Friday, June 1, 2018

ផ្លូវភេទ... មានអារម្មណ៍ផ្លូវភេទ... និយាយអំពីរឿងផ្លូវភេទ... គឺមិនល្អទេឬ?

កត្តាវប្បធម៌បានគាបសង្កត់ផ្លូវចិត្តក្នុងសង្គមខ្មែរ មិនអោយមានសេចក្តីក្លាហានក្នុងការនិយាយឬជជែកអំពីសុខភាពផ្លូវភេទ ប៉ុន្តែអារម្មណ៍ផ្លូវភេទជាអារម្មណ៍ធម្មជាតិដែលមិនអាចជៀសរួច ហេីយមានការទាមទារឱ្យបំពេញតម្រូវការនេះបន្ទាប់ពីពេញវ័យគ្រប់ការ។

ជាធម្មតា បន្ទាប់ឈានចូលវ័យគ្រប់ការ យុវជន យុវតីចាប់ផ្តេីមអភិឌ្ឍមនោសញ្ចេតនាស្នេហា ស្របពេលនោះដែរ អារម្មណ៍ផ្លូវភេទក៏ចាប់ផ្តេីមកេីតមាននិងមានតម្រូវការផងដែរ។ មិនខុសពីនារីនោះទេ នៅពេលមិនមានឈាមរដូវ(រាំងរដូវ) នេះជាសញ្ញាបង្ហាញថា មានបញ្ហាសុខភាពអ្វី១ដែលប៉ះពាល់ ឯអារម្មណ៍ផ្លូវភេទក៏ដូចគ្នាដែរ នៅពេលមិនធ្លាប់មានអារម្មណ៍ផ្លូវភេទសោះ នេះជាសញ្ញានៃបញ្ហាសុខភាពផ្លូវភេទ។

កង្វះអារម្មណ៍សុវត្ថិភាព ធ្វេីឱ្យពួកគេនាំគ្នាខិតខំបិទបាំងអារម្មណ៍ពិតខ្លួនឯង ព្រោះតែការរេីសអេីងឬការដៀលត្មះទិទៀនថាមិនល្អ។ ការយល់ដឹងអំពីសុខភាពផ្លូវភេទគឺជារឿងចាំបាច់ ពីព្រោះសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវភេទ គឺជាប់ទាក់ទងគ្នា​ មួយណាមានបញ្ហា គឺប៉ះពាល់ទាំងអស់។

អារម្មណ៍ស្រលាញ់១ នឹក១ ផ្លូវភេទ១ គឺខ្លួនយេីងមិនអាចបញ្ជាវាបានឡេីយ។ សម្រាប់អ្នកមានដៃគូ គឺវាអាស្រ័យលេីដៃគូ បេីដៃគូធ្វេីអោយមានគឺមាន។ ទោះជាយ៉ាងនេះក្តី អារម្មណ៍ទាំងនោះគឺវាអាចផុសឡេីងឯងនៅក្នុងចិត្ត ដោយសារកត្តារំំញោចផ្សេងៗ។

ពាក្យមួយឃ្លាចែងថា: "កុំបង្រៀនក្រពេីឱ្យចេះហែលទឹក"។ ពាក្យនេះគឺឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភរបស់មនុស្សចាស់ ដ្បិតអីផ្លូវភេទគឺងាយជំរុញឱ្យមនុស្សប្រព្រឹត្តវាដ៏ខ្លាំងក្លា ដោយសារវាផ្តល់ក្តីសុខដ៏អស្ចារ្យគ្មានអ្វីប្រៀបស្មេីបាន។ ហេតុនេះហេីយបានជាមនុស្សចាស់ខិតខំប្រៀនប្រដៅឱ្យជៀសវាងជជែក បារម្ភខ្លាចយុវវ័យដែលជាវ័យប្រថុយ ប្រថាន សាកល្បងឬភ្លក្សរសជាតិនៃផ្លូវភេទ បណ្តាលឱ្យភ្លេីតភ្លេីន ភ្លេចការរៀនសូត្រ បោះបង់ការសិក្សា។

"ខ្ញុំមិនដែលមានអារម្មណ៍ផ្លូវភេទនោះទេ ពីព្រោះខ្ញុំមិនដែលគិតអំពីវា វាមិនមានអីសំខន់សម្រាប់ខ្ញុំទេ"។ ទាំងនេះគឺជាសំដីរបស់បុរសនារីមួយចំនួនដែលខំនិយាយការពារខ្លួនឯង ដោយមិនបានចាប់អារម្មណ៍ថា ពាក្យសំដីទាំងនេះគឺប្រាសចាកពីតម្រូវការធម្មជាតិរបស់មនុស្ស។ ការពិត ការមិនចេះមានចំណង់ឬអារម្មណ៍ផ្លូវភេទ គឺអាចប្រឈមនឹងជំងឺផ្លូវភេទ(ជំងឺអសមត្ថភាពផ្លូវភេទ)។ បែបនេះការមិនមានចំណង់ឬអារម្មណ៍ផ្លូវភេទ គឺមិនមែនជារឿងត្រូវត្រេកអរនោះឡេីយ។

