Tuesday, January 1, 2019

តេីក្តីសុខក្នុងគ្រួសារមានប្រភពមកពីណា?


សេចក្តីសុខរបស់មនុស្សមានប្រភពធំពីរគឺ(១) ខួរក្បាល និង(២) បេះដូង ពោលគឺការបំពេញតម្រូវការខួរក្បាល និងការបំពេញតម្រូវការបេះដូង ដែលតម្រូវការទាំង២នេះមិនអាចខ្វះមួយណាបាន រៀបដូចបុរសនារីដែលតែងត្រូវការគ្នាទៅវិញទៅមក។

តើតម្រូវការខួរក្បាលមានអ្វីខ្លះ? តើតម្រូវការបេះដូងមានអ្វីខ្លះ?

១. តម្រូវការខួរក្បាល
ទិដ្ឋភាពនៃតម្រូវការខួរក្បាល គឺផ្តោតសំខាន់តែលើវិធីសម្រួលជីវិតរស់នៅឲ្យរលូន។ សម្រាប់តម្រូវការខួរក្បាល គឺបុរសនារីត្រូវការ៖
- រូបសម្បត្តិៈ
* វ័យៈ ក្មេង ចាស់...
* មុខមាត់? រូបរាង?
* សម្បុរ?
* កំពស់?
* សម្រស់យ៉ាងដូចម្តេច? ស្អាត... សង្ហារ...
- កម្រិតវប្បធម៌ៈ រៀនដល់ថ្នាក់ណា មានជំនាញវិជ្ជាជីវៈអ្វី?
- ការងារៈ ជាប្រភេទការងារល្អ? ប្រាក់ខែច្រើន?
- បុគ្គលិកលក្ខណៈ ស្លូត សុភាព រមទម្យ កាច...
- វង្សត្រកូលៈ ថ្លៃថ្នូរ? កិត្តិយស?
- កម្រិតជីវភាពៈ ជាគ្រួសារអ្នកមាន អ្នកមធ្យម?
- តួនាទីឬអំណាចៈ ឋានៈបុណ្យស័ក្តិកម្រិតណា?
- ។ល។ និង។ល។

២. តម្រូវការបេះដូង
តម្រូវការបេះដូងគឺមិនទាក់ទងនឹងលុយកាក់ ឬទ្រព្យ សម្បត្តិ ឬរូបសម្បត្តិឡេីយ ពោលគឺបេះដូងត្រូវការក្តីស្រលាញ់ពិត។ អារម្មណ៍ទាំង៥ដែលត្រូវបំពេញ ដេីម្បីធ្វេីឱ្យអារម្មណ៍ស្រលាញ់ផុសឡេីងគឺៈ

ទី១ ឲ្យតម្លៃៈ តម្លៃមានន័យថា ភាពសំខាន់ ភាពពិសេស។ ការឲ្យតម្លៃមានន័យថា កាយ វាចា និងចិត្តរបស់ខ្លួន ធ្វើអោយដៃគូទទួលអារម្មណ៍ថា គាត់សំខាន់ គាត់ពិសេស មិនអាចរស់នៅដោយមិនមានគាត់ឡើយ។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា ខ្លួនមានតម្លៃ។

ទី២ យល់ចិត្តឬយល់អារម្មណ៍ៈ យល់ចិត្តមានន័យថា ជាសមត្ថភាពនៃការយល់អារម្មណ៍ដៃគូរបស់ខ្លួន ជាការដាក់ខ្លួនយើងទៅក្នុងស្ថានភាពដៃគូ តាមទស្សនៈយល់ឃើញរបស់ដៃគូ តើដៃគូមានអារម្មណ៍ដូចម្តេច? ឧ. ពេលដៃគូមានអារម្មណ៍អស់កម្លាំងក្រោយពីធ្វើការងាររួច ការនិយាយទៅកាន់គាត់បែបយល់ចិត្តគឺ មើលទៅ ហាក់ដូចជាអស់កម្លាំងខ្លាំងថ្ងៃនេះ។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានអ្នកយល់ចិត្ត។

ទី៣ គិតគូរយកចិត្តទុកដាក់ៈ មានន័យថា គិតគូរពីសុខទុក្ខផ្លូវកាយ សុខទុក្ខផ្លូវចិត្ត និងសុខទុក្ខផ្លូវភេទរបស់ដៃគូខ្លួន ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានអ្នកគិតគូរយកចិត្តទុកដាក់។

ទី៤ អារម្មណ៍សុវត្ថិភាពៈ មានន័យថា មិនធ្វើឲ្យដៃគូមានអារម្មណ៍ខ្លាច ភ័យ ព្រួយ បារម្ភ គឺធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា សុខស្ងប់ ពោរពេញដោយភាពជឿជាក់។ ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួលអារម្មណ៍ថា មានសុវត្ថិភាព។

