Thursday, June 14, 2018

ចិត្តមាននិងចិត្តក្រ(Rich Mind Poor Mind)

មកពីខ្លួនខ្ញុំអន់ មិនល្អ មិនស្អាត ទេីបគ្មាននរណាចាប់អារម្មណ៍នឹងខ្ញុំ គិតគូរពីខ្ញុំ។

ខ្ញុំបានស្តាប់ការរ៉ាយរ៉ាប់របស់មនុស្សជាច្រើន បានបញ្ចេញអារម្មណ៍របស់ខ្លួនអំពីការមិនទទួលបាននូវចាប់អារម្មណ៍ឬមិនអើពើទៅនឹងតម្រូវការផ្លូវចិត្តរបស់ខ្លួន។ ការបញ្ចេញអារម្មណ៍បែបនេះជាសញ្ញាបង្ហាញថា ខ្លួនគាត់បាត់បង់តម្លៃជាមួយអ្នកដទៃ។

តម្លៃជាធាតុដ៏សំខាន់មួយនៃផ្លូវចិត្ត។ តម្លៃមានន័យថា ជាភាពសំខាន់។ ប្រភពនៃតម្លៃមាន២គឺ៖ តម្លៃចេញពីខ្លួនឯង (ការឲ្យតម្លៃខ្លួន) និងតម្លៃចេញពីអ្នកដទៃ (ការឲ្យតម្លៃពីអ្នកដទៃ)។

ខ្ញុំសូមលើកយកសម្មតិកម្ម១យកមកវិភាគដើម្បីងាយយល់។ ឧបមាថា មានផ្ទះ២នៅក្បែរគ្នា ផ្ទះទី១ជាផ្ទះអ្នកមាន ឯផ្ទះទី២ជាផ្ទះអ្នកក្រ តើមនុស្សយើងចាប់អារម្មណ៍ផ្ទះមួយណា?ខ្ញុំបានសាកសួរសំណួរខាងលើទៅមនុស្សជាច្រើន គឺចម្លើយបង្ហាញថា ចាប់អារម្មណ៍ផ្ទះអ្នកមាន។

ជាទូទៅ មនុស្សយើងតែងចាប់អារម្មណ៍ផ្ទះអ្នកមាន មានន័យថា ផ្ទះអ្នកមានបានទាក់ទាញបង្កើតជា រូបារម្មណ៍ក្នុងចិត្តអ្នកទស្សនា ដ្បិតអីធម្មជាតិរបស់មនុស្សចូលចិត្តឬមានអារម្មណ៍ល្អចំពោះអ្វីៗដែលមានសោភ័ណភាព ឬស្រស់ស្អាត។

ម្យ៉ាងវិញទៀត ឧបមាថា មានភ្ញៀវមកលេងផ្ទះ ភ្ញៀវទី១គឺជាមនុស្សសាមញ្ញធម្មតា ឯភ្ញៀវទី២គឺជាអ្នកដែលមានបុណ្យស័ក្តិធំដុំ។ តើការទទួលភ្ញៀវទាំង២មានលក្ខណៈដូចគ្នាដែរឬទេ? ខ្ញុំក៏បានសាកសួរសំណួរខាងលើទៅមនុស្សជាច្រើន គឺចម្លើយបង្ហាញថា របៀបទទួលភ្ញៀវគឺខុសគ្នា គឺចាប់អារម្មណ៍ឬគិតគូរយកចិត្តទុកដាក់ចំពោះភ្ញៀវអ្នកធំខ្លាំងជាង។

បើយើងវិភាគចំពោះសម្មតិកម្មទាំង២ខាងលើ យើងអាចយល់បានថា ក្នុងសង្គមរស់នៅគឺគេឲ្យតម្លៃទៅលើអ្វីដែលល្អ អ្វីដែលធំ អ្វីដែលខ្ពង់ខ្ពស់ អ្វីដែលមាន។

ចំពោះផ្លូវចិត្តក៏មិនខុសគ្នាដែរ។ មនុស្សដែលមានបញ្ហាសុខភាពផ្លូវចិត្តឬផ្លូវចិត្តទន់ខ្សោយ ហៅថា «ចិត្តក្រ» ឯមនុស្សដែលមានសុខភាពផ្លូវចិត្តល្អ ឬផ្លូវចិត្តរឹងមាំ ហៅថា «ចិត្តមាន»។ នៅពេលមានបញ្ហា មនុស្សយើងតែងតែស្វះស្វែងរកវិធីគ្រវ់គ្រង ឬដំណោះស្រាយ ឬផ្លាស់ប្តូរ តែលទ្ធផលមិនបានប្រសើរក៏ខកចិត្ត ហើយ ក៏ផុសអារម្មណ៍តែលតោល អស់កម្លាំងចិត្ត រហូតដល់អស់សង្ឃឹមក្នុងជីវិត។ ពេលនោះមានមនុស្សខ្លះខិតខំតស៊ូជំនះ ឯមនុស្សខ្លះក៏បោះបង់គោលដៅរបស់ខ្លួនចោល។ ជាក់ស្តែង មនុស្សខ្លះលះបង់ខ្លួនឯងចោល លែងគិតពីខ្លួនឯងដោយសារការគិតគូរឆ្អែតមិនមានលទ្ធផល។

