Monday, May 21, 2018

គន្លឹះជួយកូនឲ្យសិក្សារៀនសូត្រទទួលបានជោគជ័យ

ទោះបីជាកូនកេីតក្នុងគ្រួសារតែ១ ភាពឆ្លាតវៃឬបញ្ញាមិនដូចគ្នាឡេីយ។ ឪពុកម្តាយត្រូវមានការរំពឹងទុកអោយសមស្របនឹងភាពឆ្លាតវៃកូនម្នាក់ ជៀសវាងកូនមានភាពតានតឹងផ្លូវចិត្ត។

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលនឹងជួយកូនរបស់អ្នក ធ្វើឲ្យប្រសើរនូវលទ្ធផលរៀនសូត្ររបស់ខ្លួន។ ដើម្បីជួយកូនរបស់អ្នក សិក្សាល្អប្រសើរជាងមុន ស្នើសុំកូនរបស់អ្នកអនុវត្តចំណុចទាំងនេះ៖

ក. កំណត់គោលដៅ
ជួយកូនរបស់អ្នកក្នុងការសម្រេចចិត្តឲ្យច្បាស់លាស់ អំពីចំណាត់ថ្នាក់អ្វីដែលពួកគេចង់បាន ឬពិន្ទុប៉ុន្មានដែលពួកគេចង់បាននៅការប្រលងលើកក្រោយ។ សូមឱ្យប្រាកដថា ពួកគេបានកំណត់គោលដៅនោះជាក់លាក់ និងអាចអនុវត្តបាន។ បន្ទាប់មក ស្នើពួកគេឱ្យកត់ត្រាវាក្នុងសៀវភៅ ឬកំណត់ហេតុប្រចាំថ្ងៃ។

ខ. បង្កើតកាលវិភាគសម្រាប់រៀនសូត្រ
ជួយកូនរបស់អ្នកសម្រេចចិត្តពីរយៈពេលដែលពួកគេចង់ចំណាយសម្រាប់រៀនសូត្រ តាមថ្ងៃនីមួយៗ និងជួយរៀបចំកាលវិភាគរបស់ពួកគេទៅតាមនោះ។ ណែនាំកូនរបស់អ្នកដើម្បីបង្កើតឲ្យផែនការរៀនសូត្រ ដែលនឹងជួយឱ្យពួកគេបែងចែកពេលវេលាសមស្របរបស់ខ្លួន តម្រូវទៅតាមសកម្មភាពដ៏សំខាន់ទាំងបីនេះ:
    • ការសិក្សារៀនសូត្រ
    • ការសម្រាក
    • ការលេងកំសាន្ត

គ. ផែនការសិក្សារៀនសូត្រ
ណែនាំកូនរបស់អ្នកដើម្បីបង្កើតផែនការសិក្សារៀនសូត្រមួយ ដែលនឹងជួយឱ្យពួកគេសម្រេច
គោលដៅរបស់ខ្លួនបាន។ ស្នើសុំឲ្យកូនរបស់អ្នកប្រើប្រាស់ជំហានទាំងនេះដើម្បីបង្កើតផែនការសិក្សាមួយ៖
    • មុខវិជ្ជា៖  កំណត់រកមុខវិជ្ជាដែលនឹងត្រូវបានរួមបញ្ចូលក្នុងការប្រឡង។
    • មេរៀនសំខាន់៖ កំណត់រកមេរៀនដែលសំខាន់ ដែលមេរៀននោះអាចជាវិញ្ញាសាប្រលង ឬទទួលបានពិន្ទុច្រើននៅពេលប្រឡង។ កូនរបស់អ្នកអាចដឹងពីចំណុចទាំងនេះ តាមរយៈ
         (1) ការសាកសួរគ្រូបង្រៀន
         (2) ការយកចិត្ដទុកដាក់នៅក្នុងថ្នាក់ ជាពិសេសកត់សំគាល់ពី
               សំដីគ្រូបង្រៀនដែលនិយាយថា «មេរៀននេះ
              សំខាន់ណាស់»។ " បន្ទាប់មក ត្រូវគូសចំណាំទុកដោយប៊ិច
              ព៌ណលើឯកសារ ឬសៀវភៅមេរៀននោះ។
     • ប្រភេទនៃសំណួរ៖ គិតសញ្ជឹងអំពីសំណួរអ្វីខ្លះដែលនឹងត្រូវបានលើកយកមកដាក់ក្នុងវិញ្ញាសាប្រលង។
     • វិធីល្អបំផុតដើម្បីឆ្លើយ៖ ស្វែងយល់ពីចម្លើយដែលត្រឹមត្រូវបំផុតចំពោះសំណួរ ដែលនឹងត្រូវបានលើកយកមកដាក់ក្នុងវិញ្ញាសាប្រលង។ មានវិធីបួនដើម្បីទទួលបានចម្លើយ គឺចេញពី៖
          o សាកសួរគ្រូបង្រៀនរបស់ខ្លួន
          o សាកសួរសិស្សថ្នាក់ខ្ពស់ជាង
          o សាកសួរសិស្សឆ្លាតពូកែនៅក្នុងថ្នាក់
          o តាមរយៈការអនុវត្ត

