៤ជំហានសម្រាប់គ្រប់គ្រងអារម្មណ៍ខឹង
ជំហានទី ១ តាមដាន និង កំណត់ឈ្មោះអារម្មណ៍
·
ក្រៅពីពេលគេងលក់
សូមព្យាយាមតាមដានអារម្មណ៍របស់ខ្លួន ដោយសួរសំណួរខ្លួនឯងថា៖
តើពេលនេះខ្ញុំមានអារម្មណ៍ដូចម្តេច? ត្រូវសួរខ្លួនឯងឲ្យបានកាន់តែញឹកញាប់ កាន់តែល្អ
ពីព្រោះវិធី នេះគឺជួយឲ្យយើងមានសតិរឮក។
·
ជាធម្មតា
អារម្មណ៍មានពីរប្រភេទគឺ អារម្មណ៍សោមនស្ស (ល្អ ឬវិជ្ជមាន) និងអារម្មណ៍ទោមនស្ស
(មិនល្អ ឬអវិជ្ជមាន)។ អារម្មណ៍ល្អមានដូចជា៖ សប្បាយចិត្ត រំភើប ពេញចិត្ត ត្រេកអរ
មានសង្ឃឹម ...។ អារម្មណ៍ល្អគឺជាប្រភពថាមពលផ្លូវចិត្ត ពោលគឺពេលមានអារម្មណ៍ល្អ
គឺក្នុងខ្លួនមានថាមពលកើនឡើង។ អារម្មណ៍មិនល្អមានដូចជា៖ ខឹង ព្រួយចិត្ត ឬគិតច្រើន
ខកចិត្ត តូចចិត្ត ឈឺចាប់ អស់សង្ឃឹម តែលតោល...។
អារម្មណ៍មិនល្អគឺធ្វើឲ្យថាមពលក្នុងខ្លួនថយចុះយ៉ាងគំហុក។
·
សូមឲ្យច្បាស់ខ្លួនឯងថា
តើអារម្មណ៍នោះឈ្មោះអ្វី?
ជំហានទី ២
ទទួលស្គាល់អារម្មណ៍
·
នៅពេលកំណត់អារម្មណ៍បានក្នុងជំហានទី១រួចហើយ
ត្រូវទទួលស្គាល់អារម្មណ៍នោះ ដោយនិយាយក្នុងចិត្តថា៖ ពេលនេះខ្ញុំមានអារម្មណ៍...
ដោយសារ... (ហេតុការណ៍ដែលធ្វើឲ្យមានអារម្មណ៍បែបនោះ)។
·
ពាក្យខ្មែរ
“ផ្លូវចិត្ត” “ផ្លូវអាកាស”... គឺមានន័យល្អណាស់។
យន្តហោះកាលណាបើកបរខុសផ្លូវ គឺ មានបញ្ហា ឯផ្លូវចិត្តមនុស្សវិញក៏ស្រដៀងគ្នាដែរ
កាលណាចិត្តហោះហើរខុសផ្លូវ គឺមានបញ្ហា មានន័យថា
ការផ្ចង់អារម្មណ៍របស់ខ្លួនលែងបានល្អ។
·
នៅពេលអារម្មណ៍មិនល្អកើតមានឡើង
ចិត្តឬអារម្មណ៍តែងហោះហើរចេញពីខ្លួន ពនេចរឥតទិសតំបន់ វិលវល់។
សារប្រយោជន៍នៃការទទួលស្គាល់អារម្មណ៍ គឺជួយទាញចិត្តឲ្យមកនៅជាមួយនឹងកាយវិញ។ កាលណាចិត្តនិងកាយនៅជាមួយគ្នា
នោះទើបខ្លួនយើងរឹងមាំបាន។
·
ការទទួលស្គាល់អារម្មណ៍
គឺជួយបញ្ឈប់ការប្រើប្រាស់ថាមពលផ្លូវចិត្តដែលឥតប្រយោជន៍
ហើយចាប់ផ្តើមស្តារថាមពលផ្លូវចិត្តឡើងវិញ។
ជំហានទី ៣
សម្រួលអារម្មណ៍ឬធ្វើឲ្យស្ងប់ចិត្តដោយប្រើប្រាស់លំហាត់ដកដង្ហើម
·
ការទទួលស្គាល់អារម្មណ៍
