Saturday, December 22, 2018

តេីនរណាជាអ្នកកំណត់អោយមានបញ្ហាផ្លូវចិត្ត?


មនុស្សភាគច្រេីនរមែងបន្ទោសអ្នកដទៃ ឬបញ្ហាដែលបង្កឡេីងដោយអ្នកដទៃ តែពុំបានគិតថា វាពាក់ព័ន្ធនឹងខ្លួនឯងដែលជាអ្នកកំណត់សោះ។
ខ្ញុំលេីកបទពិសោធន៍មួយមកជូនពិចារណាងាយយល់: ខ្ញុំបានស្គាល់នារីម្នាក់ដែលមានវិបត្តិស្នេហា។ នាងបានប្រាប់ខ្ញុំថា ក្រោយបែកបាក់ស្នេហា នាងមានអារម្មណ៍ថា ខ្លួនមិនស្អាត ខ្លួនមិនល្អ មិនបានសាច់ការ ខ្លួនឯងអន់ បានត្រូវសង្សារបោះបង់ចោល។ នាងឈឺចាប់ជាខ្លាំង ឯកោ និងអស់សង្ឃឹមក្នុងជីវិត។
ខ្ញុំបានឆ្លេីយតបទៅកាន់នាងថា ខ្ញុំមានសំណាងណាស់ដែលបានស្គាល់នាង។ នាងប្រតិកម្មតបវិញថា អូហ៍! អញ្ចឹងសំណាង(ជាធម្មតា សំណាងមានន័យថា ទទួលបានអ្វី១ តែសម្រាប់ខ្ញុំ នាងគិតថា មិនបានអ្វីពីនាងសោះ មានតែខាតពេលវេលា បែរជាខ្ញុំនិយាយថាសំណាង)។ ខ្ញុំបានសាកសួរនាងភ្លាមថា បេីមិនអោយខ្ញុំគិតថា សំណាង គឺខ្ញុំមានតែនិយាយថា ជាកម្ម ឬអភ័ព្វ ឬស៊យ ដែលបានស្គាល់គាត់ ពីព្រោះពាក្យគូនឹងសំណាង គឺកម្ម ឬអភ័ព្វ ឬស៊យ ឬចង្រៃ។ បន្ទាប់ពីខ្ញុំសាកសួរ និងលេីកហេតុផលដូច្នេះ គាត់នៅស្ងៀមដោយត្រិះរិះគិត។ ខ្ញុំបន្តសួរគាត់ទៀតថា បេីខ្ញុំគិតថា ខ្ញុំសំណាងដែលបានស្គាល់គាត់ តេីខ្ញុំមានអារម្មណ៍ដូចម្តេច? តែបេីខ្ញុំគិតថា កម្មឬស៊យ ដែលបានស្គាល់គាត់ តេីខ្ញុំមានអារម្មណ៍ដូចម្តេចវិញ? គាត់ក៏ឆ្លេីយតបថា គិតថាសំណាង គឺមានអារម្មណ៍ល្អ គិតថា កម្មឬស៊យ គឺមានអារម្មណ៍មិនល្អ។ ខ្ញុំក៏សួរគាត់បន្ថែមថា ហេតុអីបានខ្ញុំលេីកពីចំណុចនេះមកជជែកជាមួយគាត់? គាត់ឆ្លេីយតបថា អត់ដឹង។ ខ្ញុំក៏បញ្ជាក់ប្រាប់គាត់ថា អ្វីដែលជជែកគឺមានពាក្យគន្លឹះ២ពាក្យគឺ: សំណាង និង កម្ម។ ខ្ញុំសួរបន្តថា តេីអ្នកណាជាអ្នកកំណត់ថា សំណាង ឬកម្ម? គាត់ក៏ឆ្លេីយតបថា គឺខ្លួនយេីង។ ខ្ញុំក៏ថា ប្រពៃណាស់ដែលគាត់បានទទួលស្គាល់ថា គឺខ្លួនយេីងជាអ្នកកំណត់ មានន័យថា ធ្វេីអោយខ្លួនឯងមានអារម្មណ៍ល្អឬផ្លូវចិត្តល្អ គឺខ្លួនយេីងជាអ្នកកំណត់ ធ្វេីអោយខ្លួនឯងមានអារម្មណ៍មិនល្អ ឬផ្លូវចិត្តមិនល្អ ក៏ខ្លួនយេីងជាអ្នកកំណត់។ ខ្ញុំក៏លេីកឡេីងពីបញ្ហារបស់គាត់ដែលគិតថា ខ្លួនអន់ មិនល្អ មិនស្អាត គឺខ្លួនគាត់ជាអ្នកកំណត់។ នៅពេលគិតអញ្ចឹង អារម្មណ៍ក៏មិនល្អតាមនឹងដែរ។ គាត់ក៏យល់ពីចំណុចនេះដែលជាគន្លឹះជួយគាត់អោយឆាប់ធូរស្បេីយពីបញ្ហាផ្លូវចិត្តរបស់គាត់ដែលបណ្តាលមកពីការបាក់បែកស្នេហា។
ក្នុងជីវិតរស់នៅ មនុស្សយេីងប្រឈមបញ្ហាមិនចេះចប់ បញ្ហាខ្លះដោះស្រាយចេញ បញ្ហាខ្លះដោះស្រាយមិនចេញ។ បញ្ហាដែលដោះស្រាយមិនចេញ ធ្វេីអោយបុគ្គលមានបញ្ហាផ្លូវចិត្ត។ តាមពិត បញ្ហាផ្លូវចិត្តឬមិនមានបញ្ហាផ្លូវចិត្ត គឺខ្លួនយេីងជាអ្នកកំណត់។ បញ្ហាក្នុងជីវិតកេីតមានឡេីងមែន តែសំខាន់តេីយេីងអនុញ្ញាតអោយបញ្ហានោះមានឥទ្ធិពលមកលេីផ្លូវចិត្តយេីងកម្រិតណា។ វាប្រៀបជាម៉ាញ៉េឡាន ពេលយេីងចាក់ចម្រៀង គឺប្រៀបដូចជីវិតយេីងមានបញ្ហា។ ទោះជាចម្រៀងកំពុងចាក់ តែខ្លួនយេីងជាអ្នកមូលvolume ចង់អោយវាឮខ្លាំងគឺឮខ្លាំង ឮមធ្យមគឺឮមធ្យម ឮតិចគឺឮតិច មិនអោយឮសម្លេងក៏បាន ទោះបីឌីសចម្រៀងកំពុងplay ក៏ដោយ។
សរុបមក បញ្ហាផ្លូវចិត្តគឺខ្លួនយេីងជាអ្នកកំណត់ដោយខ្លួនឯង អញ្ចឹងកុំតូចចិត្ត ឬបន្ទោសអ្នកផ្សេងថាធ្វេីអោយខ្លួនយេីងមានបញ្ហានោះ៕

No comments:

Post a Comment