សម្លេងភ្លេងខ្មែរលាន់ឮរងំ ញាតិមិត្តចាស់ទំចូលរួមអបអរ
ជួយផ្តល់សិរីមង្គលបវរ អារម្មណ៍ត្រេកអរក្រាបផ្ទឹមសំពះ។
មុនពេលរៀបការ ញាតិមិត្តចាស់ទុំខិតខំទៅជួបគ្រូហោរដេីម្បីរកវេលាដែលផ្តល់សិរីមង្គល។ ពេលនិយាយពីពិធីផ្សំដំណេក ម្នាក់ៗហាក់អស់សំណេីងផង រំភេីបផង ភ្ញាក់ផ្អេីលផង តែមិនសូវបានចាប់អារម្មណ៍និងគិតពីសារសំខាន់នៃពិធីនេះប៉ុន្មានទេ។ ពិធីផ្សំដំណេកគឺជាពិធីចាំបាច់បំផុតដែលទាក់ទងនឹងសិរីមង្គលដល់គូស្វាមីភរិយា ភាពសុខសាន្ត សេចក្តីសុខនិងសេចក្តីចម្រុងចម្រេីននៃគ្រួសារ ពោលគឺជាប់ទាក់ទងនឹងជោគវាសនាអនាគត។
ជាក់ស្តែងតាមបទពិសោធន៍ដែលទទួលបានពីគូស្វាមីភរិយា ដែលប្រឈមនឹងបញ្ហាមិនចុះសម្រុង រកាំរកូស ដែលចុងបញ្ចប់រហូតដល់ឈានចែកផ្លូវឬលែងលះ គឺសុទ្ធតែមានពិធីផ្សំដំណេកខុសវេលាទាំងអស់។ គូស្វាមីភរិយាខ្លះ មិនអាចផ្សំដំណេកបាន ព្រោះតែកូនកម្លោះផឹកស្រវឹងធ្លាក់ភ្នែកលែងដឹងខ្លួន ខ្លះទៀតហត់នឿយខ្លាំងពេក ខ្លះទៀតកេីតមានរឿងអន់ចិត្តឬកេីតមានទំនាស់ក្នុងពិធី និងគូស្វាមីភរិយាខ្លះទៀត មិនអាចផ្សំដំណេកបានព្រោះកូនក្រមុំមិនស្ម័គ្រចិត្ត ដ្បិតការរៀបការធ្វេីឡេីងដោយការចាប់បង្ខំ គ្មានចិត្តស្រលាញ់ ឬមានម្ចាស់ស្នេហ៍ជាមុនរួចទៅហេីយ។
ទីបំផុត ពិធីផ្សំដំណេកនៅតែកេីតមានឡេីង តែខុសវេលា ដោយសារមានអន្តរាគមន៍ពីចាស់ទុំ ឬព្រួយបារម្ភអំពីរឿងប្តឹងផ្តល់សងថ្លៃបណ្តាការ។ ការខកខានឬខុសវេលាផ្សំដំណេក គឺជាតម្រុយឬសញ្ញាមិនល្អ ឬអពមង្គលប្រាប់អោយដឹងថា គូស្វាមីភរិយាទាំងនេះ គឺប្រឈមនឹងបញ្ហាក្នុងការរៀបចំគ្រួសារមួយដែលប្រកបដោយសេចក្តីសុខចម្រេីនឬសុភមង្គល។
បែបនេះពិធីផ្សំដំណេកគឺជាពិធីសំខាន់ចាំបាច់ជាងគេក្នុងកម្មវិធីនៃការរៀបអាពាហ៍ពិពាហ៍ខ្មែរ ដែលត្រូវគិតគូរនិងយកចិត្តទុកដាក់ ពីព្រោះវាជាប់ទាក់ទងនឹងជោគវាសនាទៅថ្ងៃអនាគត៕
No comments:
Post a Comment