មានន័យថា យើងបានទាញបង្វែរចិត្តឲ្យមកនៅជាមួយកាយវិញ។
តែចិត្តគឺងាយពនេចរឬហោះហើរចេញទៅវិញ។
·
បែបនេះ
លំហាត់ដកដង្ហើមគឺអាចជួយទាញបង្វែរចិត្តឲ្យនៅជាមួយនឹងកាយបានរយៈពេលវែង។
នៅពេលចិត្តនិងកាយនៅជាមួយគ្នា គឺមានន័យថា យើងមានការផ្ចង់អារម្មណ៍បានល្អ
ដែលជាកត្តាសំខាន់ធ្វើឲ្យមានការចងចាំបានល្អ។
·
បន្ទាប់ពីទទួលស្គាល់អារម្មណ៍រួចហើយ
ត្រូវអនុវត្តលំហាត់ដកដង្ហើមភ្លាម (ប្រសិនបើមានពេលវេលាខ្លី អាចអនុវត្តពី៣-៥នាទី តែបើមានពេលវេលាគ្រប់គ្រាន់
អាចអនុវត្តពី១០-១៥នាទី)។
ការអនុវត្តលំហាត់ដកដង្ហើម គឺអាចធ្វើបានក្នុងឥរិយាបថដេក ឈរ អង្គុយ(អាចលើកៅអី
ឬផ្ទាល់ដី)បែបសមាធិ។
·
របៀបអនុវត្តលំហាត់ដកដង្ហើម
គឺពេលដកដង្ហើមចូល ផ្ទៃពោះបានប៉ោងឡើង និងពេលដកដង្ហើម ចេញផ្ទៃពោះបានផុតចុះ
ពេលដកដង្ហើមគឺមិនត្រូវបញ្ចេញសូរសម្លេងនោះទេ។ ពេលដកដង្ហើមចូល
សូមផ្ចង់អារម្មណ៍លើខ្យល់ដង្ហើមចូល។ ពេលដកដង្ហើមចេញ
សូមផ្ចង់អារម្មណ៍លើខ្យល់ដង្ហើមចេញ។ សូមដកដង្ហើមចូលនិងចេញតាមសម្រួលឲ្យបានវែងៗ។
ជំហានទី ៤
គិតនិងធ្វើសកម្មភាពដែលខ្លួនចូលចិត្តភ្លាម
·
បន្ទាប់ពីអនុវត្តលំហាត់ដកដង្ហើមរួច
ចិត្តឬអារម្មណ៍រាងស្ងប់ សូមគិតនិងធ្វើសកម្មភាពអ្វីដែលខ្លួន ចូលចិត្តភ្លាម។
·
អារម្មណ៍
ការគិត និងអាកប្បកិរិយា គឺជាធាតុសំខាន់នៃចិត្ត។ ធាតុទាំងបីនេះគឺមានទទួលរងអន្តរ
អំពើលើគ្នាទៅវិញទៅមក។ កាលណាអារម្មណ៍ផ្លាស់ប្តូរ ការគិតក៏ផ្លាស់ប្តូរ
ឯអាកប្បកិរិយាក៏ផ្លាស់ ប្តូរ មានន័យថា មួយណាផ្លាស់ប្តូរ គឺផ្លាស់ប្តូរទាំងអស់។
·
ឧបមាថា
ពេលខ្លួនយើងមានអារម្មណ៍មិនល្អដោយពេលនោះគឺយើងអង្គុយលើកៅអី សូមក្រោកដើរចេញ។ ធ្វើបែបនេះមានន័យថា
ខ្លួនយើងផ្លាស់ប្តូរអាកប្បកិរិយាហើយ។ បន្ទាប់មក អារម្មណ៍និងការគិតក៏
ផ្លាស់ប្តូរផងដែរ។
នៅពេលអារម្មណ៍ផ្លាស់ប្តូរ សូមបន្តកត់សំគាល់
ថាតើអារម្មណ៍ថ្មីនោះជាអារម្មណ៍ល្អ ឬមិនល្អ។ បើ ជាអារម្មណ៍ល្អ
គឺខ្លួនយើងចាប់ផ្តើមស្តារថាមពលផ្លូវចិត្តឡើងវិញហើយ។
No comments:
Post a Comment