ទី៥ អារម្មណ៍ត្រេកអរ(រំភើបរីករាយចិត្ត): ក្នុងជីវិតមនុស្ស សុខនិងទុក្ខជាគូនឹងគ្នា ដូច្នេះត្រូវធ្វើឲ្យដៃគូទទួល អារម្មណ៍ត្រេកអរ ដោយធ្វេីឱ្យរំភើបរីករាយចិត្ត ពោលគឺដោយកាយ វាចា និងចិត្តជាធ្លុងតែ១ ធ្វើឲ្យដៃគូខ្លួនទទួល អារម្មណ៍ថា មានក្តីរីករាយនិងរំភើបចិត្ត។

លទ្ធផលនៃការផ្តោតតែលេីតម្រូវការខួរក្បាល:

គូស្វាមីភរិយាខ្លះក្លាយជាប្តីប្រពន្ធដោយការរៀបចំទុកដាក់ពីឪពុកម្តាយ ការធ្វេីបែបនេះគឺជាការបំពេញតែតម្រូវការខួរក្បាល។ ភាគីនីមួយខិតខំកែច្នៃ និងទន្ទឹងរង់ចាំរកសេចក្តីសុខ ចាំបាត់ៗមិនឃេីញពន្លឺនៃសេចក្តីសុខទាល់តែសោះ។ បន្ទាប់មកកំណេីននៃអារម្មណ៍ខកចិត្ត(Frustration)កាន់តែច្រេីនទៅៗ អារម្មណ៍តែលតោល(Helpless:មិនមានអ្វីជួយបាន) និងអស់កម្លាំងចិត្តកេីតមានឡេីង ឯដំណោះស្រាយនៅតែគ្មាន ក៏វិវត្តិទៅជាមានអារម្មណ៍អស់សង្ឃឹមក្នុងជីវិត រហូតមានគំនិតធ្វេីអត្តឃាតថែមទៀត។

លទ្ធផលនៃការផ្តោតតែលេីតម្រូវការបេះដូង

គូស្វាមីភរិយាខ្លះក្លាយជាប្តីប្រពន្ធដោយក្តីស្រលាញ់ចេញពីភាគីទាំង២ ការធ្វេីបែបនេះគឺជាការបំពេញតែតម្រូវការបេះដូង។ អារម្មណ៍ស្រលាញ់ពីដំបូងគឺល្អគ្រប់យ៉ាង គឺប្រៀបដូចជាបង្អែមដែលមិនបានដាក់ទឹកស្ករ ក៏នៅតែផ្អែម។ អារម្មណ៍មនុស្សគឺប្រែប្រួលគ្រប់វិនាទី បែបនេះអារម្មណ៍ស្រលាញ់ក៏ងាយប្រែប្រួលដែរ។ ជាការកត់សំគាល់ អារម្មណ៍ស្រលាញ់គឺកម្រមានពីតិចទៅខ្លាំងណាស់ តែឃេីញសំបូរពីខ្លាំងទៅតិច។ អារម្មណ៍ស្រលាញ់ខ្លះជាក្តីស្រលាញ់បែបតណ្ហាឬកាមគុណ(សម្រស់)។ បែបនេះវាងាយនឹងប្រែប្រួលណាស់។ មិនយូរប៉ុន្មាន បញ្ហាក៏កេីតមានដោយសារជីវិតជីវិតគូស្រករនឹងផ្តោតតែលេីបេះដូង តួយ៉ាងដូចជាស្នេហានាងបដាចារ។

ដេីម្បីបង្កេីតគ្រួសារ១ដែលមានសុខសុភមង្គលទៅបាន:

ការឲ្យអទិភាពទាំងខួរក្បាល និងបេះដូង (មហាប្រពៃ) >>> បេះដូងនិងខួរក្បាលបានបំពេញតម្រូវការ >>> បេះដូង និងខួរក្បាល មានសុខភាពល្អ >>> មានអារម្មណ៍ពេញចិត្តនឹងជីវិតរបស់ខ្លួន និងជីវិតគ្រួសារ >>> ជីវិតមានក្តីសុខ >>> ជីវិតមានសុភមង្គល។

ទោះជាយ៉ាងណាក៏ដោយ ដោយសារធម្មជាតិនៃចិត្តគឺផ្លាស់ប្តូរគ្រប់វិនាទី ការពិនិត្យមេីលអំពីគុណតម្លៃស្នូលទាំង៤របស់គូស្នេហ៍ ក៏ជារឿងចាំបាច់ផងដែរ ដេីម្បីជួយធានាអំពីស្ថិរភាពនៃស្នេហាអោយកាន់តែរឹងមាំគឺ:
- មានឆន្ទៈរក្សាចំណងស្នេហ៍
- មានការប្តេជ្ញាចិត្តឬការតាំងចិត្តរក្សាចំណងស្នេហ៍
- មានការព្យាយាមរក្សាចំណងស្នេហ៍
- មានការទទួលខុសត្រូវចំពោះចំណងស្នេហ៍

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
- ព្យាបាលជំងឺផ្លូវចិត្ត
- ព្យាបាលបញ្ហាគ្រួសារឬប្តីប្រពន្ធ
- ព្យាបាលផ្លូវចិត្តអ្នកញៀនថ្នាំ
- ព្យាបាលវិបត្តិស្នេហា

No comments:

Post a Comment