កូនៗមិនអាចទទួលបានក្តីស្រលាញ់ ប្រសិនបេីឪពុកនិងម្តាយមិនបានទទួលអារម្មណ៍ស្រលាញ់រវាងគ្នាទេនោះ
ព្រហ្មវិហារធម៌ជាគ្រឹះនៃសេចក្តីស្រលាញ់ពិតក្នុងសង្គមខ្មែរ។ ព្រហ្មវិហារធម៌ជារាសី១ក្នុងចំណោមរាសីទាំង១២ក្នុងជំនឿដូនតាបុព្វបុរសខ្មែរ។ ចំពោះទំនាក់ទំនងស្នេហាវិញ ព្រហ្មវិហារធម៌ជាកូនសោរបេីកបេះដូងបុរសនារី ពោលគឺវាធ្វេីអោយធ្លាក់ក្នុងអន្លង់ស្នេហ៍រវាងគ្នា។
- តេីឪពុកម្តាយធ្វេីដូចម្តេចទេីបក្លាយជា: "ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌"?
- តេីធ្វេីដូចម្តេចទេីបកូនៗទទួលបានអារម្មណ៍ស្រលាញ់ពិតប្រាកដពីឪពុកម្តាយ?
ព្រហ្មវិហារធម៌ជាធម៌ដ៏ផូរផង់ ហេីយវាមិនអាចកេីតមានចំពោះមនុស្សមិនបរិសុទ្ធនោះឡេីយ ពោលគឺកេីតមានលេីមនុស្សដែលប្រកាន់ខ្ជាប់នូវកាយសុច្ចរិត វិចីសុច្ចរិតនិងមនោសុច្ចរិត។ ព្រហ្មវិហារធម៌គឺ: មេត្តា ករុណា មុទិតា និងឧបេក្ខា។
១. មេត្តា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវភាពរីករាយនិងក្តីសុខ។ ឬសគល់នៃមេត្តាគឺការអោយតម្លៃ។ បេីមិនមានការអោយតម្លៃនោះទេ គឺមេត្តាពិតប្រាកដគឺមិនអាចកេីតមានឡេីយ។ ការអោយតម្លៃមាន២គឺ ការអោយតម្លៃខ្លួនឯង និងការអោយតម្លៃអ្នកដទៃ។ នៅពេលបុគ្គលអោយតម្លៃខ្លួនឯង គឺមានមេត្តាអោយខ្លួនឯង និងនៅពេលអោយតម្លៃអ្នកដទៃ គឺមានមេត្តាអោយអ្នកដទៃ។ បែបនេះមេត្តាកេីតមានបានលុះត្រាតែប្រណិបត្តិការអោយតម្លៃ។
២. ករុណា មានន័យថា ចេតនានិងសមត្ថភាពធ្វេីអោយទុក្ខសោករសាយ។ ករុណាមិនមែនជាការអាណិតឡេីយ។ ការអាណិតមិនអាចជួយអោយទុក្ខសោករសាយនោះទេ តែវាផ្តល់នូវអារម្មណ៍សង្វេកនិងស្លុតចិត្តទៅវិញ។ ការអាណិតមិនមានប្រយោជន៍សម្រាប់ផ្លូវចិត្តមនុស្សពេលមានទុក្ខសោកនោះទេ។ ឬសគល់នៃករុណាគឺការយល់ចិត្ត (Empathy)និងការគិតគូរយកចិត្តទុកដាក់(Care)។ បែបនេះករុណាកេីតមានបានលុះត្រាតែប្រណិបត្តិការយល់ចិត្តនិងការគិតគូរយកចិត្តទុកដាក់។
៣. មុទិតា មានន័យថា ចេតនានិងសមត្ថភាពនាំមកនូវក្តីត្រេកអរសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សដែលយេីងស្រលាញ់។ បេីខ្លួនឯងមិនទទួលបានក្តីត្រេកអរនោះទេ គឺការផ្តល់ក្តីត្រេកអរសម្រាប់អ្នកដទៃមិនអាចទៅរួចឡេីយ។ ការមានអារម្មណ៍ល្អអំពីខ្លួនឯង គឺជាគ្រឹះនៃមុទិតា មានន័យថា ធ្វេីអោយខ្លួនឯងមានអារម្មណ៍រំភេីបរីករាយចិត្ត។ បែបនេះមុទិតាកេីតមានបានលុះត្រាតែធ្វេីអោយខ្លួនឯងនិងអ្នកដទៃទទួលអារម្មណ៍រំភេីបរីករាយចិត្ត ដោយកាយក្តី វាចាក្តី ឬចិត្តក្តី។
៤. ឧបេក្ខា មានន័យថា មិនរេីសអេីង ទទួលយក។ ឬសគល់នៃឧបេក្ខាគឺការផ្តល់អារម្មណ៍សុវត្ថិភាព ពោលគឺមិនធ្វេីអោយបារម្ភ ព្រួយ ភ័យ ខ្លាច ពោរពេញដោយការជឿជាក់ និងស្ងប់ចិត្ត។ បែបនេះឧបេក្ខាកេីតមានបានលុះត្រាតែផ្តល់ជូនអារម្មណ៍សុវត្ថិភាព។
ឪពុកឬម្តាយគ្រប់រូបខំធ្វេីពលីកម្មនិងលះបង់គ្រប់យ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដេីម្បីភាពរីកចម្រេីននិងអនាគតបវររុងរឿងនៃកូនៗរបស់ខ្លួន។ រីឯទឹកចិត្តឪពុកម្តាយចំពោះកូនពិតជាធំធេងនិងជ្រាលជ្រៅមិនអាចវាស់បាន។
"ខ្ញុំមិនបានទទួលអារម្មណ៍ស្រលាញ់ពីម៉ែ(ម៉ាក់)ទេ... ខ្ញុំមិនបានទទួលអារម្មណ៍ស្រលាញ់ពីពុក(ប៉ា)ទេ..." នេះជាសំដីរបស់បុត្រធីតាដែលរស់នៅខ្វះភាពកក់ក្តៅ ខ្វះសេចក្តីស្រលាញ់ពិត។ នៅពេលឮសំដីរបស់បុត្រធីតាដែលអធិប្បាយថា "កូនមិនទទួលបានក្តីស្រលាញ់ពីខ្លួន" ឪពុកឬម្តាយស្ទេីរគាំងបេះដូង និងស្លុតចិត្តជាខ្លាំង ដែលមានន័យផ្ទុយស្រឡះពីទឹកចិត្តរបស់ខ្លួនចំពោះកូន។
តេីហេតុអ្វីបានជាបុត្រធីតាមិនអាចទទួលបានអារម្មណ៍ស្រលាញ់ពីឪពុកម្តាយ?
