Thursday, May 24, 2018

តើប្រច័ណ្ឌក្នុងសេចក្តីសេ្នហា ព្រោះតែស្រលាញ់មែនឬទេ?

ការប្រច័ណ្ឌជាអារម្មណ៍រំជួលចិត្ត ដែលសំដៅលើគំនិតនិងអារម្មណ៍មិនមាន សុវត្ថិភាព ភ័យខ្លាច ព្រួយបារម្ភ និងថប់បារម្ភ ចំពោះការបាត់បង់ដែលប្រមើ មើលទុកមុនពីអ្វីមួយ ឬពីនរណាមួយ ដែលមានគុណតម្លៃឬសារសំខាន់ ផ្ទាល់ខ្លួនដ៏សម្បើម ជាពិសេសក្នុងទំនាក់ទំនងស្នេហា។


មានមនុស្សជាច្រើនតែងយល់ថា "ប្រចណ័្ឌគឺព្រោះតែស្រលាញ់"

តើការយល់ឃើញបែបនេះ ត្រឹមត្រូវដែរឬទេ?

យោងតាមចិត្តសាស្រ្តស្នេហា បេះដូងបុរសនារី គឺត្រូវការអោយបំពេញ5ចំណុចជូនគ្នាទៅវិញទៅមកដូចខាងក្រោម:

ទី១ ឱ្យតម្លៃ

ធ្វេីឱ្យដៃគូទទួលអារម្មណ៍ថាមានតម្លៃ មានន័យថាទាំងសំដីនិងទង្វេីគឺបង្ហាញអោយដៃគូទទួលអារម្មណ៍ថា គោរពខ្លួននិងអោយតម្លៃខ្លួន។

ទី២ យល់ចិត្តឬយល់អារម្មណ៍

ធ្វេីអោយដៃគូទទួលអារម្មណ៍ថា "យល់ចិត្តឬយល់អារម្មណ៍របស់ខ្លួន" មានន័យថា ដៃគូនោះតែងស្វែងយល់ពីចិត្តឬអារម្មណ៍របស់ខ្លួន ហេីយឆ្លេីយតបត្រូវនឹងតម្រូវការអារម្មណ៍ដែលខ្លួនកំពុងមាន។

ទី៣ យកចិត្តទុកដាក់ (Care)

ធ្វេីអោយដៃគូទទួលអារម្មណ៍ថា មានមនុស្សយកចិត្តទុកដាក់ចំពោះខ្លួន មានន័យថា គឺគិតគូអំពីសុខទុក្ខផ្លូវកាយ អំពីសុខទុក្ខផ្លូវចិត្ត និងអំពីសុខទុក្ខផ្លូវភេទរបស់ដៃគូនោះ ធ្វេីអ្វីគ្រប់យ៉ាងដេីម្បីធានាថាដៃគូដែលខ្លួនស្រលាញ់គឺទទួលបានតម្រូវការទាំង៣។

ទី៤ ផ្តល់អារម្មណ៍សុវត្ថិភាព

ធ្វេីអោយដៃគូទទួលអារម្មណ៍ថា "មានសុវត្ថិភាព" ពោលគឺពេលនៅក្បែរ ធ្វេីអោយមានអារម្មណ៍ស្រស់ថ្លា ជឿជាក់ សុខស្ងប់ មានន័យថាមិនមានអារម្មណ៍ព្រួយ ភ័យ ឬខ្លាចនោះឡេីយ។

ទី៥ ធ្វេីអោយរំភេីបរីករាយចិត្ត

ចេះធ្វេីអោយដៃគូរំភេីបនិងរីករាយ តាមរយ:ការនិយាយស្តីឬទង្វេី ឬព្រឹត្តការណ៍នានា តែអ្វីសំខាន់គឺការនិយាយស្តី។

បន្ទាប់ពីទទួលបាន5ចំណុចខាងលេីគ្រប់គ្រាន់ តម្រូវការផ្លូវភេទកេីតមានដោយស្វ័យប្រវត្តិ ហេីយក៏ទាមទារអោយបំពេញតម្រូវការផ្លូវភេទជូនគ្នាទៅវិញទៅមក។ ទោះជាយ៉ាងនេះក្តី ផ្លូវភេទគឺជាអទិភាពសម្រាប់បុរស ឯសេចក្តីស្រលាញ់គឺជាអទិភាពសម្រាប់នារី។

