Sunday, February 3, 2019

ស្នេហាអាហារពេលព្រឹក(Breakfast Love)


បន្ទាប់ឈានចូលវ័យគ្រប់ការ យុវជនយុវនារីចាប់ផ្តេីមទាមទារឱ្យបំពេញសេចក្តីស្រលាញ់បែបស្នេហា។ យុវជនតែងនឹកស្រមៃនិងប្រាថ្នាប៉ងចង់បាន"ទេពធីតាក្នុងសុបិន" ឯយុវនារីក៏នឹកស្រមៃនិងប្រាថ្នាប៉ងចង់បាន"បុរសជិះសេះស ឬបុរសក្នុងសុបិន" ដែលមានន័យថាបុគ្គលនោះអាចឆ្លេីយតបទាំងតម្រូវការបេះដូង(ចេះធ្វេីឱ្យដៃគូលង់ស្នេហ៍)និងតម្រូវការខួរក្បាល។

បន្ទាប់ពីក្រោកពីដំណេក វាគឺជាវេលាកំពុងឃ្លាន ស្រាប់តែមានគេយកនំអន្សម១មកឱ្យ ក៏យកមកហូប ហេីយក៏ពោលថា "ប៉ុននឹងក៏បាន នំនឹងឆ្ងាញ់ដែរតេី"។ ធាតុពិត គឺមិនមែនចង់ហូបនំអន្សមនោះទេ គឺចង់បានហូបបាយភ្លៅមាន់ ឬគុយទាវវិញទេ។ ការទន្ទឹងរង់ចាំ"បុរសជិះសេះស"
ឬ"ទេពធីតាក្នុងសុបិន" មិនឃេីញយាងចុះមកសោះ រង់ចាំយូរទៅគឺកាន់តែយូរ។ ទីបំផុតក៏សម្រេចចិត្តហូបនំអន្សមទៅ។ ជាក់ស្តែង ការខកចិត្តនិងការស្តាយក្រោយកេីតមានឡេីង ដោយសារបេះដូងខ្វះអាហារ។ បែបនេះគេហៅថា ស្នេហាអាហារពេលព្រឹក។

ការរេីសគូស្រករដោយពឹងផ្អែកលេីតម្រូវការខួរក្បាល ដោយមិនបានបំពេញតម្រូវការបេះដូង គឺជាប្រភេទស្នេហាអាហារពេលព្រឹក(Breakfast Love) មានដូចខាងក្រោម:
  - រៀបការតាមសំណេីញាតិមិត្តឬម៉ែឪ
  - រៀបការដោយការចាត់ចែងពីម៉ែឪ
  - រៀបការដោយសារអារម្មណ៍អាណិត
  - រៀបការដោយសារឃេីញចរិតស្លូត សុភាព
  - រៀបការដោយសារអាយុកាន់តែច្រេីនហេីយ
  - រៀបការដោយសារឥទ្ធិពលទ្រព្យ ឬតួនាទីបុណ្យស័ក្តិ

អ្នកដែលជ្រេីសរេីសគូស្រកររៀបការដោយប្រភេទស្នេហាអាហារពេលព្រឹក គឺប្រឈមនឹងកង្វះក្តីសុខ ហេីយមានការខកចិត្តឬស្តាយក្រោយ អស់កម្លាំងចិត្ត ដោយសារកម្លាំងចិត្តគឺស្ថិតលេីបេះដូង សេចក្តីសុខក៏ស្ថិតលេីបេះដូង មិនមែនខួរក្បាលនោះទេ។

មនុស្សភាគច្រេីនលេីសលប់បានប្រេីប្រាស់បេះដូងយ៉ាងល្អសម្រាប់ស្នេហាគ្រាដំបូង តែដល់ពេលរៀបការមែនទែន បែរជាប្រេីខួរក្បាលទៅវិញ។

ចង់បានគ្រួសារ១មានសុខសុភមង្គល​ ការបំពេញទាំងតម្រូវការខួរក្បាលនិងតម្រូវការបេះដូងគឺជាកត្តាចាំបាច់។

ស៊ាង លាប
អ្នកចិត្តសាស្រ្ត

No comments:

Post a Comment