ការយល់ដឹងពីអត្ថន័យនិងធាតុនៃក្តីស្រលាញ់គឺជារឿងចាំបាច់។ ពាក្យថា"ស្រលាញ់ៗ..." គឺមនុស្សគ្រប់រូបនិយាយយ៉ាងងាយស្រួល។ កាយ វាចា និងចិត្ត ជាធាតុសំខាន់បំផុតដែលត្រូវរួមបញ្ចូលគ្នា ដេីម្បីបង្ហាញក្តីស្រលាញ់បានពិតប្រាកដ។ ក្តីស្រលាញ់គឺប្រៀបដូចជាផ្ទះ ពេលក្រលេកមេីលពីចម្ងាយ យេីងអាចចង្អុលផ្ទះបាន តែពេលចូលទៅដល់កៀក ពេលយេីងចង្អុលទៅគឺជាទ្វារ ជញ្ជាំង បង្អួច សរសរ...។ ក្តីស្រលាញ់គឺដូចគ្នា ពីព្រោះវាជាអារម្មណ៍ដែលផុសឡេីង ដោយខ្លួនយេីងមិនអាចបញ្ជានឹងបានឡេីយ។ យោងតាមផ្នែកចិត្តសាស្រ្ត ធាតុនៃក្តីស្រលាញ់គឺត្រូវការបំពេញអារម្មណ៍5គឺៈ
- មានតម្លៃ
- យល់ចិត្ត
- គិតគូរពីសុខទុក្ខ
- ផ្តល់អារម្មណ៍សុវត្ថិភាព
- ផ្តល់អារម្មណ៍ត្រេកអរ
ធាតុនៃក្តីស្រលាញ់ខាងលេីអាចផ្តល់ជូនទៅអ្នកដទៃបាន លុះត្រាតែវាមានសម្រាប់ខ្លួនឯងជាមុនសិន។ យេីងមិនអាចផ្តល់ក្តីសុខទៅអ្នកដទៃនៅពេលដែលខ្លួនគ្មានក្តីសុខនោះទេ យេីងមិនអាចផ្តល់ក្តីស្រលាញ់ទៅអ្នកដទៃបានទេ នៅពេលដែលយេីងខ្វះក្តីស្រលាញ់សម្រាប់ខ្លួនឯងនោះ។
ឪពុកម្តាយខ្លះយល់ថា ការលះបង់ឬពលីកម្មរបស់ខ្លួនគឺកូនៗបានទទួល ក្តីស្រលាញ់ដែលមានក្នុងចិត្តគឺកូនៗបានទទួល។ ក្តីស្រលាញ់ពិត គឺជាសភាវ:ដ៏ពិសិដ្ឋដែលអាចផ្តល់ទៅអ្នកដទៃបានលុះត្រាតែបុគ្គលនោះប្រកបដោយសុច្ចរិត ពោលគឺ: កាយ វាចា និងចិត្តត្រូវតែមួយ មានន័យថា ពាក្យសំដី និងទង្វេី គឺឆ្លុះបញ្ចាំងពីចិត្តឬការគិតរបស់ខ្លួនដែលហៅថាមានភាពស្មោះត្រង់។
បែបនេះ ចង់អោយកូនទទួលបានក្តីស្រលាញ់ពិត គឺត្រូវខ្លួនឯងប្រកាន់ខ្ជាប់នូវការស្មោះត្រង់ គឺកាយ វាចា និងចិត្តជាធ្លុងតែមួយ ហេីយត្រូវមានសេចក្តីស្រលាញ់ចំពោះខ្លួនឯង និងបង្កេីតក្តីស្រលាញ់សម្រាប់ខ្លួនឯងជាមុនសិនរវាងឪពុកនិងម្តាយ ទេីបអាចផ្តល់ក្តីស្រលាញ់ដល់កូនៗបាន។ នៅពេលអ្នកទទួលបានក្តីស្រលាញ់សម្រាប់ខ្លួនឯងហេីយ អ្នកនឹងអាចផ្តល់ក្តីស្រលាញ់ពិតដល់កូនបាន ពេលនោះអ្នកនឹងក្លាយជា"ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌៕
ស៊ាង លាប
អ្នកចិត្តសាស្រ្ត
010 573 233
No comments:
Post a Comment