ការបោះបង់ខ្លួនឯងចោលគឺកាន់តែធ្វើឲ្យសុខភាពផ្លូវចិត្តរបស់ខ្លួន កាន់តែទ្រុធទ្រោម កាន់តែទន់ខ្សោយ។ ការបោះបង់ខ្លួនឯងចោល គឺកាន់តែរុញច្រានខ្លួនឯងឲ្យលិចបាត់កាន់តែជ្រៅ ធ្វើឲ្យអ្នកដទៃកាន់តែលែងមើលឃើញឬចាប់អារម្មណ៍មកលើខ្លួន។

សម្រាប់ជីវិតគូស្រករឬស្នេហា តម្រូវការអទិភាព៣ដែលដៃគូតែងតែទាមទារពីគ្នា គឺតម្រូវការផ្លូវកាយ តម្រូវការផ្លូវចិត្ត និងតម្រូវការផ្លូវភេទ។ សាមីខ្លួនតែងតែនឹកស្រមៃចង់ឲ្យដៃគូខ្លួនគិតគូរពីសុខទុក្ខផ្លូវកាយរបស់ខ្លួន សុខទុក្ខផ្លូវចិត្តរបស់ខ្លួន និងសុខទុក្ខផ្លូវភេទរបស់ខ្លួន ដែលពាក្យចាស់បុរាណខ្មែរចែងថា «ត្រូវចេះរួមសុខនិងរួមទុក្ខ»។

ចង់ឲ្យគេចាប់អារម្មណ៍នឹងខ្លួន ជម្រើសអទិភាពគឺត្រូវគិតគូរពីតម្រូវការរបស់ខ្លួន ពីព្រោះមានតែការគិតគូរពីខ្លួនឯងប៉ុណ្ណោះដែលជួយឲ្យខ្លួនឯងទទួលបានតម្រូវការដែលខ្លួនចង់បាន និងពេញលេញ ហើយនាំឆ្ពោះទៅរកភាពរឹងមាំនៃផ្លូវចិត្ត(ចិត្តមាន)។

តើការអង្គុយរង់ចាំឲ្យគេគិតគូរពីតម្រូវការរបស់ខ្លួនអាចមានក្តីសង្ឃឹមឬទេ? ភាគច្រើនលើសលប់នៃមនុស្សដែលអង្គុយរង់ចាំឲ្យគេគិតគូរពីខ្លួនឯង ទីបំផុតប្រឈមនឹងការខកចិត្ត និងអស់សង្ឃឹម។ បែបនេះជម្រើសដែលប្រសើរគឺមានតែខ្លួនឯងត្រូវគិតគូរពីតម្រូវការរបស់ខ្លួនឯង ទើបអាចបញ្ជៀសផុតពីការខកចិត្ត។ សូម្បីតែមនុស្សក្នុងផ្ទះតែមួយ(ប្តី ឬប្រពន្ធ ឬកូន ឬឪពុកម្តាយ ឬជីដូនជីតា) ក៏ពិបាកនឹងមានក្តីរំពឹងថាគេគិតគូរពីតម្រូវការខ្លួនដែរ។

នៅពេលខ្លួនយើងជួយឲ្យសុខភាពផ្លូវចិត្តរបស់ខ្លួនបានល្អហើយ បើតាមជំនឿគឺហុងស៊ុយ ឬរាសីឡើង ឬបើក។ បែបនេះការចាប់អារម្មណ៍ពីអ្នកដទៃគឺមានឯង ដ្បិតអីពេលផ្លូវចិត្តល្អ ទឹកមុខស្រស់ស្រាយ វាចាក៏ពិរោះ ឯទង្វើក៏សមសួនតាមនឹងដែរ ដែលជាមន្តស្នេហ៍ដ៏ស័ក្តិសិទ្ធិ។ ប៉ុន្តែបើយើងបណ្តោយឲ្យសុខភាពផ្លូវចិត្តយើងទន់ខ្សោយ ឬមិនល្អ ហុងស៊ុយឬរាសីធ្លាក់ចុះឬបិទ។ ពេលផ្លូវចិត្តមិនល្អ ទឹកមុខយ៉ាប់យ៉ឺន វាចាក៏មិនពិរោះ ឯទង្វើក៏ឆ្គាំឆ្គងតាមនឹងដែរ ដែលរុញច្រានមនុស្សឲ្យចាកចេញឆ្ងាយ លែងជាទីចាប់អារម្មណ៍ពីអ្នកដទៃ។

សរុបសេចក្តីមក ការគិតគូរពីតម្រូវការរបស់ខ្លួនគឺជាកត្តាចាំបាច់បំផុត ដើម្បីលើកតម្កើងរាសីរបស់ខ្លួន។

ស៊ាង លាប
អ្នកចិត្តសាស្រ្ត
Page: ផ្តល់ប្រឹក្សាវិបត្តិស្នេហា បញ្ហាគ្រួសារ
010 573 233

No comments:

Post a Comment