យោងតាមទ្រឹស្តីចិត្តសាស្រ្តស្នេហាខាងលេី គឺមិនមានធាតុណាមួយអធិប្បាយអំពីពាក្យប្រច័ណ្ឌឡេីយ។ ដូច្នេះ ប្រច័ណ្ឌគឺជាសត្រូវនៃក្តីស្រលាញ់ ពោលគឺកាន់តែប្រចណ័្ឌ គឺកាន់តែធ្វើអោយដៃគូអស់អារម្មណ៍ស្រលាញ់ មានន័យថា វត្តមាននៃការប្រចណ័្ឌគឺកំពុងតែដុតកំឡោចសេចក្តីស្នេហាទៅវិញទេ។ បែបនេះប្រចណ័្ឌគឺមិនមែនព្រោះស្រលាញ់ឡើយ។

សរុបមក "ប្រចណ័្ឌ" គឺបណ្តាលមកពីការខ្លាចបាត់បង់ប៉ុណ្ណោះ។ តាមផ្នែកចិត្តសាស្រ្ត មូលហេតុនៃការប្រចណ័្ឌ គឺជាប់ទាក់ទងនឹងការខ្វះជំនឿចិត្តលើខ្លួនឯង និងការអោយតម្លៃខ្លួនទាប។ ឧទាហរណ៍៖ គូសង្សារឬប្តីប្រពន្ធមួយគូ បើភាគីបុរសប្រចណ័្ឌភាគីនារី មានន័យថា គាត់ខ្លាចនារីបោះបង់ខ្លួនចោល បែបនេះគាត់ខំព្យាយាមហួងហែង និងដាក់គំនាបផ្លូវចិត្ត ដែលជំរុញអោយក្តីស្នេហ៍ក្នុងបេះដូងនារី ធ្លាក់ចុះយ៉ាងគំហុក ព្រោះតែរបៀបគិត និងទង្វើប្រច័ណ្ឌរបស់បុរសនោះ។ បុរសនោះគិត និងប្រព្រឹត្តដូច្នោះ ក្នុងគោលបំណងរារាំង ហួងហែងមិនអោយនារីនោះចេញពីខ្លួនឡើយ តែគាត់មិនបានចាប់អារម្មណ៍ថា គំនិត និងទង្វើប្រច័ណ្ឌ គឺកំពុងតែបំផ្លាញក្តីស្នេហារបស់ខ្លួននោះទេ។ បុរសនេះគឺមានការអោយតម្លៃខ្លួនទាប និងខ្វះការជឿជាក់លើខ្លួនឯង ពីព្រោះបើគាត់មានជំនឿចិត្តថា គាត់មានសមត្ថភាពធ្វើអោយដៃគូជានារីរបស់ខ្លួន ស្រលាញ់ឬលង់ស្នេហ៍ និងគាត់គិតថា គាត់ជាមនុស្សដ៏មានតម្លៃ និងសំខាន់បំផុតក្នុងជីវិតនាងនោះ គឺធ្វើអោយគាត់មានការជឿជាក់លើខ្លួនឯង ព្រមទាំងជឿជាក់លេីនាង ធ្វេីអោយលែងមានអារម្មណ៍ប្រចណ័្ឌមិនខាន។

ជាក់ស្តែង ព្រោះតែការប្រចណ័្ឌ វាបង្កើតអោយមានអារម្មណ៍អវិជ្ជមានដែលមានលក្ខណៈបង្កជាវិនាសសកម្មហួសការស្មាន ដូចជាការបាញ់ ឬចាក់សម្លាប់ភាគីនារី រួចធ្វើអត្តឃាតខ្លួនឯង ការចាក់ទឹកអាស៊ីតលើភាគីបុរសឬនារីជាដើម។

ដូច្នេះការរក្សាអារម្មណ៍ប្រចណ័្ឌក្នុងចិត្ត គឺប្រៀបដូចជាយកភ្លើងមកដុតបំផ្លាញស្នេហារបស់ខ្លួនអញ្ចឹង។

បើដឹងថា ខ្លួនមានអារម្មណ៍ប្រចណ័្ឌ សូមប្រញ៉ាប់ស្វែងរកការជួយពីអ្នកជំនាញចិត្តសាស្រ្ត ដើម្បីរិះរកវិធីជួយឬដំណោះស្រាយ ក្នុងគោលបំណងធ្វេីអោយមានទំនាក់ទំនងស្នេហាល្អប្រសើរធម្មតាវិញ សម្រាប់សេចក្តីសុខ និងសុភមង្គលក្នុងគ្រួសាររបស់ខ្លួន៕

ស៊ាង លាប
អ្នកជំនាញចិត្តសាស្រ្ត
Page: ទំព័រជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ
Facebook: អ្នកជំនាញដោះស្រាយ វិបត្តិស្នេហា បញ្ហាគ្រួសារ

No comments:

Post a Comment