទុក្ខសោករសាយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេកនិងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។ ឬសគល់នៃករុណាគឺការយល់ចិត្ត (Empathy)និងការគិតគូរយកចិត្តទុកដាក់(Care)។ បែបនេះករុណាកេីតមានបានលុះត្រាតែប្រណិបត្តិការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់។

៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយេីងស្រលាញ់។ បេីខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡេីយ។ ការមានអារម្មណ៍ល្អអំពីខ្លួនឯង គឺជាគ្រឹះនៃមុទិតា មានន័យថា ធ្វេីអោយខ្លួនឯងមានអារម្មណ៍រំភេីបរីករាយចិត្ត។ បែបនេះមុទិតាកេីតមានបានលុះត្រាតែធ្វេីអោយខ្លួនឯងនិងអ្នកដទៃទទួលអារម្មណ៍រំភេីបរីករាយចិត្ត  ដោយកាយក្តី វាចាក្តី ឬចិត្តក្តី។

៤. ឧបេក្ខា មានន័យថា មិនរេីសអេីង ទទួលយក។ ឬសគល់នៃឧបេក្ខាគឺការផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺមិនធ្វេីអោយបារម្ភ ព្រួយ ភ័យ ខ្លាច ពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។ បែបនេះឧបេក្ខាកេីតមានបានលុះត្រាតែផ្តល់ជូនអារម្មណ៍សុវត្ថិភាព។

សរុបសេចក្តីមក ចង់មានសិរីសួស្តីនិងសុភមង្គលក្នុងជីវិតរស់នៅ ការប្រណិបត្តិព្រហ្មវិហារធម៌សម្រាប់ខ្លួនឯងនិងអ្នកដទៃគឺជារឿងចាំបាច់បំផុត។

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

No comments:

Post a Comment