ឃ. អនុវត្តផែនការសកម្មភាព
ឥឡូវនេះ សូមជួយកូនរបស់អ្នកដាក់ផែនការរបស់ពួកគេទៅជាសកម្មភាព ដែលមានន័យថាពួកគេត្រូវអនុវត្តចំណុចទាំងបួនដូចខាងក្រោម៖
    • សិក្សារៀនសូត្រឱ្យបានទៀងទាត់៖ លើកទឹកចិត្តឱ្យកូនរបស់អ្នក សិក្សារៀនសូត្រជាប្រចាំឲ្យបានទៀងទាត់នៅឯផ្ទះ ដោយប្រើកាលវិភាគសិក្សារបស់ពួកគេដែលកំណត់ជាមួយគ្នារួចហើយនោះ។ ការបង្កើតទំលាប់សិក្សារៀនសូត្រដ៏ទៀងទាត់នេះ អាចជួយគេចផុតពីបញ្ហាជាច្រើនបាន។ សូម្បីតែពីការសិក្សារៀនសូត្រមួយថ្ងៃត្រឹមតែរយៈពេល 1-2 ម៉ោងជារៀងរាល់ថ្ងៃ គឺជារឿងប្រពៃបំផុត។
    • ការរំឮកមេរៀនឡើងវិញ៖ ជំរុញឱ្យកូនរបស់អ្នករំឮកមេរៀនរបស់ពួកគេជាញឹកញាប់។ ការរំឮកនេះមិនចាំបាច់ត្រូវការធ្វើការរំឮកយូរនោះទេ។ កូនរបស់អ្នកអាចរំឮកមេរៀនបាន យ៉ាងឆាប់រហ័សតាមរយៈការអាន/ទន្ទេញត្រង់ចំណុចសំខាន់ ជំនួសឱ្យការអានមេរៀនទាំងមូល។ ការរំឮកមេរៀនជាញឹកញាប់និងឆាប់រហ័ស ជាឱសថល្អបំផុតដើម្បីដោះស្រាយបញ្ហាត្អូញត្អែរថា «ខ្ញុំមើលមេរៀនមិនចងចាំសោះ»។
    • អនុវត្តការធ្វើលំហាត់ឬចំណោទ/សំណួរ៖ ការប្រឡងទាំងអស់ពាក់ព័ន្ធនឹងការសរសេរ។ កូនរបស់អ្នកអាចសរសេរចម្លើយយ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងការប្រឡង ប្រសិនបើពួកគេមានការអនុវត្តបានល្អក្នុងការដោះស្រាយលំហាត់ឬចំណោទ/សំណួរ ដោយការសរសេរចម្លើយទាំងនោះដ៏ឆាប់រហ័ស។ ដូច្នេះចូរលើកទឹកចិត្តកូនរបស់អ្នកឲ្យអនុវត្តដោយការសរសេរចម្លើយឬដំណោះស្រាយចំពោះសំណួរសាកល្បងឬសំណួរគំរូ។
    • ការថែសុខភាព: មានសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តល្អ គឺមានសារសំខាន់ក្នុងការធ្វើឲ្យការសិក្សារៀនសូត្របានល្អប្រសើរជាងមុន។ មានសុខភាពល្អ ត្រូវមានរបបអាហារដែលមានជីវជាតិ និងអនាម័យ រួមផ្សំជាមួយនឹងការគេងឲ្យបានគ្រប់គ្រាន់ (7-8 ម៉ោង) និង
ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃរយៈពេល30នាទី គឺជារូបមន្តល្អដើម្បីរក្សាកូនរបស់អ្នកមានរាងកាយរឹងមាំនិងវាងវៃ។

វិធីសាស្រ្តខាងលើគឺមានលក្ខណៈជាក់ស្តែង និងងាយស្រួលក្នុងការអនុវត្តតាម។ ឪពុកម្តាយឬអ្នកថែទាំត្រូវជួយកូនរបស់អ្នកឱ្យសិក្សារៀនសូត្រសមស្រប ដោយប្រើពេលវេលារបស់ខ្លួនដ៏វៃឆ្លាត និងត្រៀមខ្លួនសម្រាប់ការប្រឡងឲ្យបានល្អប្រសើរ។

Reference: B.K. Narayan & Preeti Narayan (2006) Positive Parenting: Make Your Children Winners

No comments:

Post a Comment