តេីអាពាហ៍ពិពាហ៍ទាំងអស់គឺសុទ្ធកេីតចេញពីការស្រលាញ់មែនឬទេ?
ក្នុងការសម្រេចចិត្តសម្រាប់អាពាហ៍ពិពាហ៍ គឺមានមូលដ្ឋាន២ក្នុងការសម្រេចចិត្ត គឺខួរក្បាល និងបេះដូង។ សម្រាប់មនុស្សប្រេីខួរក្បាលជាគោល គឺពិតជាពិបាកនឹងទទួលបានអារម្មណ៍ស្រលាញ់ណាស់ក្នុងចំណងអាពាហ៍ពិពាហ៍នឹងនោះ។
ក្រោយពីរៀបការរួច នៅពេលភាគីណា១ទទួលបានអារម្មណ៍ស្រលាញ់ធ្លាក់ចុះឬកាន់តែខ្សោយទៅ ភាគីនោះតែងសាកសួរថា: តេីអ្នក(បងឬអូន)ស្រលាញ់ខ្ញុំ(អូនឬបង)អត់? សំណួរនេះគឺជារឿយៗតែងតែឮសឹងគ្រប់គូស្វាមីភរិយា។ ជាទូទៅ គឺដៃគូតែងផ្តល់ចម្លេីយស្រប ទោះបីកុហកខ្លួនឯងក៏ដោយ ព្រោះតែមិនចង់មានការអន់ចិត្តឬមានបញ្ហារាលដាល។ ឯគូស្វាមីភរិយាខ្លះឆ្លេីយការពារខ្លួនថា "បេីមិនស្រលាញ់ គឺខ្ញុំមិនរៀបការជាមួយទេ"។ តាមពិត បេះដូងអ្នកសួរទទួលអារម្មណ៍យ៉ាងច្បាស់ថា ដៃគូខ្លួនស្រលាញ់ខ្លួនមែនឬយ៉ាងណា?
មានវិធីសួរដៃគូដេីម្បីទទួលបានចម្លេីយកាន់តែសុក្រិត្យ ពោលគឺផ្លាស់ប្តូររបៀបសួរ ដោយផ្លាស់ប្តូរអំពីសំណួរថា "តេីអ្នក(បងឬអូន)ស្រលាញ់ខ្ញុំ(អូនឬបង)អត់? ទៅជាសំណួរថា "តេីអ្នក(បងឬអូន)ទទួលបានអារម្មណ៍ស្រលាញ់ពីខ្ញុំ(អូនឬបង)ប៉ុណ្ណា?" តេីដឹងឬទេថា ខ្ញុំ(បង ឬអូន)ទទួលបានអារម្មណ៍ស្រលាញ់ពីអ្នក(បងឬអូន)ប៉ុណ្ណា? សំណួរនេះគឺជួយអោយអ្នកឆ្លេីយបង្ហាញអារម្មណ៍កាន់តែសុក្រិត្យ បេីអត់គឺឆ្លេីយថាអត់ បេីទទួលបានខ្លះគឺឆ្លេីយថាបានខ្លះ បេីទទួលបានពេញលេញគឺឆ្លេីយថាបានពេញ។
ស្រលាញ់បែបស្នេហា ជាតម្រូវការចាំបាច់បំផុតផ្នែកផ្លូវចិត្ត។ នៅពេលឈានចូលវ័យគ្រប់ការ ទាំងយុវជននិងយុវតីចាប់ផ្តេីមអភិវឌ្ឍមនោសញ្ចេតនាស្នេហា ផ្តេីមទាមទារឱ្យបំពេញតម្រូវការសេចក្តីស្រលាញ់ ដោយអមទាំងតម្រូវការផ្លូវភេទ។ យោងតាមចិត្តសាស្រ្ត បុរសត្រូវការផ្លូវភេទដេីម្បីបេីកចំហទៅរកក្តីស្រលាញ់ ឯនារីត្រូវការអារម្មណ៍ស្រលាញ់ ដេីម្បីបេីកចំហទៅរកផ្លូវភេទ។ ស្រលាញ់ ឬមិនស្រលាញ់ ធាតុចម្បងនៃស្នេហាចំនួន៥ សម្រាប់យកមកពិនិត្យផ្ទៀងផ្ទាត់គឺ:
- ការផ្តល់អារម្មណ៍មានតម្លៃ
- ការផ្តល់អារម្មណ៍យល់ចិត្ត(យល់អារម្មណ៍)
- ការផ្តល់អារម្មណ៍គិតគូពីសុខទុក្ខឬយកចិត្តទុកដាក់
- ការផ្តល់អារម្មណ៍សុវត្ថិភាព
- ការផ្តល់អារម្មណ៍ត្រេកអរ
