ឆ្នាំថ្មី... ឬ ចិត្តថ្មី...?
តាមពិត ឆ្នាំនៅតែដដែល អ្វីៗត្រឹមតែជាការសន្មតិ។ អ្វីដែលថ្មីពិតប្រាកដគឺចិត្តមនុស្ស។ ត្រូវលះបង់ចិត្តអកុសល ហេីយប្រណិបត្តិព្រហ្មវិហារធម៌ នោះទេីបសេចក្តីសុខកេីតមានដល់លោកអ្នក និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ ពីព្រោះព្រហ្មវិហារធម៌ជាអាហារចាំបាច់សម្រាប់ផ្លូវចិត្ត។រាល់ពេលចូលឆ្នាំ បុគ្គលខ្លះខំបន់ស្រន់ឱ្យគ្រោះកម្មចាកផុតតាមឆ្នាំចាស់ អ្វីៗដែលល្អកេីតនៅឆ្នាំថ្មី។ តេីការពិតអ្វីៗដែលល្អកេីតមានដោយសារអ្វី?
យោងតាមពុទ្ធឱវាទ អ្វីដែលល្អ(សំណាងល្អឬមានលាភសំណាង)មិនមែនកេីតមានដោយការបន់ស្រន់នោះទេ គឺកេីតមានឡេីងដោយការប្រណិបត្តិ ពោលគឺកាយ-វាចា-ចិត្តប្រកាន់ខ្ជាប់នូវកុសលធម៌:
- ប្រកាន់ខ្ជាប់វិចីសុច្ចរិត បេីសំដីអាក្រក់ទោះមុខស្អាតប៉ុនណាក៏លែងមានមន្តស្នេហ៍ ពីព្រោះសម្លេងនិងសំដីគឺជាចំណងអារម្មណ៍និងជាមន្តស្នេហ៍ទាក់ទាញរបស់បុគ្គលគ្រប់រូប។
- ប្រកាន់ខ្ជាប់មនោសុច្ចរិត ។ ចិត្តគឺជាស្នូលឬជាមូលដ្ឋាននៃវាចានិងទង្វេី។ ចិត្តឬមនោសុច្ចរិតឬចិត្តត្រជាក់ឬស្ងប់ គឺជាប្រភពនៃក្តីសុខ។
- ប្រកាន់ខ្ជាប់កាយសុច្ចរិត គឺប្រាសចាកទង្វេីអកុសល។
តេីព្រហ្មវិហារត្រូវប្រណិបត្តិយ៉ាងដូចម្តេច?
១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។ ឬសគល់នៃមេត្តាគឺការឱ្យតម្លៃ។ បេីមិនមានការឱ្យតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកេីតមានឡេីយ។ ការឱ្យតម្លៃមាន២គឺ ការឱ្យតម្លៃខ្លួនឯង និងការឱ្យតម្លៃអ្នកដទៃ។ នៅពេលបុគ្គលឱ្យតម្លៃខ្លួនឯង គឺមានមេត្តាឱ្យខ្លួនឯង និងនៅពេលឱ្យតម្លៃអ្នកដទៃ គឺមានមេត្តាឱ្យអ្នកដទៃ។ បែបនេះមេត្តាកេីតមានបានលុះត្រាតែប្រណិបត្តិការឱ្យតម្លៃ។
២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វេីឱ្យទុក្ខសោករសាយឬធូរស្បេីយ។ ករុណាមិនមែនជាការអាណិតឡេីយ។ ការអាណិតមិនអាចជួយអោយទុក្ខសោកធូរស្បេីយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេក អាណោចអាធម កំសត់ និងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។ ឬសគល់នៃករុណាគឺការយល់ចិត្ត (Empathy)និងការគិតគូរយកចិត្តទុកដាក់(Care)។ បែបនេះករុណាកេីតមានបានលុះត្រាតែប្រណិបត្តិការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់។
៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយេីងស្រលាញ់។ បេីខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡេីយ។ ការមានអារម្មណ៍ល្អអំពីខ្លួនឯង គឺជាគ្រឹះនៃមុទិតា មានន័យថា ធ្វេីអោយខ្លួនឯងមានអារម្មណ៍រំភេីបរីករាយចិត្ត។ បែបនេះមុទិតាកេីតមានបានលុះត្រាតែធ្វេីអោយខ្លួនឯងនិងអ្នកដទៃទទួលអារម្មណ៍រំភេីបរីករាយចិត្ត ដោយកាយក្តី វាចាក្តី ឬចិត្តក្តី។
៤. ឧបេក្ខា មានន័យថា មិនរេីសអេីង ទទួលយក។ ឬសគល់នៃឧបេក្ខាគឺការផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺមិនធ្វេីអោយបារម្ភ ព្រួយ ភ័យ ខ្លាច ពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។ បែបនេះឧបេក្ខាកេីតមានបានលុះត្រាតែផ្តល់ជូនអារម្មណ៍សុវត្ថិភាព។
សរុបសេចក្តីមក ឆ្នាំនៅតែឆ្នាំ ឆ្នាំគឺជាការសន្មតិ។ បេីគ្រោះកម្មកេីតមាននៅឆ្នាំកន្លងទៅ គឺវាកេីតចេញពីកាយវាចាចិត្តរបស់ខ្លួន ផលថ្មីកេីតមានលុះត្រាតែមានកម្មថ្មីដែលកេីតចេញពីចិត្តថ្មី។ បេីយកម្ទេសដាក់ចូលមាត់ រមែងបានរសជាតិហិរ តែបេីចង់បានរសជាតិផ្អែមត្រូវដាក់ស្ករចូលក្នុងមាត់។ តែបេីនៅបន្តដាក់ម្ទេសចូលមាត់ដដែល រសជាតិហិរនៅតែហិរដដែល៕
Seang Leap
Psychologist
No comments:
Post a Comment