ការយល់ដឹងអំពីសុខភាពផ្លូវភេទគឺជារឿងចាំបាច់ ដេីម្បីបង្ការពីជំងឺផ្សេងៗឬការឆ្លងរោគ និងការចេះការពារខ្លួន។ ដូច្នេះការជជែកឬនិយាយអំពីសុខភាពផ្លូវភេទគឺជួយបង្កេីនការយល់ដឹង សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ មិនមែនការជជែកអំពីវាក្លាយជាមនុស្សមិនល្អអីនោះទេ។

នៅកម្ពុជា ជាង30%នៃបញ្ហាមិនចុះសម្រុងក្នុងគ្រួសារ គឺជាប់ទាក់ទងនឹងផ្លូវភេទ ឬការបំពេញតម្រូវការផ្លូវភេទ ដោយសារកង្វះការយល់ដឹងអំពីសុខភាពផ្លូវភេទ។ បញ្ហានេះបានប៉ះពាល់សុខភាពផ្លូវចិត្ត។ ភាគីនារីជាអ្នកងាយប្រឈមនឹងការខកចិត្ត នារីខ្លះមិនធ្លាប់ស្គាល់ឬភ្លក្សរសជាតិសេចក្តីសុខដល់កំពូលទាល់តែសោះ ឯនារីខ្លះទៀតទទួលបានសេចក្តីសុខដល់កំពូលបានខ្លះៗ ហេីយមាននារីតិចតួចប៉ុណ្ណោះដែលទទួលបានក្តីសុខដល់កំពូលគ្រប់ពេល។

យោងតាមការសិក្សាស្រាវជ្រាវនៅប្រទេសចិននៅឆ្នាំ2008 នារីចំនួន ១៥៣៤នាក់ ដែលមានដៃគូជាបុរស បានចូលរួមការសម្ភាសន៍ អំពីកម្រិតញឹកញាប់នៃសេចក្តីសុខដល់កំពូលរបស់នារី។ ភាពញឹកញាប់នៃកម្រងសំណួរគឺៈ ១. សុខស្រួលដល់កំពូលគ្រប់ពេល ២. សុខស្រួលដល់កំពូលញឹកញាប់ ៣. សុខស្រួលដល់កំពូលម្តងម្កាល និង៤. កំរឬមិនដែលសុខស្រួលដល់កំពូលទាល់តែសោះ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវបង្ហាញឱ្យដឹងថា:
   ១. សុខស្រួលដល់កំពូលគ្រប់ពេល     = 7,9%
   ២. សុខស្រួលដល់កំពូលញឹកញាប់     = 26,6%
   ៣. សុខស្រួលដល់កំពូលម្តងម្កាល      = 49,7%
   ៤. កំរឬមិនដែលដល់កំពូលទាល់តែសោះ = 15,8%

បេីពិនិត្យមេីលលទ្ធផលខាងលេី មានតែនារី34,5%ដែលទទួលបានក្តីសុខដល់កំពូលគ្រប់ពេលនិងដល់កំពូលញឹកញាប់ ក្រៅពីនេះគឺ65,5%ប្រឈមនឹងកង្វះក្តីសុខផ្លូវភេទ ព្រមទាំងការខកចិត្តយ៉ាងធ្ងន់ធ្ងរចំពោះដៃគូនិងជីវិតរស់នៅ។

ក្នុងបរិបទខ្មែរ យោងតាមបទពិសោធន៍ការងារជាក់ស្តែងនៃការផ្តល់ប្រឹក្សាជាមួយអ្នកមានបញ្ហាឬជំងឺផ្លូវចិត្ត មូលហេតុនៃកង្វះក្តីសុខផ្លូវភេទដល់កំពូល គឺជាប់ទាក់ទងនឹង កង្វះទទួលបានអារម្មណ៍ស្រលាញ់ពីស្វាមី និងកង្វះបច្ចេកទេសផ្លូវភេទរបស់ ស្វាមី ព្រះទាំងកង្វះការគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខផ្លូវភេទពីស្វាមី៕

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
Page: ផ្តល់ប្រឹក្សាវិបត្តិស្នេហា បញ្ហាគ្រួសារ
010 573 233

No comments:

Post a Comment