នៅពេលធាតុទាំង៥ខាងលេីទទួលបានពេញលេញ អារម្មណ៍ស្រលាញ់ផុសឡេីងដោយឯកឯង បែបនេះត្រឹមពាក្យហារថា "ស្រលាញ់" គឺមិនទាន់ច្បាស់ថាស្រលាញ់នោះទេ ពោលគឺត្រូវការ: កាយ វាចា និងចិត្ត វេញជាធ្លុង១។ គូស្វាមីភរិយាខ្លះប្រណិបត្តិបានត្រឹមសំដី ឯកាយនិងចិត្តគឺមិនបានដូចគ្នានោះទេ។
អាពាហ៍ពិពាហ៍ខ្លះគឺរៀបចំគ្រាន់តែលំអភ្នែកញាតិ ពោលគឺសម្រាប់តែកិត្តិយសគ្រួសារប៉ុណ្ណោះ។ វាប្រៀបដូចជា នៅពេលកំពុងតែឃ្លាន ស្រាប់តែគេយកនំអន្សមជូន១គ្រាន់ឆី ពេលកំពុងញ៉ាំ ពោលសរសេីរថា "ឆ្ងាញ់ ប៉ុណ្ណឹងទទួលយកបាន"។ ពាក្យចាស់ពោលថា "ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ"។ ដោយសេចក្តីស្រែកឃ្លាន ធ្វេីដូចម្តេចអោយតែចំអែតក្រពះ តែធាតុពិត គឺខ្លួនមិនមែនត្រូវការនំអន្សមទេ គឺត្រូវការគុយទាវឬបាយមាន់ឯណោះទេ។ សេចក្តីស្រលាញ់ក៏ដូចគ្នានឹងរឿងនំអន្សមនឹងដែរ នៅពេលទន្ទឹងរង់ចាំគុយទាវឬបាយមាន់ មិនឃេីញពន្លឺ ស្រាប់តែប្រទះអន្សមដែលគេហុចឱ្យ ក៏បន្ទន់ចិត្តទទួលយកទៅ។
ជាក់ស្តែង យុវជនយុវនារីខ្លះគឺបែបនេះ ទន្ទឹងរង់ចាំមនុស្សដែលបេះដូងខ្លួនត្រូវការ មិនមានពន្លឺសោះ ក៏ដាក់ចិត្តទទួលយកមនុស្សដែលបេះដូងមិនពេញចិត្ត ដេីម្បីលំអភ្នែកញាតិ ពីព្រោះតែពាក្យសំដីសួរនាំអំពីរឿងគូស្រករ បានចាក់ដោតនិងដាក់សំពាធផ្លូវចិត្តរហូតបង្ខំចិត្តទទួលយកទៅ។ ឯយុវជនយុវនារីខ្លះព្រោះតែខ្វះជំនាញបេីកបេះដូង ក៏ត្រូវញាតិមិត្តជួយផ្ចុងផ្តេីមដេីម្បីឱ្យមានគូស្រករ រួចក៏ទទួលយកតាមការណែនាំទៅ។
មនុស្សទាំង២ប្រភេទនេះគឺជាក្រុមមនុស្សប្រេីខួរក្បាលសម្រាប់ជ្រេីសរេីសគូស្រករ។
ទោះជាយ៉ាងនេះក្តី ការស្រោចស្រង់គឺអាចធ្វេីទៅបាន គឺត្រូវការការផ្តោតយកចិត្តទុកដាក់រៀនសូត្រពីវិធីបំពេញតម្រូវការបេះដូងជូនគ្នាទៅវិញទៅមក។ បេីមិនដូច្នោះទេ អាពាហ៍ពិពាហ៍នឹងសោះកក្រោះ បេះដូងនឹងរីងរៃដោយសារកង្វះអាហារបេះដូង។ បេីបែបនេះគឺពិបាកកេីតមានអារម្មណ៍ស្រលាញ់ខ្លាំងណាស់ ហេីយសេចក្តីសុខក៏ពិបាកកេីតមានដែរ ដ្បិតអីសេចក្តីសុខគឺស្ថិតលេីបេះដូង។
តម្រូវការបេះដូងនិងតម្រូវការខួរក្បាលគឺជាធាតុចាំបាច់សម្រាប់សុភមង្គលគ្រួសារ៕
ស៊ាង លាប
អ្នកចិត្តសាស្រ្ត
Page: ផ្តល់ប្រឹក្សាវិបត្តិស្នេហា បញ្ហាគ្រួសារ
010 573 233
No comments:
Post a Comment